ភ្នំពេញ៖ ខេមរភាសា នៃព្រះរាជាណាចក្រកម្ពុជាគឺ ភាសាខ្មែរ ត្រូវបានបកប្រែជាផ្លូវការហើយ នៅក្នុងគេហទំព័រដ៏ល្បី របស់ពិភពលោក Google Translate ដែលបង្កឲ្យមានការភ្ញាក់ផ្អើល ពីសំណាក់ប្រជាពលរដ្ឋខ្មែរទាំងមូល ដោយមោទកភាពជាតិ នៅពេលដែលដឹងថា ភាសាជាតិរបស់ខ្លួន អាចបកប្រែបាននៅក្នុង Google Translate ទៅជាភាសា ៦៦ផ្សេងទៀត បើទោះបីជាភ្លាមៗ ត្រូវបានគេមើលឃើញថា ការបកប្រែនៅមិនទាន់អាច បកប្រែត្រឹមត្រូវ គ្រប់ជ្រុងជ្រួយនៅឡើយនោះ។

យ៉ាងណាមិញ ការបកប្រែភាសាខ្មែរ នៅក្នុង Google Translate វាជាការបង្ហាញឲ្យឃើញ ជាជំហានដំបូងពីវឌ្ឍនភាពព័ត៌មានវិទ្យា ភាពច្នៃប្រឌិត ដ៏ពិតប្រសព្វរបស់កូនខ្មែរ ដែលឈានទៅរកការរកឃើញ បន្ថែមនិងបង្កើតឲ្យមានការបកប្រែ បានគ្រប់លក្ខណៈពេញលេញ និងត្រឹមត្រូវតាម លក្ខណៈវេយ្យាករណ៍។

ភាសាខ្មែរត្រូវបានរំលេចខ្លួន នៅក្នុង Google Translate ស្ថិតនៅក្នុងចំណោមភាសា ៦៦ផ្សេងទៀត របស់ពិភពលោក មានដូចជាភាសាអង់គ្លេស ចិន បារាំង ក្រិក ឥណ្ឌូនេស៊ី អ៊ីតាលី ជប៉ុន កូរ៉េ ឡាវ រុស្សី អេស្បាញ វៀតណាម និងភាសាថៃជាដើម ដែលអាចបកប្រែដោយស្វ័យប្រវត្តិ នៅក្នុង Google Translate ដែលភាសាខ្មែរអាចបកប្រែ បានទៅជាភាសា៦៦ របស់ពិភពលោកបាន និងភាសាចំនួន៦៦ នោះអាចបកប្រែជាភាសាខ្មែរបាន ស្របពេល ដែលពិភពលោក បាននិងកំពុងមានការអភិវឌ្ឍបច្ចេកវិទ្យាដ៏ទំនើប។

ទាក់ទិនទៅនឹងភាសាខ្មែរ អាចបកប្រែបាននៅក្នុង Google Translate នេះ មានទស្សនៈនានា ពីគ្រប់មជ្ឈដ្ឋានបានបញ្ចេញមតិ ពីបញ្ហានេះរៀងៗខ្លួន ដោយមតិមួយចំនួន បានអបអរសាទរ ធ្វើឲ្យភាសាខ្មែរអាចផុសឡើង នៅលើពិភពលោកបានស្គាល់ និងបានដឹង ងាយស្រួលក្នុងការសិក្សាស្រាវជ្រាវ បកប្រែដោយស្វ័យប្រវត្តិ និងអាចរៀនភាសាអង់គ្លេស រីឯមតិខ្លះថា ធ្វើឲ្យកូនខ្មែរពឹងផ្អែកទាំងស្រុង ទៅលើការបកប្រែក្នុង Google ទៅវិញ ដោយ មិនខិនខំរៀនសូត្រជាដើម។ ចំណែកឯមតិខ្លះទៀត មើលឃើញថា ការបកប្រែនៅមិនអាចយកជាផ្លូវការបានទេ ព្រោះនៅមានឃ្លាឃ្លោងមួយចំនួន មិនទាន់ត្រឹមត្រូវ តាមវេយ្យាករណ៍។

និយាយក្នុងសម្តីសប្បាយរីករាយ ក្នុងនាមនិស្សិតខ្មែរមួយរូប ផ្នែកព័ត៌មានវិទ្យា លោក ប៊ុន សម្ផស្សនរលក្ខណ៍ សិក្សានៅវិទ្យាស្ថានស៊ីតិច បានឲ្យ ដឹងថា ភាសាខ្មែរអាចត្រូវបានបកប្រែ ទៅជាភាសា ៦៦ផ្សេងទៀត របស់ពិភពលោក ជាពិសេសពីភាសាអង់គ្លេសនិងខ្មែរ និងខ្មែរពីភាសាអង់គ្លេស នៅក្នុង Google Translate ជាការបង្ហាញឲ្យឃើញថា ភាសាខ្មែរស្ថិតនៅក្នុងសកលភាវូបនីយកម្ម ដែលពិភពលោកទទួលស្គាល់ ព្រមទាំងជាការ ជំនួយដល់ការសិក្សា និងការស្រាវជ្រាវដែលឯកសារមួយចំនួនធំ ជាភាសាអង់គ្លេស។

និស្សិតមួយរូបនេះនិយាយថា “វាមានអត្ថប្រយោជន៍ច្រើនណាស់ និយាយរូមវាជាជំនួយបន្ថែមក្នុងការសិក្សា និងស្រាវជ្រាវក្នុង Google តែយ៉ាងណា ការបកប្រែ នៅមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយ ពាក្យខ្លះនៅខុស និងមិនត្រឹមត្រូវតាមវេយ្យាករណ៍។ តែជំហានដំបូងវាបានបង្ហាញ ឲ្យឃើញពី មោទកភាពភាសាជាតិរបស់ខ្លួន ដែលអាចផុសខ្លួនក្នុងការបកប្រែ ទៅជាភាសា៦៦ផ្សេងទៀតរបស់ពិភពលោក”។

