ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមពីរនាក់ ក្រោយពីធ្វើការឆក់កាបូប ពីប្រជាពលរដ្ឋ នៅម្តុំវិទ្យា ស្ថានប៉ាស្ទ័រ ខណ្ឌទួលគោក ត្រូវបានកម្លាំង នគរបាល ព្រហ្មទណ្ឌ កម្រិតស្រាល ក្រសួង មហាផ្ទៃ និងសមត្ថកិច្ច មូលដ្ឋាន ប៉ុស្តិ៍ស្រះចក ខណ្ឌដូនពេញ តាមចាប់បានម្នាក់ កាលពីវេលា ម៉ោងប្រមាណ៩យប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣ នេះ នៅខាងក្រោយ ក្រសួងកិច្ចការនារី ក្នុងប្លុកកូឡាបទី១ ភូមិទី១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

អ្នកយកព័ត៌មានដើមអម្ពិល ដែលឃើញហេតុការណ៍ ផ្ទាល់ភ្នែកបាន បាននិយាយថា នៅវេលាម៉ោង កើតហេតុខាងលើនេះ មានជនសង្ស័យចំនួន ពីរនាក់ ដែលជាមុខសញ្ញា ឆក់កាបូប បានជិះម៉ូតូ ម៉ាកស្មាស់មួយគ្រឿង ប្រុងរត់គេចខ្លួន ក្រោយពីធ្វើ សកម្មភាពឆក់កាបូប ពីប្រជាពលរដ្ឋ នៅខណ្ឌទួលគោក ប៉ុន្តែត្រូវបាន កម្លាំងសមត្ថកិច្ច កម្រិតស្រាល ក្រសួងមហាផ្ទៃ ដេញតាមពីក្រោយ ។

សាក្សីបានបន្តថា នៅពេលជនសង្ស័យ ទាំងពីរនាក់ កំពុងជិះម៉ូតូ រត់ចូលតាម ច្រកខាងត្បូង ក្រសួង កិច្ចការនារី លុះជិះបានប្រហែល ២០០ម៉ែត្រ ដោយសារតែមាន សមត្ថកិច្ចតាមពីក្រោយផងនោះ ទើបធ្វើឲ្យ ជនសង្ស័យទាំងពីរ នាក់បានជិះម៉ូតូលឿន រួចទៅបុក គូទរថយន្តស៊ីអរវី ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2H-8996 ដែលចតចោល មុខផ្ទះហើយដួល ក៏ត្រូវសមត្ថកិច្ច ចាប់បានតែម្តង។

សាក្សីបានបន្តទៀតថា នៅពេលសមត្ថកិច្ច ចាប់បាននោះ  មានប្រជាពលរដ្ឋ ជាច្រើននាក់ ដែលរស់នៅ ក្នុងប្លុកកូឡាបទី១ នាំគ្នាស្វាគមន៍មួយដៃមួយជើង ស្ទើស្លាប់ រួចហើយ មន្រ្តីនគរបាលព្រហ្មទណ្ឌ កម្រិតស្រាលម្នាក់ របស់ក្រសួងមហាផ្ទៃម្នាក់ ដែលលើក កាំភ្លើងខ្លីមួយដើម ឡើងលើ បានទាក់ទងទៅ សមត្ថកិច្ចផ្សេងទៀត មកជួយអន្តរាគមន៍ ដោយសារតែមិនអាចទប់ និងការវាយតប់ របស់ប្រជាពលរដ្ឋ បាននោះ។

យ៉ាងណាក៏ដោយ ជនសង្ស័យម្នាក់ ដែលជាអ្នកបើកម៉ូតូ បានរត់គេចខ្លួនបាត់ ពីព្រោះមានសមត្ថកិច្ចម្នាក់ ទៅ២នាក់ ហេតុដូច្នេះ ធ្វើម្តេចនឹងចាប់បាន ហើយកុំតែបាន ប្រជាពលរដ្ឋ ជួយចាប់ជនសង្ស័យ ដែលជិះពីក្រោយ កុំអីក៏រត់គេចខ្លួន បាត់ផងដែរ។

ចំពោះករណីនេះ អ្នកយកព័ត៌មានដើមអម្ពិល ដែលនៅកន្លែងកើតហេតុ មិនអាចសួរនាំ មន្រ្តីនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ក្រសួងមហាផ្ទៃ បាននោះទេ ពីព្រោះមន្រ្តី នគរបាលរូបនេះ បានលើកកាំភ្លើងខ្លីស៊េរីទំនើប ចុះឡើងៗ ដែលអាចរាលកៃ ដោយយថាហេតុ។

ក្រោយចាប់ខ្លួន ជនសង្ស័យម្នាក់នេះ ដែលមិនទាន់ស្គាល់ អត្តសញ្ញាណ រួមនឹងវត្ថុតាង ដូចជា កាបូប និងម៉ូតូរបស់ជនសង្ស័យ ត្រូវបានសមត្ថកិច្ច នាំយកទៅសួរនាំបន្តទៀត តែប្រជាពលរដ្ឋសង្ឃឹមថា សមត្ថកិច្ច នឹងកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ កុំស៊ុំគ្រលុំ ដើម្បីយកផលប្រយោជន៍អ្វី មួយនោះ៕



















ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]