ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ៤នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍កាកាប ដើរល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ប្រទះឃើញកំពុងតែធ្វើ សកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ យកទ្រព្យសម្បត្តិ ក៏ត្រូវឃាត់ខ្លួនបានម្នាក់ភ្លាមៗ ចំណែកឯ ៣នាក់ រត់គេចខ្លួនរួច ហើយជនសង្ស័យនេះ គឺជាមុខ សញ្ញាគាស់ផ្ទះប្រជាពលរដ្ឋយ៉ាងសកម្មបំផុត ការឃាត់ខ្លួនជនសង្ស័យម្នាក់នេះ កើតឡើងកាលពីវេលាម៉ោង១ រំលងអធ្រាត្រ ឈានចូលថ្ងៃ ទី១៧ ខែមេសា ឆ្នាំ២០១៣ នៅចំណុចភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មានពីនគរបាល បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ទូច ចយ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិត ប្រាកដរស់នៅភូមិប៉ប្រក ខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រីឯបក្ខពួក៣នាក់ទៀត ពុំត្រូវបាន ស្គាល់អត្តសញ្ញាណនោះទេ។ នគរបាលបាននិយាយថា មុខសញ្ញា ដែលត្រូវឃាត់ខ្លួនបាននេះ គឺជាមុខសញ្ញា ដ៏សកម្មភាពបំផុត នៅក្នុងមូលដ្ឋានពីកន្លងមក ហើយពេលនេះ នគរបាលឃាត់ខ្លួន បានដកហូតបាន វត្ថុតាងជាក់ស្តែងទូរស័ព្ទដៃ ដែលផលិតនៅប្រទេសចិន ចំនួន១៧គ្រឿង។

ប្រភពព័ត៌មានបានបន្តទៀតថា មុនពេលកើតហេតុ នគរបាលបានដើរល្បាត នៅក្នុងមូលដ្ឋានរបស់ខ្លួន ក៏ឃើញបក្ខពួកជនសង្ស័យចំនួន ៣នាក់ កំពុងតែឈរេរានៅខាងមុខផ្ទះគេ ពេលនោះនគរបាលសង្ស័យក៏ចូលទៅ ពេលពួកគេឃើញនគរបាល ក៏នាំគ្នារត់គេចខ្លួនបាត់អស់ទៅ នៅសល់តែ ជនសង្ស័យម្នាក់ ចូលធ្វើសកម្មភាពនៅក្នុងផ្ទះគេ ភ្លាមៗស្ទុះចេញមកបំរុងរត់គេចខ្លួន តែត្រូវនគរបាលឃាត់ខ្លួនជាប់ ។ នគរបាលបានបន្តថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួនបាននេះ គឺជាមុខសញ្ញាដ៏សកម្មភាពបំផុត នៅក្នុងមូលដ្ឋាន ហើយជាក់ស្តែងពេលឃាត់ខ្លួនបាន គឺធ្វើ ការដកហូត បានទូរស័ព្ទដៃ ដែលផលិតនៅប្រទេសចិន បានចំនួន១៧គ្រឿង។

ប្រភពបានបន្តថា ចាប់តាំងពីថ្ងៃឃាត់ខ្លួន រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣នេះ គឺមានឃើញម្ចាស់ផ្ទះ មកដាក់ពាក្យបណ្តឹងនៅឡើយទេ ហើយ នគរបាលបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕





ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]