នៅពេលដែលក្មេងៗបានទិញកូនត្រីមាសពីរ មកចិញ្ចឹមក្នុងទូកញ្ចក់ លោក Richard Wright ដែលជាជីតា និងម្ចាស់ផ្ទះបានគិតថា ត្រីទាំងពីរនេះ អាចរស់បានយ៉ាងហោចណាស់ ប៉ុន្មានខែតែប៉ុណ្ណោះ។

ក៏ប៉ុន្តែ ត្រីទាំងពីរនេះបានបង្ហាញឲ្យលោក Richard ដឹងថា ការគិតរបស់គាត់គឺខុសហើយ ដោយពួកគេអាចរស់បានរហូតដល់ ៣៥ឆ្នាំ ពីឆ្នាំ ១៩៧៧ រហូតដល់ ២០១៣នេះ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ត្រីទាំងពីរនេះមានឈ្មោះថា Splish និង Splash ដែលជាត្រីមានអាយុវែងបំផុត ក្នុងប្រទេសអង់គ្លេស។ លោក Richard មានអាយុ ៦៨ឆ្នាំ បាននិយាយប្រាប់អ្នកកាសែតថា គាត់បានឃើញត្រី Splish ដេកងាប់នៅក្នុងទូចិញ្ចឹមត្រី ហើយចំណែកឯ Splash នៅហែលធម្មតា។ គាត់ពិតជាសោកស្ដាយខ្លាំងណាស់ ព្រោះវាបាននៅជាមួយគាត់ លើសពីពាក់កណ្ដាលជីវិតទៅហើយ។ លោក Richard និងប្រពន្ធរបស់គាត់ Ann មើលថែរក្សា Splish និង Splash តាំងពីកូនរបស់គាត់ទិញវាមកម្ល៉េះ ហើយពេលនោះកូនរបស់គាត់ មានអាយុ ៦ឆ្នាំ តែឥលូវនេះពួកគេ ៤០ឆ្នាំជាងទៅហើយ។

លោក Richard បានប្រាប់ថា គាត់មិនបានធ្វើអ្វីជាពិសេសនោះទេ គ្រាន់តែឲ្យចំណីវាធម្មតាតែប៉ុណ្ណោះ។ នៅ៣ ៤ឆ្នាំចុងក្រោយនេះ គាត់សង្កេតឃើញថា សម្បុលពណ៌មាសរបស់វាបានប្រែទៅជាស ហើយស្រការក៏បានជ្រុះបន្តិចម្ដងៗ។ យោងតាមឯកសារអ្នកវិទ្យាសាស្រ្ដបានបង្ហាញថា ជាធម្មតាត្រីមាស (Goldfish) អាចរស់បានពីអាយុ៥ ទៅ ១៥ឆ្នាំ បើយើងចិញ្ចឹមវាក្នុងទូកញ្ចក់ដូច Splish និង Splash តែមិនសង្ឃឹមថាវាអាចរស់លើសពី ១០ឆ្នាំនោះទេ។ គេសង្ឃឹមថា Splash អាចរស់បានយូរទៀត ព្រោះមានត្រីមាស (Goldfish) មួយឈ្មោះ Tish អាចរស់បាន ៤៣ឆ្នាំ ដែលបានស្លាប់កាលពីឆ្នាំ ២០០៥កន្លងទៅនេះ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះការចិញ្ចឹមត្រីក្នុងផ្ទះ?









កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]