ភ្នំពេញ៖ យុវជនស្ម័គ្រចិត្ត សម្តេចតេជោ ហ៊ុន សែន ចុះវាស់វែងដីធ្លីម្នាក់ បានរងរបួសធ្ងន់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ កាលពីរសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៣ ហើយដោយសារតែ ស្ថានភាព របួសធ្ងន់ធ្ងរពេក ជនរងគ្រោះ ត្រូវបានសាច់ញាតិ និងបងប្អូនដឹកចេញ ពីមន្ទីរពេទ្យកាល់ម៉ែត ឆ្ពោះទៅកាន់ ប្រទេសវៀតណាម កាលពីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣។

យុវជនស្ម័គ្រចិត្ត សម្តេចតេជោ ដែលរងគ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ មានឈ្មោះ ទុយ វណ្ណពន្លក អាយុ២៩ឆ្នាំ រស់នៅ ផ្ទះលេខ១៤ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយមុនពេលមាន គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ ជនរងគ្រោះជា ក្រុមយុវជនស្ម័គ្រចិត្ត ទី១២០សេ ចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ នៅឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

សូមរម្លឹកថា កាលពី រសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៣ កន្លងទៅ ស្ថិតនៅលើកំណាត់ ផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ២៣ ខាងកើតផ្សារ ថ្នល់ទទឹង ស្រុកអង្គស្នួល ខេត្តកណ្តាល ខណៈជនរងគ្រោះ កំពុងជិះម៉ូតូតែម្នាក់ ស្រាប់តែ មានរថយន្ត កាម៉ារីពីរគ្រឿង បើកក្នុងល្បឿនលឿន ដោយប្រជែងគ្នា រួចហើយ ក៏ជ្រុលទៅបុកជនរងគ្រោះបណ្តាល ឲ្យដួល នៅនឹងកន្លែងកើតហេតុ សន្លប់ស្តូកស្តឹង រងរបួសធ្ងន់តែម្តង ។

សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ នៅកន្លែងកើហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ជិះម៉ូតូ មួយគ្រឿង ម៉ាក សេ១២៥ ស៊េរី២០១១ពាក់ស្លាកលេខ 1AS-6557 លុះមកដល់ចំណុច កើតហេតុ ស្រាប់តែមាន រថយន្តកាម៉ារីឆ្លាម ចំនួន២គ្រឿង មួយគ្រឿងពណ៌ទឹកប្រាក់ និងមួយគ្រឿងទៀត ម៉ាកត្រីឆ្លូញមិនចាំស្លាកលេខ បើកយ៉ាងលឿន ប្រជែងគ្នា រួចក៏ជ្រុលទៅបុក ជនរងគ្រោះបណ្តាលឲ្យដួលសន្លប់នៅ នឹងកន្លែងកើតហេតុ។

សាក្សីបានបន្តទៀតថា ក្រោយកើតហេតុ អ្នកបើក រថយន្តកាម៉ារីឆ្លាម ទាំងពីរគ្រឿង បានបើកគេច តែរថយន្ត ពណ៌ទឹកប្រាក់ បែកកង់ទៅមុខលែងរួច ទើបសមត្ថកិច្ច ចាប់បាន ប៉ុន្តែរថយន្តកាម៉ារីឆ្លាម មួយគ្រឿងទៀតពណ៌ត្រីឆ្លូញ បានបើករត់បាត់ ។

ក្រោយកើតហេតុ គេសង្កេតឃើញ សមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ ដោយឡែក ជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់ គ្លីនិចមួយនៅក្បែរ កន្លែងកើតហេតុ តែដោយសារតែស្ថានភាព ធ្ងន់ធ្ងរ ទើបបញ្ជូនទៅកាន់ មន្ទីរពេទ្យកាល់ម៉ែត ។ ប៉ុន្តែដោយសារតែស្ថានភាព មុខរបួសកាន់តែធ្ងន់ធ្ងរឡើងៗ ទើបសាច់ញាតិ ជនរងគ្រោះ បានសម្រេចបញ្ជូន ជនរងគ្រោះ ទៅកាន់ប្រទេសវៀតណាម បន្តទៀតកាលពី រសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣ ។

ដោយឡែក ជនបង្កគ្រោះថ្នាក់ចរាចរណ៍ ខាងភាគីរថយន្ត សាច់ញាតិជនរងគ្រោះ មានជំនឿលើ សមត្ថកិច្ចថា នឹងចាត់ការតាមផ្លូវច្បាប់ ជៀសវាង ការអន្តរាគមន៍ ណាមួយដែលកើត ឡើងនោះ៕



ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]