ភ្នំពេញ៖  ក្រោយពីជួបគ្រោះថ្នាក់ ចរាចរណ៍ ត្រូវរថយន្តស្ទូច មួយគ្រឿង បុកស្លាប់ កាលពីវេលា ម៉ោង១១:១០នាទី ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣ នៅលើផ្លូវ លេខ២១៧ ត្រង់ចំណុច មុខយានដ្ឋាន អ៊ឹងគាងម៉ា ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ រហូតមកដល់ ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣នេះ ជនរងគ្រោះមិនទាន់ ត្រូវបានស្គាល់អត្តសញ្ញាណ នៅឡើយទេ ហើយក៏មិនទាន់ឃើញ សាច់ញាតិរបស់គេ មកទទួលសពនៅ ឡើយដែរ ។

 ដូច្នេះមន្រ្តី នគរបាល ចរាចរ ជើងគោក រាជធានីភ្នំពេញ បានធ្វើការ អំពាវនាវដល់ ស្វែងរកសាច់ញាតិ ជនរងគ្រោះ ហើយអញ្ជើញ មកទាក់ទង សមត្ថកិច្ច ដើម្បីទទួលយកសពជនរងគ្រោះទៅធ្វើបុណ្យតាមប្រៃណី។

សូមបញ្ជាក់ថា នៅវេលាម៉ោងកើតហេតុ ខាងលើ មានករណី គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្ត ប្រភេទស្ទូច ម៉ាក HINO ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 3A-3293 បើកបរ ដោយឈ្មោះ ហ៊យ គឹមសៀង  ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅផ្ទះលេខ ១៦៨ ភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានធ្វើដំណើរតាម បណ្តោយផ្លូវ លេខ២១៧ ពីទិសខាងត្បូងមកជើង លុះមកដល់ ចំណុចកើតហេតុ ខាងលើ ស្រាប់តែមាន បុរសម្នាក់ បានរត់ឆ្លងផ្លូវពី ខាងកើតមកលិចចូលទទឹង រថយន្តខាងលើ ក៏ត្រូវកង់ក្រោយ រថយន្តកិនស្លាប់ភ្លាម តែម្តង។

សមត្ថកិច្ចបានបន្តថា  ក្រោយពេល កើតហេតុ រថយន្តបានបន្តដំណើរ ទៅមុខប្រហែល២០០ម៉ែត្រ ទើបសមត្ថកិច្ចឃាត់ជាប់ ។

បើតាមមន្រ្តី នគរបាលចរាចរ ជើងគោក បានឲ្យដឹងថា ភិនភាគសពមាន សម្បុរស្រអែម អាយុ ប្រហែល៣០ឆ្នាំ ស្លៀកខោខូវប៊យ ជើងវែង អាវយឺតខ្មៅ ដៃវែង និងពាក់ស្បែកជើង ផ្ទាត់ពណ៌ស លាយខៀវ  ហើយរហូតមកដល់ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣នេះ មិនទាន់មាន សាច់ញាតិមក ទទួលយកសព នៅឡើយទេ គ្រាន់តែដឹងថា ជនរងគ្រោះរូបនេះ បានធ្វើដំណើរមកពី ខេត្តតាកែវ។

បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបាន តម្កល់ទុកនៅ វត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយឡែក វត្ថុតាងរក្សា ទុកនៅការិយាល័យ នគរបាលចរាចរណ៍ ផ្លូវគោក ដើម្បីចាត់ការ បន្តទៀត







ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]