ខេត្តកំពង់ចាម ៖ បុរសម្នាក់ ឈ្មោះជិន ពែង អាយុ២៩ឆ្នាំ រស់នៅភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ បានសងគុណម្តាយ ដោយយកព្រនង់ប្ញស្សី ១កំណាត់ប្រវែង៨៦សង្ទីម៉ែត្រ មកវាយសំពងលើម្តាយ យ៉ាងព្រៃផ្សៃត្រូវចំក្បាល ផ្នែកខាងក្រោយបែកហូរ ឈាមស្លាប់យ៉ាង អាណោចអាធ័មបំផុត ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី១៣ មេសា ២០១៣ ត្រង់ចំណុចទំនប់ តាសេកកន្លែង ផ្នូរខ្មោចខាងលិចក្រោយភូមិព្រែកព្រះអង្គ ចម្ងាយប្រហែល៧០០ម៉ែត្រ ហើយកូនអកតញ្ញូនេះ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បញ្ជូនមកកាន់  ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំផងដែរ ។

ទាក់ទិននឹងករណីនេះ លោកវរសេនីយ៍ត្រី ជា ធារិទ្ធ អធិការនគរបាលស្រុកស្ទឹងត្រង់ បានប្រាប់ឲ្យដឹងថា កូនប្រុសអកតញ្ញូឈ្មោះពែង  បានចាកចេញពី ស្រុកកំណើតទៅធ្វើជាកម្មករនៅ ប្រទេសថៃជិត៤ឆ្នាំ ដើម្បីយកប្រាក់ដោះស្រាយ ជីវភាពគ្រួសារ ហើយក៏បានវិលត្រឡប់ មកផ្ទះវិញបានកន្លះខែមុនបុណ្យ ចូលឆ្នាំប្រពៃណីជាតិ តែនៅក្នុងហោប៉ៅមិនមាន សល់លុយអ្វីទេ ថែមទាំងមានស្មារតីខុស ពីប្រក្រតី គឺឡប់ៗទៀតផង ដោយសារតែ គេពង្វក់ឲ្យធ្វើការ និងប្រើប្រាស់ថ្នាំញៀន ។

លោកវរសេនីយ៍ត្រីជា ធារិទ្ធ បានបន្តថា កាលពីថ្ងៃទី១៣ មេសា កូនប្រុសឈ្មោះពែង បាននាំម្តាយរបស់ខ្លួនចេញពីផ្ទះដើរទៅខាងក្រោយ ភូមិបានបន្តិចត្រូវបានក្រុម សាច់ញាតិរួម និងអ្នកភូមិផងរបង ជាមួយឃើញក៏នាំគ្នា ដើរទៅតាមរក តែទម្រាំទៅដល់ គឺអ្វីៗហួសពេលអស់ទៅហើយ ដោយស្ត្រីជាម្តាយ ត្រូវបានកូនប្រុសរូបនេះ វាយសម្លាប់រួចទៅហើយ ពេលដែលក្រុមសាច់ញាតិទៅ ឃើញថែមទាំងបាន យកព្រនង់ឫស្សីនោះ   ដេញវាយគេថែមទៀត តែគេបានវាយតបតវិញ ដើម្បីការពារខ្លួន ជាហេតុធ្វើឲ្យបុរសនោះ ត្រូវរបួសជើងរត់ទៅ ណាមិនរួចនាំគ្នាចាប់យកមកភូមិវិញ ហើយបានទូរស័ព្ទប្រាប់សមត្ថកិច្ច ឲ្យមកយកទៅអធិការដ្ឋាន នគរបាលស្រុក ស្ទឹងត្រង់ ដើម្បីចាត់ការតាមច្បាប់ ៕




បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]