ក្មេងៗក៏អាច​មាន​បញ្ហាផ្លូវចិត្តដែរ ប៉ាម៉ាក់​ត្រូវ​ចេះសំគាល់មើលចំណុចទាំងនេះ!

//s5.kh1.co/fc/fca115231fff8111a9a085b8bf398b3551d2a73f.jpg
នារី

 ០៥-មិថុនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

អាកប្បកិរិយាមិនល្អមួយចំនួនរបស់​កូន​អាច​បង្ហាញថា ពួកគេមានបញ្ហាផ្លូវអារម្មណ៍។

ក្មេងៗលូតលាស់តាមដំណាក់កាលផ្សេងៗគ្នា ហើយក្នុងដំណាក់កាល​នីមួយៗនឹងធ្វើឱ្យពួកគេផ្លាស់ប្តូរអាកប្បកិរិយា និងអារម្មណ៍។ យ៉ាងណាមិញ មិនមែនគ្រប់អ្វីដែលកូនៗតូច​របស់​យើង​ធ្វើសុទ្ធតែរាប់ថាមកពីដំណាក់កាលនៃការលូតលាស់នោះទេ។ អាកប្បកិរិយាមិនល្អមួយចំនួនរបស់​កូន​អាច​បង្ហាញថា ពួកគេមានបញ្ហាផ្លូវអារម្មណ៍។ ជាលទ្ធផល ប៉ា​ម៉ាក់​គួរតែ​កត់​ចំណាំនូវសញ្ញាទូទៅដែលយើង​អាច​សំគាល់ពី​បញ្ហាទាំងនេះចំពោះកូនៗដើម្បីជួយកូន​តាមវិធីដ៏ត្រឹមត្រូវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- អារម្មណ៍ប្រែប្រួលរយៈពេលយូរ

មនុស្ស​យើង​គ្រប់គ្នាអាចមានអារម្មណ៍ប្រែប្រួល។ សូម្បីតែស្ត្រីដែលពេញវ័យហើយក៏អាចនឹងពិបាកដោយសារតែអារម្មណ៍ប្រែប្រួលពេលមករដូវម្ដងៗដែរ។ ទោះជាយ៉ាងណា ករណីរបស់ក្មេងៗឬកូនតូចរបស់​យើង​ ប្រសិនបើមានអារម្មណ៍ប្រែប្រួលរហូត​ដល់​២សប្តាហ៍ និងចេះតែនិយាយពីនេះពីនោះ អាចបញ្ជាក់ឱ្យឃើញថាកូន​អាច​មានបញ្ហាផ្លូវចិត្តហើយ។

២- ការផ្លាស់ប្តូរយ៉ាងខ្លាំងក្លានៃអាកប្បកិរិយា

ការមានះរឹងរូសខ្លាំង ឬប្រឆាំងខ្លាំងក្លានឹង​ម៉ាក់ប៉ា​ក៏​អាចជាសញ្ញាថាក្មេងមានបញ្ហាផ្លូវចិត្ត។ ការដែលកូន​យើង​ចង់វាយ ឬធ្វើឱ្យអ្នកដ៏ឈឺចាប់ ឬវាយធ្វើបាបសត្វក៏ជាសញ្ញាអាសន្នដែលប៉ាម៉ាក់​ត្រូវតែប្រញាប់ទៅពិភាក្សាជាមួយអ្នកឯកទេសផ្លូវចិត្តភ្លាមៗដែរ។

៣- ការផ្លាស់ប្តូរនៃរូបរាងកាយ

នេះជាការកំណត់សំគាល់ដ៏ស្រួលមួយ។ ការស្រកទម្ងន់ ឬឡើងទម្ងន់​លឿនៗ នោះប្រហែលជាមិនមែនមកកូន​ចម្រើន​វ័យ​កាន់​តែ​ធំឈាន​ដល់​វ័យ​គ្រប់ការ​នោះទេ ប៉ុន្តែអាចជាបញ្ហាផ្លូវចិត្តមិននឹងនក៏ថាបាន។ ការស្រកទម្ងន់អាចនឹងបណ្តាលមកពីការខ្សោយប្រព័ន្ធរំលាយអាហារដែលកើតមានចំពោះក្មេងដែលមានជំងឺបាក់ទឹកចិត្ត ឬថប់បារម្ភខ្លាំង ឬម្យ៉ាងទៀត ការឡើងទម្ងន់អាចធ្វើឱ្យក្មេងមានអារម្មណ៍ខ្ជិល និងធុញថប់ជាមួយជីវិតរស់នៅរបស់ពួកគេ ហើយមានតែញំុារហូតដើម្បីបំពេញក្រពះរបស់ពួកគេ។ លើសពីនេះទៅទៀតការផ្លាស់ប្តូររាងកាយខ្លាំងក៏អាចជាប់ទាក់ទិននឹងការប្រើប្រាស់ថ្នាំ និងជាតិអាកុលផងដែរ។ ប្រសិនបើយើង​ជា​ប៉ាម៉ាក់​មានប្រវត្តិប្រើប្រាស់ថ្នាំ ឬជាតិអាកុល នោះកូន​យើង​ក៏​ងាយនឹងបង្កើតទម្លាប់ទៅខាងនឹងដែរ។

