រាជធានីភ្នំពេញ ៖ ស្រ្តីខ្មែរសញ្ជាតិស៊ុយអែតម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសារតែក្បាលមីក្រូហ្វូនខារ៉ាអូខេឆ្លងចរន្តភ្លើងឆក់ ខណៈគាត់ចោមពុងងូតទឹកបណ្ដើរ ចាក់ខារ៉ាអូខេច្រៀងលេងបណ្ដើរ ហើយពេលដល់បទដែលខ្លួនចូលចិត្តជាងគេ ក៏បានស្ទុះទៅទាញយកក្បាលមីក្រូហ្វូននោះច្រៀង ដោយមិនបានដឹងថា មានចរន្តភ្លើងឆ្លងក៏ត្រូវឆក់ស្លាប់ភ្លាមៗតែម្ដង ។

ហេតុការណ៍នោះកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី១៥  មេសា ២០១៣នៅក្នុងបន្ទាយទ័ពពិសេស ឆត្រយោង៩១១ស្ថិតក្នុងភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។ ស្រ្តីរងគ្រោះឈ្មោះបេខ ស្រីល័ក្ខ អាយុ៣៦ឆ្នាំ ជាជនជាតិខ្មែរ ចូលសញ្ជាតិស៊ុយអែត ស្នាក់នៅក្នុងកន្លែងកើតហេតុខាងលើ ហើយបានមកពីប្រទេសស៊ុយអែត ចូលមកកម្ពុជា កាលពីថ្ងៃទី២៥ ឧសភា ២០១២កន្លងទៅនេះ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុស្រ្តីរងគ្រោះខាងលើ បានចាក់ខារ៉ាអូខេច្រៀងលេងតែម្នាក់ឯង ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីថ្ងៃទី២ លុះដល់ពេលកើតហេតុ គាត់បានចោមពុងងូតទឹកបណ្ដើរ និងចាក់ខារ៉ាអូខេបណ្ដើរហើយមួយសន្ទុះក្រោយមក ដល់បទដែលគាត់ចូលចិត្តគាត់ ក៏ស្ទុះចូលទៅចាប់ទាញយកក្បាលមីក្រូហ្វូន ដើម្បីច្រៀងលេងដោយមិនបានដឹងថា ក្បាលមីក្រូហ្វូននោះឆ្លងចរន្តភ្លើងឡើយ ។ ប្រភពដដែលបានបន្តថា ខណៈនោះដោយសារតែខ្លួនគាត់សើមផង ហើយក្បាលមីក្រូហ្វូនឆ្លងចរន្តភ្លើងផងនោះ ទើបបណ្ដាលឲ្យឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]