អង់គ្លេស៖ ស្ត្រីជាម្ដាយម្នាក់ មានឈ្មោះថា ជេនណេត ក្រឺន វ័យ៤៧ឆ្នាំ និងសព្វថ្ងៃមានកូនចំនួនពីរនាក់ បានយកកាំបិតចាក់មិត្តប្រុសរបស់ខ្លួន ព្រោះតែខឹងមិត្តប្រុសផ្ញើសារ «រីករាយថ្ងៃកំណើត» ជំនួសពីការតេតាមទូរសព្ទ។ ហេតុការណ៍នេះ បានកើតឡើងតាំងពីឆ្នាំ២០១៩មកម៉្លេះ ហើយថ្មីៗនេះ ទើបតែសម្រេចផ្តន្ទាទោស។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃកើតហេតុគឺ ជាថ្ងៃកំណើតគម្រប់វ័យ៤៦ឆ្នាំរបស់អ្នកស្រី ជេនណេត ហើយលោក អេឡេន ភៀរ ដែលត្រូវជាមិត្តប្រុស បានផ្ញើសារ «រីករាយថ្ងៃកំណើត» ជំនួសពីការតេតាមទូរសព្ទ ដែលធ្វើឲ្យអ្នកស្រី ជេនណេត មានការខឹងសម្បារយ៉ាងខ្លាំង និងគិតថាលោក ភៀរ លួចមានទំនាក់ទំនងស្នេហាជាមួយស្រីផ្សេង។

ក្រោយពីឆ្លើយតបសារថា «អរគុណ» រួចមក អ្នកស្រី ជេនណេត បានធ្វើដំណើរទៅកាន់ផ្ទះល្វែងជាន់ទី៣របស់លោក ភៀរ ដើម្បីទាមទាររកមូលហេតុដែលមិនទូរសព្ទទៅរកអ្នកស្រីផ្ទាល់។ យ៉ាងណាមិញ ដោយមិនអាចទប់នឹងកំហឹងរបស់ខ្លួនបាន អ្នកស្រី ជេនណេត បានយកកាំបិតផ្ទះបាយប្រវែងប្រមាណ១៥អុីញ ចាក់លោក ភៀរ

លោក ភៀរ បានព្យាយាមទំនាក់ទំនងទៅកាន់ប៉ូលិសដើម្បីសុំជំនួយ ទាំងដែលអ្នកស្រី ជេនណេត កំពុងឈរយ៉ាងស្ងៀមស្ងាត់មើលលោកហូរឈាមដួលទៅលើឥដ្ឋ ស្ទើរតែដាច់សរសៃឈាមស្លាប់។

ក្រោយមកទៀត លោក ភៀរ ក៏ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ និងទទួលការវះកាត់ជាបន្ទាន់សម្រាប់របួសដ៏ជ្រៅរបស់លោក ប៉ុន្ដែរយៈមួយឆ្នាំកន្លងមកនេះ គាត់មានបញ្ហានៅពេលធ្វើចលនាដៃខាងស្ដាំម្ដងៗ។ ហើយការវះកាត់នឹងអាចធ្វើឡើងម្ដងទៀតនៅពេលខាងមុខផងដែរ។ ជាមួយគ្នានេះ អ្នកស្រី ជេនណេត ក៏បានព្រមសារភាពថា ខ្លួនពិតជាបានបង្ករបួសស្នាមដល់រាងកាយរបស់លោក ភៀរ ដោយចេតនាពិតមែន។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក ភៀរ បានឲ្យដឹងថា លោក និងអ្នកស្រី ជេនណេត បានជួបគ្នាតាមរយៈការងារក្នុងខែឧសភា ឆ្នាំ២០១៧ ហើយទំនាក់ទំនងមិត្តភក្ដិក៏ចាប់ផ្ដើមមានសន្ទុះយ៉ាងលឿន រហូតឈានដល់ស្នេហា។ ហើយក្នុងខែសីហា ឆ្នាំ២០១៧ លោកកត់សម្គាល់ឃើញថា អ្នកស្រី ជេនណេត មានភាពឆេវឆាវ និងសង្ស័យថាលោកមិនស្មោះត្រង់ រួមទាំងបានវាយផ្ទៃមុខរបស់លោកទៀតផង តែលោកមិនបានរាយការណ៍ទៅកាន់ប៉ូលិសឡើយ។

រយៈពេល​មួយឆ្នាំក្រោយមក អាកប្បកិរិយារបស់អ្នកស្រី ជេនណេត បានប្រែជាខុសប្រក្រតី ដោយចូលចិត្តបំផ្លាញរបស់របរក្នុងផ្ទះ និងតែងតែគំរាមប្រើអំពើហិង្សាទៅលើលោក ភៀរ ជានិច្ច។

យ៉ាងណាមិញ ក្រោយពីធ្វើការស៊ើបអង្កេតបន្ថែមរួចមក ទើបដឹងថា អ្នកស្រី ជេនណេត ក៏មានបញ្ហាស្ត្រេសផងដែរ បន្ទាប់ពីជួបប្រទះនូវគ្រោះថ្នាក់ចរាចរណ៍ កាលពីខែធ្នូ ឆ្នាំ២០១៨។ ហើយបើទោះជាយ៉ាងណាក៏ដោយ អ្នកស្រី ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល​៦ឆ្នាំ៕

សូមទស្សនារូបភាពខាងក្រោម៖

អ្នកស្រី ជេនណេត
អ្នកស្រី ជេនណេត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