រាជធានីភ្នំពេញ ៖ ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​​ឌ្រីម​​សេ១០០ ​ស៊េរី​២០០២ និង​សម្ភារ​ផ្សេង​​ៗ​មួយ​​​ចំនួន​ទៀត​ត្រូវបាន​ភ្លើង​ឆាបឆេះ​​ខ្ទេច ​បង្ក​ឱ្យ​​មាន​ការភ្ញាក់​ផ្អើល​មនុស្ស​ម្នា​រត់​​ចែក​ផ្លូវ​គ្នា និង​ជួយ​​អន្តរា​គមន៍​ពន្លត់​ទាន់​ពេល​វេលា​មិន​ឱ្យ​ឆេះ​​រាល​ដាល ។ ​ហេតុ​ការណ៍​​នេះ​​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​​ ថ្ងៃទី​៣១ មីនា ២០១២ ​នៅ​ចំណុច​កែង​ផ្លូវ​លេខ​១៣ និង​លេខ​១០៨ ​ស្ថិត​ក្នុង​ភូម​ិ៥ សង្កាត់​វត្ត​ភ្នំ ខណ្ឌ​ដូន​ពេញ ។

​យោង​តាម​សាក្សី​ដែល​ឃើញ​ហេតុ​ការណ៍​​បាន​និយាយថា ​​មុន​ពេល​កើតហេតុ​មាន​​បុរស​ម្នាក់​ឈ្មោះ​សាំង ស៊ុន​ហេង ​ភេទ​​ប្រុស អាយុ​២២​​ឆ្នាំ ​​ជា​អ្នក​​លក់​សាំង​​ដប ស្នាក់​នៅ​ផ្ទះ​លេខ​៥៥អឺ០ ​ផ្លូវលេខ​១៣៤ ​​សង្កាត់​មនោរម្យ ​ខណ្ឌ​ដូនពេញ ​បាន​យក​ប៊ីដុងសាំង​ចំនួន​៣០​លីត្រ ​មក​បូម​ដាក់​ដប​​ដើម្បី​​លក់ ។ ខណៈ​កំពុង​បូម​សាំង​ដាក់​ដប​នោះ បុរស​នេះ​បាន​យក​ដែក​កេះ​​អុជបារី​ជក់ ស្រាប់តែ​​​ភ្លើង​​ឆាប​ឆេះប៊ី​ដុង​សាំង​ ហើយ​ឆេះ​រាល​ដាល​​ដល់​ម៉ូតូ​មួយ​គ្រឿង និង​ធុង​សម្រាប់​ក្លាស្សេ​ទឹក​សុទ្ធ ​ព្រម​ទាំង​​សម្ភារ​មួយ​ចំនួន​ទៀត ។

​​ភ្លាមៗ​នោះ​ឃើញ​មាន​កម្លាំង​​នគរបាល​ប៉ុស្តិ៍​​ រដ្ឋបាល​​វត្ត​ភ្នំមក​ដល់ និង​យក​​​បំពង់​ពន្លត់​​អគ្គិ​ភ័យ​​មក​បាញ់ ហើយ​ប្រជា​ពល​រដ្ឋ​នាំ​គ្នា​ជះ​ទឹក​​ជួយ​ពន្លត់​​បន្ថែម​​ទៀត​ធ្វើ​ឱ្យ​​ ភ្លើង​រលត់​​មិន​ឆេះ​រាល​ដាល តែ​សំណាង​ល្អពុំ​មាន​នរណា​ម្នាក់​រង​គ្រោះ​ថ្នាក់​​នោះឡើយ៕

បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]