រាជធានីភ្នំពេញ ៖ សវនាការផ្ទាល់មាត់ជុំទី២ សំរាប់ភាគីកម្ពុជា នៅតុលាការយុត្តិធម៌អន្តរជាតិ( ICJ ) នឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៨ មេសា ២០១៣ ចាប់ពីម៉ោង៣ ដល់ម៉ោង៥រសៀល ម៉ោងក្នុងប្រទេសហូឡង់ ត្រូវនឹងម៉ោង៨ ដល់ម៉ោង១០យប់ ម៉ោងក្នុងប្រទេសកម្ពុជា ។

នៅក្នុងសវនាការផ្ទាល់មាត់ក្នុងជុំទី១ កាលពីព្រឹកថ្ងៃទី១៥ មេសា ២០១៣ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា ជាដើមបណ្តឹងបានឡើងថ្លែងសុន្ទរកថា ជាភាសាបារាំង នៅចំពោះមុខចៅក្រមអន្តរជាតិជិត២០រូប ដោយក្នុងសុន្ទរកថាលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានធ្វើការរំលឹកឡើងវិញ នូវប្រវត្តិសាស្ត្រថ្មីៗ នៃជម្លោះព្រំដែនប្រាសាទព្រះវិហារ ដែលបង្កឡើងដោយអតីតនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វេចាជីវ៉ា ក្នុងនោះក៏មានសភាពការណ៍បច្ចុប្បន្ន នៅព្រំដែនតំបន់ប្រាសាទព្រះវិហារ អាកប្បកិរិយារបស់ថៃ ពាក់ព័ន្ធនឹងសាលក្រម ឆ្នាំ១៩៦២ ស្តីពីប្រាសាទព្រះវិហារ រួមទាំងសំណើរបស់កម្ពុជា ដែលបានស្នើសុំឲ្យមានការបកស្រាយឲ្យបានច្បាស់លាស់ ជាស្ថាពរនូវសាលក្រម ១៥ មិថុនា ១៩៦២ ។

ក្នុងសុន្ទរកថា៧ទំព័រជាភាសាខ្មែរ ដែលក្រសួងការបរទេសកម្ពុជាផ្សព្វផ្សាយជាសាធារណៈនោះ លោកប្រមុខការទូត ហោ ណាំហុង បានគូសបញ្ជាក់ថា "វាមិនមែនជាបញ្ហាការអនុវត្តសាលក្រមនោះទេ ហើយវាក៏មិនមែនជាបញ្ហាកំណត់ព្រំដែននោះដែរ ដោយហេតុថា ការកំណត់ព្រំដែននេះ ត្រូវបានកំណត់រួចហើយតាមរយៈផែនទីឧបសម្ព័ន្ធ១ ដែលតុលាការបានផ្អែកជាសំខាន់ ដើម្បីសម្រេចចេញសាលក្រមឆ្នាំ១៩៦២ វាមានតែការចោទសួរពី "អត្ថន័យ និងវិសាលភាព" នៃសាលក្រមថ្ងៃទី១៥ មិថុនា ១៩៦២ តែប៉ុណ្ណោះ" ។

លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានលើកឡើងចំពោះមុខចៅក្រម១៨ រូបថា "ចំពោះកម្ពុជា ការបកស្រាយសាលក្រមនេះ មានន័យថា កម្ពុជាមានអធិបតេយ្យភាពលើដែនដី ដែលព្រំប្រទល់ក្នុងតំបន់ ប្រាសាទព្រះវិហារ ត្រូវបានរៀបរាប់ក្នុងផែនទីឧបសម្ព័ន្ធ១ ដែលតុលាការបានផ្អែកលើទាំងស្រុង ដើម្បីធ្វើសេចក្តីសម្រេចកាលពីឆ្នាំ១៩៦២ ហើយនេះជាកាតព្វកិច្ចបន្តតម្រូវឲ្យ ថៃដកកងកម្លាំងរបស់ខ្លួន ចេញពីព្រំប្រទល់នៃដែនដីនេះ" ។

កម្ពុជាបានទន្ទឹងរង់ចាំយ៉ាងអន្ទះសានូវសេចក្តីសម្រេច ដែលអង្គតុលាការនឹងប្រកាន់យក ដើម្បីបិទជំពូកវិវាទគ្នា ក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសជិតខាងនេះ ដែលម្នាក់ៗស្គាល់ពីសារៈសំខាន់ជាចម្បងនៃប្រវត្តិសាស្ត្រ នយោបាយ និងវប្បធម៌ សម្រាប់ប្រជាជនកម្ពុជា" ។ លោកហោ ណាំហុង បានគូសបញ្ជាក់ទៀតថា ពេលនេះ គឺជាការបិទនីតិក្រម ដែលនឹងនាំឲ្យអង្គតុលាការ ធ្វើសេចក្តីសម្រេច ជាលើកចុងក្រោយលើរឿងក្តី ដែលធ្វើឲ្យយើងមានកង្វល់ទាំងអស់គ្នា ។ ហេតុដូចនេះ ខ្ញុំយល់ច្បាស់ណាស់ពីសារសំខាន់នៃកាលៈទេសៈនេះ សម្រាប់ប្រទេសខ្ញុំ ហើយខ្ញុំសូមឲ្យតុលាការ ចេញនូវសាលដីកាមួយ ដែលនឹងបញ្ចប់ជាស្ថាពរវិវាទនេះ ដែលបានធ្វើឲ្យល្អក់ខ្វល់ដល់ទំនាក់ទំនងជាមួយប្រទេសថៃ ដែលជាប្រទេសជិតខាង នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
គួរបញ្ជាក់ថា សវនាការដោយផ្ទាល់មាត់២ជុំ នៅតុលាការយុត្តិធម៌អន្តរជាតិ ដែលភាគីទំាងពីរកម្ពុជា-ថៃ ត្រូវឡើងបកស្រាយនូវអំណះអំណាងរៀងៗខ្លួន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ មេសា ២០១៣នេះ ធ្វើឡើងតាមពាក្យបណ្តឹងរបស់កម្ពុជាកាលពីថ្ងៃទី៣០ មេសា ២០១០ ដែលស្នើឲ្យតុលាការយុត្តិធម៌អន្តរជាតិបកស្រាយឡើងវិញនូវសាលក្រមថ្ងៃទី១៥ មិថុនា ១៩៦២ ដែលតុលាការដដែលនេះ បានសម្រេចឲ្យភាគីកម្ពុជាឈ្នះក្តីលើសំណុំរឿងប្រាសាទព្រះវិហារ ។

បណ្តឹងរបស់កម្ពុជាធ្វើឡើងបន្ទាប់ពីថៃ ក្នុងរជ្ជកាលរបស់លោកអតីតនាយករដ្ឋមន្រ្តីថៃ អាប់ភីស៊ីត វ៉េចាជីវ៉ា បានលើកទ័ពចូលលុកលុយឈ្លានពាន បូរណភាពទឹកដីកម្ពុជានៅព្រំដែន ប្រាសាទព្រះវិហារជាបន្តបន្ទាប់ និងរីករាលដាល់ដល់តំបន់ព្រំដែនមួយចំនួនទៀត ចាប់តំាងប្រាសាទព្រះវិហាររបស់កម្ពុជា ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌ ពិភពលោកកាលពីថ្ងៃទី៧ កក្កដា ២០០៨ នោះរួចមក ៕



បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]