យោងតាមប្រភពព័ត៌មានរបស់ចិន បានឲ្យដឹងថា និស្សិតពេទ្យម្នាក់ នៅទីក្រុង សៀងហៃ បានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃ អង្គារកន្លងទៅនេះ ដែលអាចដោយតែ ត្រូវបាន មិត្តភក្តិរួមបន្ទប់របស់ខ្លួន បំពុលសម្លាប់។

ជនរងគ្រោះ មានឈ្មោះ Huang Yang អាយុ ២៨ឆ្នាំ ជានិសិ្សតឆ្នាំ ទី ៣ នៅសកលវិទ្យាល័យវេជ្ជសាស្រ្ត Fudan បានស្លាប់ កាលពីវេលា ម៉ោង ៣:២៣ នាទី រសៀល នៅមន្ទីរពេទ្យ Zhongshan។ ករណីនេះ បានធ្វើអោយនិស្សិតពេទ្យ ឯទៀត និង សាធារណៈជន មានការភ្ញាក់ផ្អើល ជាខ្លាំង។ ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា ជនរងគ្រោះ បានចាប់ផ្តើម ក្អួត យ៉ាងខ្លាំង រហូតធ្លាក់ខ្លួនឈឺ យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីបានផឹកទឹក ដែលមានជាតិពុលនោះរួច។ ប៉ូលីសបានរកឃើញថា នៅក្នុងទឹកដែលជនរងគ្រោះ បានផឹកនោះ មានជាតិគីមីម្យ៉ាង (N-Nitrosodimethylamine) មានជាតិពុលខ្ពស់ ដែលតែងតែត្រូវបានយកមកកំចាត់ជម្ងឺថ្លើម ក្នុងការធ្វើពិសោធន៍សត្វកណ្តុរ លើជម្ងឺមហារីក។ ទោះជាយ៉ាងណា ប៉ូលីសបានកំណត់អត្តសញ្ញាណ ជនសង្ស័យបានម្នាក់ ផងដែរ ដែលមានឈ្មោះ Lin ហើយកំពុងបន្ត ធ្វើការស៊ើបអង្កេត នៅក្នុងករណីនេះ។ យ៉ាងណាមិញ មានអ្នកប្រើប្រាស់អ៊ិនធើណេត មួយចំនួន បានបញ្ចេញមតិដែរថា ជនរងគ្រោះ ត្រូវបានសម្លាប់ អាចដោយសារតែ ជនល្មើសមានការ ច្រណែន នឹងជនរងគ្រោះ លើបញ្ហា ចំណាត់ថ្នាក់ ក្នុងការរៀន ឬ មិត្តស្រី។ តែយ៉ាងណាក៏ដោយ ឪពុករបស់ជនរងគ្រោះ បានបដិសេធ ចំពោះការលើកឡើងនេះ និង បានប្រាប់ឲ្យដឹងថា កូនរបស់គាត់ មិនមានទំនាក់ទំនងស្នេហា ជាមួយនឹងនារីណាម្នាក់ នោះទេ ហើយក៏មិនមានទំនាស់ អ្វីជាមួយមិត្តរួមថ្នាក់ដែរ។

តើប្រិយមិត្តមានមតិយោបល់ យ៉ាងណាដែរ ចំពោះករណីនេះ?


ដោយ សី

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]