ចូលព្រៃ តំណមអ្វីខ្លះ? ដែលអ្នកគួរតែដឹង ចៀសវាងមានគ្រោះ ដោយមិនដឹងខ្លួន (មានវីដេអូ)

//s5.kh1.co/e2/e2cc6e2e279308f9de0cfd5583dac22440d28e33.jpg
តារា & កម្សាន្ដ

 ១៦-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

សម្រាប់​អ្នក​ដែល​ត្រៀម​ខ្លួន​ចូល​ទៅ ​បោះ​តង់​នៅ​ក្នុង​ព្រៃ​ជ្រៅៗ​គួរ​តែ​យល់​ដឹង​ នូវ​តំណម​មួយ​ចំនួន​ដែល​អាច​ជួយ​ឲ្យ​ចៀស​ផុត​ពី​គ្រោះ​ថ្នាក់​បាន​។

ជំនឿ៖ ក្នុ​ង​ពេល​បច្ចុប្បន្ន​ គេសង្កេត​ឃើញ​ថា ​​ដំណើរ​កម្សាន្ត​ តាម​បែប​ផ្សងព្រេង ​ឬ​បោះ​តង់ នៅ​តាម​តំបន់​ព្រៃ​ភ្នំ ​ហាក់​​កំពុង​តែ​ទទួល​បាន ​នូវ​ប្រជា​ប្រិយ​ភាព​យ៉ាង​ខ្លាំង​ ជាពិសេសពីសំណាក់​យុវវ័យ ដែល​ចង់លំហែ​អារម្មណ៍ ជាមួយ​នឹង​ទេសភាព​ព្រៃ​ភ្នំ​  ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ គយ​គន់​សម្រស់​ធម្មជាតិ​ រំសាយ​ទុក្ខ​កង្វល់​ជាមួយ មិត្តភក្តិ​ជិត​ស្និទ្ធ​​ជាដើម​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូប​តំណាង​
រូប​តំណាង​

តែ​ជាការពិត អ្នក​ដែលនិយម​ចូលចិត្ត​ ​ធ្វើ​ដំណើរកម្សាន្ត​បែបនេះ​​ ក៏​គួរ​តែ​ដឹង​ផងដែរថា ​​នៅ​តាម​តំបន់​ព្រៃ​ភ្នំ​ជ្រៅ​ៗ បើ​តាម​ជំនឿរបស់​ចាស់​ៗ ​តែង​តែហាម​ប្រាណ​ ក៏​ដូច​ជា​មាន​តំណមមួយ​ចំនួន ​ព្រោះ​នៅ​កន្លែង​​ទាំង​នោះ ​គឺ​សុទ្ធ​សឹង​តែ​ជា​កន្លែង ​ដែល​មានម្ចាស់ទឹក​ម្ចាស់​ដី ​នៅ​ចាំ​ថែរក្សា​ដូច​ជា​​​អារុក្ខ អារក្ស ​អ្នក​តា ព្រលឹង​ ព្រាយ​បិសាចជា​ដើម​។ ដូច្នេះហើយ​ទើប​បាន​ជា ​ចាស់​ៗនៅ​ពេល​ដែល​ដឹង​ថា ​មាន​កូន​ចៅ​ត្រូវ​ធ្វើ​ដំណើរ ទៅក្នុង​ព្រៃជ្រៅៗ ​​តែង​តែផ្តាំផ្ញើ​ថា ត្រូវ​ចេះ​ប្រយ័ត្នមាត់​ក ព្រោះ​ការ​ដែល​ភ្លេច​ខ្លួន ​លេង​សើច​មិន​គោរព​ មាត់​ក​មិន​គិត​ មិន​ជឿបែរ​ជា​​ប្រមាថ ​ផ្សេងៗ​នោះ​ នឹង​អាចបង្ក​ទៅ​ជា​គ្រោះ​ថ្នាក់ ​មកដល់​ខ្លួន​ឯងនិង ​អ្នក​ធ្វើ​ដំណើរ​ជាមួយ​គ្នា​បាន។

​លោក វង្ស​ មុនី​រយ​ដាវ​ សាវឌី 
​លោក វង្ស​ មុនី​រយ​ដាវ​ សាវឌី 

ជាមួយគ្នានេះ ​បើ​​តាម​សម្តី​លោក វង្ស​ មុនី​រយ​ដាវ​ សាវឌី ដែល​ជា​គ្រូ​មន្ត​អាគមមួយ​រូប ​បាន​លើកឡើង​​ពាក់​ព័ន្ធ ​នឹង​ជំនឿនេះ​ផងដែរថា​ សម្រាប់​អ្នក​ដែល​ចូល​ចិត្ត ​ទៅ​កម្សាន្ត​ឬ ចូល​ទៅបោះ​តង់​ ក្នុងតំបន់​ព្រៃ​ភ្នំ ​​គួរ​តែ​មាន​នៅ​ការ​ប្រុ​ង​ប្រយ័ត្ន​ខ្ពស់ និង​គួរ​តែដឹង​នៅ​​​តំណមខ្លះៗ​ជាមុន​សិន​ ​មុន​ពេល​ចូល​ទៅ​ក្នុង​ព្រៃ​ភ្នំ។ ហើយ​​តំណម​ទាំង​នេះ មាន​ដូច​ជា៖

​តំណម​ទី​១៖ ទោះបី​ជា​ឃើញ​អ្វី ​ក៏ដោយក៏កុំ​ចង់​ដឹង​ ចង់​លឺ​ ឬ​ទៅ​ប៉ះពាល់​របស់​គេឲ្យ​សោះ​។​ ឧទាហរណ៍៖ ​ដូច​ជា​ស្មៅ​គួច ​ដែល​គេ​ចង់​ដើមឈើ ឬ​របស់​ដែល​គេ​​សែន​ព្រេន​​ ដាក់​ចោល​នៅក្នុង​ព្រៃ​ ព្រោះ​របស់​អស់​ទាំង​នោះ ​ពេលខ្លះ​វា​ជា​សំណែន ដែល​គេ​​សែន ទៅ​ឲ្យ​អ្វី​មួយ​ក៏​ថា​បាន​។

តំណម​ទី​២​៖ ហាម​ដាច់​ខាត​ ឃើញ​អ្វី​ក៏​ដោយ​ សត្វអ្វីក៏​ដោយ​ ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​រឹងមាំ ​កុំ​ស្រែក​ឆោឡោ កុំ​ស្រែកជេរ​កុំ​ប្រទិច​ ព្រោះ​អ្វី​ដែល​យើង​បាន​ឃើញ​នោះ ​អាច​ជា​ព្រលឹង​ខ្មោច ឬអ្នក​តា​ ដែល​ពេល​ខ្លះ ​គេលលេង​នឹង​យើង​​។

តំណម​ទី​៣៖ ​ហាម​ដាច់​ខាត​ ​និយាយ​លេង​ជាមួយ​មិត្ត​ភក្តិ​ ដោយ​សម្តី​អសុរោះ​ ជេរគ្នា ​មិន​សម​រម្យ (ឧទាហណ៍៖ ​អាស្លាប់ ឬអាងាប់​) ជា​ដើម​។ ព្រោះ​រឿង​ហេតុ​​អាច​កើត​ឡើង ​ដូច​ទៅតាមនឹង​ពាក្យដែល​យើង ​បាន​ជេរ​នោះ​ពិត​ប្រាកដ​មែន​។

រូប​តំណាង​
រូប​តំណាង​

តំណម​ទី​៤៖ ហាម​និយាយ​ថា ​កន្លែង​នេះ​ស្អាតណាស់ ​ចង់​រស់​នៅ​ទី​នេះ​។ ព្រោះ​បើ​​និយាយ​បែបនេះ ​គេ​អាច​នឹង​យកយើង​ ទុក​នៅ​កន្លែង​នោះ ​ពិត​ប្រាកដ​មែន​។

តំណម​ទី​៥៖ ហាម​លេង​ល្បែង ដូច​ជា​ល្បែង​ខ្មោច​កំប៉ុង ល្បែងលេង​សួរ​ខ្មោច ព្រោះ​ខ្លាច​មាន​ម្ចាស់​ថែរក្សា ​នៅ​ទីនោះ​ប្រកាន់ ​ធ្វើ​ឲ្យ​យើង​វង្វេង​ផ្លូវ​ ឬ​អាច​ធ្វើ​ឲ្យ​យើង​មាន​គ្រោះ​ថ្នាក់​ណា​មួយ​។