និស្សិតរូបនោះបានបន្ថែមថា វាជាមោទកភាពរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល ដែលអ្នកជំនាញព័ត៌មានវិទ្យា មួយក្រុមបានខិតខំសិក្សានិងស្រាវជ្រាវ ច្នៃប្រឌិតបង្កើតឲ្យមានភាសាខ្មែរនៅក្នុង Google Translate ដែលអាចដាក់បញ្ជូលភាសាខ្មែរ ទៅសង្គមអន្តរជាតិតាមរយៈបច្ចេកវិទ្យាទំនើប នាពេល សម័យបច្ចុប្បន្ននេះ។

រីឯយុវនារីខ្មែរមួយរូបទៀត ឈ្មោះ សឹង ឡេងចេង ជានិស្សិតបញ្ចប់បរិញ្ញាប័ត្រ ផ្នែកភាសាអង់គ្លេសនៅសាកលវិទ្យាល័យបញ្ញាជាតិ បាននិយាយ ស្រដៀងគ្នាថា នេះជាលើកដំបូងហើយ ដែលភាសាខ្មែរអាចបកប្រែបាននៅក្នុង Google Translate វាបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋខ្មែរ និស្សិតខ្មែរ គ្រប់រូបក្នុងការបកប្រែ។

យុវនារីនេះបញ្ជាក់ថា “យើងដឹងហើយថា ឯកសារមួយចំនួន ភាគច្រើនជាភាសាអង់គ្លេស និងភាសាមួយចំនួនទៀត ឥលូវយើងអាចបកប្រែភាសា ទាំងនោះបានជាភាសាខ្មែរ វាបង្កឲ្យមានលក្ខណៈងាយស្រួល ហើយបញ្ជាក់ថា ភាសាខ្មែរត្រូវបានពិភពលោកស្គាល់ និងបានដឹងតាមរយៈ Google Translate”។

ផ្ទុយទៅនឹងទស្សនៈខាងលើ អ្នកគ្រូភាសាអង់គ្លេសម្នាក់ឈ្មោះ សុខ បួយ បង្រៀន នៅសាកលវិទ្យាល័យមួយបានសម្តែងទស្សនៈថា ទន្ទឹមនឹង ផលវិជ្ជមានរបស់ភាសាខ្មែរនៅក្នុង Google Translate វាក៏មានផលអវិជ្ជមានខ្លះផងដែរ វាធ្វើឲ្យពលរដ្ឋខ្មែរមួយចំនួន ពឹងផ្អែកទាំងស្រុង ក្នុងការ ប្រើប្រាស់ Google Translate “គាត់អត់សូវបានប្រើប្រាស់ វិញ្ញាណគិតផ្ទាល់ខ្លួន ក្នុងការសិក្សាភាសាអង់គ្លេស ឬភាសាដទៃទេ គាត់បែរជាពឹងផ្នែក ទាំងស្រុងទៅលើការបកប្រែក្នុង Google Translate”។

យ៉ាងណាក៏ដោយ អ្នកគ្រូភាសាអង់គ្លេសរូបនេះ យល់ឃើញថា វាមិនជះឥទ្ធិពលប៉ះពាល់ធំធេង ទៅការបង្រៀនភាសាអង់គ្លេស ឬក៏អ្នកឯកទេសបក ប្រែនោះទេ ព្រោះពលរដ្ឋខ្មែរនៅតែរៀនភាសាអង់គ្លេស និងត្រូវការអ្នកបកប្រែជំនាញ។

លោក ហេង សុវណ្ណ អ្នកឯកទេសបង្កើត Software នៃ Global Developer Group ត្រូបានដកស្រង់សម្តីឲ្យដឹងថា ការបកប្រែក្នុងភាសាខ្មែរ Google Translate នឹងដាក់ឲ្យប្រើប្រាស់យ៉ាងយូរក្នុងឆ្នាំ២០១៣ ដែលបានធ្វើការស្រាវជ្រាវជាង៥ឆ្នាំកន្លងមក តែយ៉ាងណាវាស្ថិតនៅក្នុងការសាកល្បងដំបូង នៅឡើយ។

សូមជម្រាបថា នេះជាលើកទីមួយហើយ ដែលភាសាខ្មែរត្រូវបានបញ្ជូលក្នុង Google Translate ដែលអាចបកប្រែពីភាសាខ្មែរ ទៅភាសា៦៦ នៅលើ ពិភពលោក និងពីភាសា៦៦ ទៅជាភាសាខ្មែរតាមរយៈប្រព័ន្ធ Internet បើទោះបីវាមិនទាន់អាចប្រើប្រាស់ជាផ្លូវការ និងត្រឹមត្រូវតាមឃ្លាឃ្លោង ពេញ លេញក៏ដោយ តែវាដោះស្រាយ និងប្រើប្រាស់បានមួយចំនួនធំ ក្នុងការបង្កលក្ខណៈងាយស្រួល ដែលនេះជាមោទកភាពចំពោះខេមរភាសាខ្មែរ បន្ទាប់ពី យូនីកូដខ្មែរ ដែលអាចប្រើប្រាស់ បានយ៉ាងទូលំទូលាយ ក្នុងប្រព័ន្ធបច្ចកវិទ្យា៕



ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីត