កំពង់ចាមៈ ស្ត្រីជាអាជីវករ លក់គ្រឿងកាឡៃម្នាក់ ត្រូវបានបុរស៣នាក់ ព្រួតគ្នាយកដុំថ្មវាយកំទេចទូរលក់ គ្រឿងកាឡៃ និងគ្រឿងក្រអូបនៅ កណ្តាលផ្សារជីមាន់ បណ្តាលមកពី មានការប៉ះទង្គិចពាក្យ សម្តីជាមួយកូនស្រី ក្រុមគ្រួសារ នោះបន្តិចបន្តួច។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិជីមាន់ ឃុំក្រែក ស្រុកពញាក្រែក ខេត្តកំពង់ចាម ។ អ្នកស្រី នី គីមច្រឹប អាយុ៣៥ឆ្នាំ ជាជនរងគ្រោះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែមេសា គាត់បានប៉ះទង្គិចពាក្យសម្តីជាមួយនារីម្នាក់ នៅក្នុងផ្សារជីមាន់ លុះដល់វេលាម៉ោង១០ និង៣០នាទីថ្ងៃដដែល ស្រាប់តែឈ្មោះ ប៊ូ ហ៊ាន បានទូរស័ព្ទហៅកូនប្រុសគាត់២នាក់ទៀត មកព្រួតគ្នាយកដុំថ្ម វាយកម្ទេចទូលក់គ្រឿងកាឡៃ និងលក់គ្រឿងក្រអូប របស់គាត់ខ្ទេចអស់ ដែលក្រោយពីបានធ្វើសកម្មភាព ឈ្មោះ លាងសេង និងឈ្មោះ ជីវ៉ា បាននិយាយថា «ទៅប្តឹងចុះ ក្នុងស្រុកពញាក្រែកនេះ គ្មាននរណាហ៊ានចាប់គេទេ»។

 អ្នកស្រី គីមច្រឹប បានឲ្យដឹងទៀតថា ក្នុងករណីខាងលើនោះ អ្នកស្រីបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចនគរបាលស្រុកពញាក្រែក ប្តឹងពីបុរសចំនួន៣នាក់ដែលបានព្រួតគ្នាយកដុំថ្ម វាយទូរលក់ឥវ៉ាន់របស់គាត់ .ទី១មានឈ្មោះ ប៊ូ ហ៊ាន(ត្រូវជាឪពុកក្មេក).ទី២ ឈ្មោះ ហ៊ាន លាងសេង (ជាប្តីគាត់មិនទាន់ លែងលះ ដល់តុលាការ). និងទី៣ ឈ្មោះ ហ៊ាន ជីវ៉ា (ត្រូវជាប្អូនថ្លៃ) .អ្នកទាំង៣មានទីលំនៅក្នុងភូមិ ជីមាន់ ឃុំក្រែក ស្រុកពញាក្រែកជាមួយគ្នា ។ អ្នកស្រី គីម ច្រឹប បានរំលឹកពីសាវតា រវាងអ្នកស្រី ជាមួយបុរសទាំង៣នាក់នោះឲ្យដឹងថា កាលចុងឆ្នាំ២០០៨ អ្នកស្រីបានរៀបការជាមួយបុរសឈ្មោះ លាងសេង រហូតដល់ចុងឆ្នាំ

២០០៩ ប្តីរបស់គាត់ឈ្មោះ លាងសេង បានទៅជួយធ្វើការឪពុករបស់គាត់ឈ្មោះ ប៊ូ ហ៊ានរហូត ។លុះបន្តបន្ទាប់មកថ្វីត្បិត តែមានភាពរកាំរកុះខ្លះ ប៉ុន្តែប្តីគាត់នៅមានការទំនាក់ទំនងជាធម្មតា រហូតដល់ខែ ០៤ ឆ្នាំ២០១១ ប្តីគាត់បានយកម៉ូតូ មួយគ្រឿងម៉ាកវេវ ចេញពីផ្ទះបាត់ បន្ទាប់មកទៀត នៅខែ ០៤ ឆ្នាំ២០១២ ប្តីរបស់គាត់ បានយកម៉ូតូម៉ាកឌ្រីសង់ ០១២មួយគ្រឿងទៅលក់បាត់ទៀត។អ្នកស្រីបានអះអាងថា  ម៉ូតូទាំង២គ្រឿងនោះ គឺជាប្រាក់អ្នកស្រីរកស៊ី ទិញបានតែម្នាក់ឯង ។ ហើយចំណងអាពាហ៍ពិពាហ៍ អ្នកស្រីបានកូន ប្រុស ១ មានអាយុ៦ខែប៉ុណ្ណោះ ចំណែក ប្តីគាត់នៅមិនទាន់បានលែងលះដាច់ស្រេចនោះទេមកដល់

ពេលបច្ចុប្បន្ននេះ។ ទាក់ទិនទៅករណីខាងលើនោះ ដើមអម្ពិលនៅមិនអាចសុំការបំភ្លឺពីភាគីបុរស៣នាក់នោះបានទេ ប៉ុន្តែទោះជាយ៉ាងនោះក្តី លោក វរសេនីយ៍ត្រី ប្រាក់ ប៊ុនណុន អធិការនគរបាល ស្រុកពញាក្រែក បានប្រាប់ឲ្យតាមទូរស័ព្ទ នៅរសៀលថ្ងៃ១៨ ខែមេសានេះថា លោក បានទទួលពាក្យបណ្តឹងរបស់នារីអាជីវករនោះ ហើយ និងបានបញ្ជាមន្ត្រីនគរបាលជំនាញចុះពិនិត្យកន្លែងកើតហេតុដើម្បីចងក្រងសំណុំរឿងទៅតាមនិតិវិធី  ។ លោក អធិការបន្តថា ចំពោះករណីខាងលើនោះ លោក បានពិនិត្យមើលអង្គហេតុ មានពាក់ព័ន្ធ

ក្នុងរឿងអាពាហ៍ពិពាហ៍ផង ដូច្នេះ ករណីនេះ លោក និងចងក្រងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាមដើម្បីចាត់ការបន្ត៕









ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]