៤- ការបរាជ័យក្នុងការផ្ចង់អារម្មណ៍

ក្មេងៗភាគច្រើនធ្វើអ្វីមួយដោយខ្លាំងក្លាហើយយកចិត្តទុកដាក់បានតែមួយឆាវប៉ុណ្ណោះ។ យ៉ាងណាមិញប្រសិនបើកូនពិបាកសូម្បីការងារដ៏តូចមួយក៏មិនអាចយកចិត្តទុកដាក់បាន នោះកូនអាចនឹងមានជំងឺវិបត្តិអាកប្បកិរិយា⁣ ។ ការណ៍នេះកើតមានពេលដែលគំនិតរបស់ក្មេងពេញដោយការគិតថាខ្លាចខុស អាម៉ាស់ និងការស្លាប់។ ដំណាក់កាលនេះជាការគ្រោះថ្នាក់បំផុតសម្រាប់​ក្មេងព្រោះថាពួកគេអាចនឹងរកវិធីធ្វើអត្តឃាតជាមធ្យោបាយចុងក្រោយរបស់គេ។ ប៉ាម៉ាក់​អាចកត់សំគាល់សញ្ញាទាំងនេះ​ដោយពិនិត្យមើលអាកប្បកិរិយាប្រចាំថ្ងៃរបស់កូន​ ឬលទ្ធផលនៃការសិក្សារបស់កូន។

៥- ការខ្លាច និងការថប់បារម្ភ

ក្មេងៗតែងតែងាយនឹងទទួលការឈឺចាប់។ ក្មេងៗ​អាចងាយនឹងខ្លាចសូម្បីតែរឿងនិយាយលេង រឿងកំប្លែង ឬភ័យជាមួយនឹងរឿងនិទានមុនចូលគេងដែលប៉ាម៉ាក់​បាន​និយាយឱ្យស្តាប់។ ទន្ទឹមនឹងនេះពេលដែលកូនបង្ហាញពីអាការៈនេះដដែលៗ និង ព្រួយបារម្ភខ្លាំង ហើយខ្លាច ឬតក់ស្លុត យើង​ត្រូវតែព្រួយបារម្ភហើយ។ តាមរយៈអាការៈនេះក្មេងអាចនឹងថប់បារម្ភអំពីកិច្ចការដែលត្រូវធ្វើនៅសាលា ឬការមើលងាយជេរប្រមាថនៅឯសាលារៀន ដែល​ការប្រតិកម្មទាំងនេះអាចឲ្យ​យើង​សន្និដ្ឋានបានអំពីអ្វីដែលធ្វើឱ្យកូនឆាប់ឆេវឆាវបែបនេះ។

បច្ចុប្បន្ននេះ ជាមួយកំណើននៃបច្ចេកវិទ្យា ថ្នាំញៀន អាវុធ និងការបំផ្លាញខ្លូនឯង ឬសម្លាប់ខ្លូន ដែលបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ អាចនឹងបង្ករឱ្យក្មេងៗដែលមិនបានគិតវែងឆ្ងាយជ្រើសយកវិធីទាំងនេះដោយគិតថាវាអាចរំដោះពួកគេចេញពីបញ្ហាការឈឺចាប់ទាំងឡាយនោះបាន​។ ដូចនេះយើង​ជាឪពុកម្តាយគួរណាស់ធ្វើគ្រប់យ៉ាងឱ្យបានមុនពេលដែលកូនរបស់យើង​ធ្វើអ្វីដែលអាចឲ្យ​យើង​មានវិប្បដិសារីអស់មួយជីវិត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T