តំណម​ទី​៦៖ ហាម​ចង់​បាន​ របស់​ដែល​នៅ​កន្លែង​នោះ​។ ពេល​ខ្លះ​អ្នក​ថែរក្សា នៅ​កន្លែ​ងនោះ​ គេ​លលេង​ជាមួយ​យើង ​បង្ហាញ​របស់​នេះ​ របស់​នោះ​ ធ្វើ​ឲ្យ​យើង​ចង់បាន តែ​អ្នក​ដែល​ចង់​បាន​របស់​គេ ភាគ​ច្រើន​តែង​មិនដែល​ ​បាន​សុខនោះ​ទេ។

រូប​តំណាង​
រូប​តំណាង​

ចុះ​សម្រាប់​ អ្នក​ដែល​កំពុង​តែ​ធ្វើ​ដំណើរ​នៅ​ក្នុង​ព្រៃ​ ហើយ​ជួប​នៅ​ហេតុ​ការណ៍​ទាំង​អស់​នោះ ​តើ​ពួកគេ​គួ​រតែ​ធ្វើ​បែបណា​ទៅ?

រូប​តំណាង​
រូប​តំណាង​

ដូច្នេះ​សម្រាប់​អ្នក​ដែល​បាន ​ជួបហេតុ​ការ​ណ៍​ និយាយ​​ខុសមាត់​ខុស​ក បាន​ឃើញ​អ្វី​ផ្តេស​ផ្តាស​ ក្នុ​ងពេល​នោះ មាន​វិធី​សាស្ត្រមួយ ​គឺ​​កុំ​ផ្តល់ ​ឥទ្ធិលពល​ទៅ​លើ ​វិញ្ញាណ​ម្ចាស់​ព្រៃ​ខ្លាំង​ពេក។ ហើយ​ចាប់​ផ្តើម​រំលឹក​ដល់ ​គុណ​មាតា​បិតាមុនគេបង្អស់​ ព្រោះ​គ្មាន​អ្វី​ដែល​ល្អ ​និង​ស័ក្កិសិទ្ធិ ​ជាង​បាលី​គុណ​មាតាបិតា ​ទៀត​នោះទេ។ ឬ​ម្យ៉ា​ងទៀត​អាច​លុត​ជង្គង់​សំពះ ​ម្ចាស់​ទឹក​ម្ចាស់​ដី សុំ​ខមាទោស នៅ​អ្វី​ដែល​បាន​ធ្វើ​ខុស។ ក៏ប៉ុន្តែ ​ក្នុង​ពេល​សុំ​ខមាទោស​​នោះ​ ហាម​ដាច់​ខាត ​គឺ​ការសន្យាធ្វើ​ឲ្យ​ជាប់​មាត់​ ជាប់.​ក។

ឧទាហរណ៍៖ ​ដូច​ជា​សន្យា​ថា ​សុំ​ឲ្យ​កូន​ចៅ​សុខសប្បាយ​ ហើយ​ចាំ​កូន​ចៅ​ត្រឡប់​មក ​សែន​ព្រេនឲ្យ​វិញ​​ជាដើម​។ ព្រោះ​អាច​នឹង​ធ្វើ​ឲ្យ​យើង​ មានគ្រោះ​ថ្នាក់​ដោយ​សារ​តែ ​ការ​សន្យា​នោះ​បាន ​ប្រសិន​បើ​យើង​មិន​អាច​ធ្វើ​បាន​ឲ្យ​គេ​។

រូប​តំណាង​
រូប​តំណាង​

យ៉ាង​ណាមិញ ​ទាំងនេះ​គ្រាន់​តែ​ជា​ ការ​ចូល​រួម​ចែក​រំលែក​ នៅ​ជំនឿ​​ និង​តំណមខ្លះ​ៗ ​ដែល​ចាស់​ៗ​បុរាណ​ខ្មែរ​យើង ដែល​ពួកគាត់​​​ធ្លាប់​បាន ​ជួប​ប្រទះ​តែ​ប៉ុណ្ណោះ​។ ជារួម​​សម្រាប់ ​ការ​ជឿ​ឬមិន​ជឿ ​គឺ​អាស្រ័យ​​ទៅ​លើបុគ្គល​ម្នាក់ៗ ​​ក៏ប៉ុន្តែ​បើ​មិន​ជឿ ក៏​សូម​កុំ​ប្រមាថ​ដូចគ្នា​ដែរ៕

សម្តី​លោក​វង្ស​ មុនី​រយ​ដាវ​ សាវឌី
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T