របកគំហើញដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានបង្ហាញថា ក្រពើបុរាណអាចធ្វើដំណើរលើគោក ដោយប្រើជើងពីរ

//s5.kh1.co/cb/cb3a5db666c6f923167036a5658e9046060e17b5.jpg
បច្ចេកវិទ្យា

 ១២-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

វាជាលើកដំបូងហើយ ដែលដំណើរបែបនេះ ត្រូវបានគេប្រទះឃើញនៅខ្សែស្រឡាយរបស់ក្រពើបុរាណ ដែលជាធម្មតា ក្រពើសម័យបច្ចុប្បន្នដើរដោយប្រើជើងបួន។

កូរ៉េខាងត្បូង៖ អ្នកជំនាញផ្នែកសត្វបុរាណបាននិយាយថា ស្នាមជើងពីបុរាណដែលបានបង្កប់ នៅក្នុងថ្ម នៅប្រទេសកូរ៉េខាងត្បូង ទំនងជាក្រពើបុរេប្រវត្តិ ដែលបានដើរដោយប្រើជើងពីរ។ វាជាលើកដំបូងហើយ ដែលដំណើរបែបនេះ ត្រូវបានគេប្រទះឃើញនៅខ្សែស្រឡាយរបស់ក្រពើបុរាណ ដែលជាធម្មតា ក្រពើសម័យបច្ចុប្បន្នដើរដោយប្រើជើងបួន រួមទាំងសត្វក្រពាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបគូរដោយវិចិត្រករ
រូបគូរដោយវិចិត្រករ

ស្នាមទាំងនេះត្រូវបានរក្សាទុកយ៉ាងល្អ រួមមានស្នាមជើងដែលមានប្រវែង ១៨សង់ទីម៉ែត្រទៅ២៤សង់ទីម៉ែត្រ ដែលអាចបង្ហាញថា វាមានដងខ្លួនរហូតដល់៣ម៉ែត្រ។ ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបាននិយាយថា ស្នាមជើងទាំងនេះទំនងជារបស់ក្រពើបុរាណ ដែលត្រូវបានគេដាក់ឈ្មោះឲ្យថា Batrachopus grandis។

ស្នាមជើងរបស់វា ដែលមានទំហំពី១៨ទៅ២៤សង់ទីម៉ែត្រ
ស្នាមជើងរបស់វា ដែលមានទំហំពី១៨ទៅ២៤សង់ទីម៉ែត្រ

ក្រពើ Batrachopus grandis អាចនឹងរស់នៅជាង១០០លានឆ្នាំមុន ហើយពួកវាភាគច្រើនបានរស់នៅលើគោក ជាជាងនៅក្នុងទឹក ខុសពីកូនចៅជំនាន់ក្រោយរបស់វា។ វាអាចទៅរួច ដែលសត្វប្រភេទនេះអាចដើរជើងពីរ ប៉ុន្តែក៏អាចដើរជើងបួនបានផងដែរ។

គេគិតថា ក្រពើបុរាណនេះអាចមានប្រវែងដងខ្លួន រហូតដល់៣ម៉ែត្រ
គេគិតថា ក្រពើបុរាណនេះអាចមានប្រវែងដងខ្លួន រហូតដល់៣ម៉ែត្រ

មិនមានសត្វក្រពើបុរេប្រវត្តិដែលដើរជើងពីរ ត្រូវបានគេរកឃើញនៅសម័យនេះទៀតឡើយ បើទោះបីជាការសិក្សាបានបញ្ជាក់ថា ក្រពើដែលដើរជើងពីរចាប់ផ្ដើមមានវត្តមាននៅលើផែនដី តាំងពី២៥០លានឆ្នាំមុន។

មុននឹងឈានដល់ការសន្និដ្ឋាន ក្រុមអ្នកជំនាញខាងផ្នែកសត្វបុរាណបានពិភាក្សារួចហើយ ថាតើជើងពីរនៅខាងមុខរបស់វា មិនបានជាន់ដីខ្លាំង ដូចជើងពីរនៅខាងក្រោយ ឬសត្វនេះកំពុងហែលទឹក នៅពេលវាបង្កើតស្នាមទាំងនេះឡើង៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T