ភ្នំពេញ ៖ រថយន្ត SAMU ខេត្តកំពង់ចាម បុកម៉ូតូ ស្លាប់ពីរនាក់ ឯម្នាក់ទៀតរបួសធ្ងន់ នៅមុខខេមហ្គាសខូអិលធីឌី ផ្លូវជាតិលេខ៥ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ នៅម៉ោង២០ និង០៥ នាទី ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៣។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា អ្នកបើកបរម៉ូតូ ត្រូវស្លាប់ភ្លាមៗនៅកន្លែង ក៏ព្រោះតែមិនបានពាក់មួកសុវត្ថិភាព ឯអ្នករួមដំណើររងរបួសធ្ងន់។ សាក្សីបានឲ្យដឹងទៀតថា អ្នកបើកបរម៉ូតូ Honda Cub ពណ៍ទឹកប៊ិច ពាក់ស្លាកលេខ ទ-៦០៤៣ ភព១ ឈ្មោះ សារិន ភេទប្រុស អាយុ២២ ឆ្នាំ ជាជាងអ៊ីណុក បានស្លាប់នៅនិងកន្លែង ឯអ្នករួមដំណើរឈ្មោះ សុខ លី ភេទប្រុស អាយុ២៦ ឆ្នាំ រងរបួសធ្ងន់។

មន្រ្តីនគរបាល ដែលចុះទៅដល់កន្លែងកើតហេតុ បានឲ្យដឹងថា រថយន្ត SAMU ម៉ាក Land Cruiser ពណ៌ស ពាក់ស្លាកលេខ រដ្ឋ១២-២-០២៤៥ ដែលជួបគ្រោះថ្នាក់ជាមួយម៉ូតូនេះ ជាកម្មសិទ្ធិរបស់មន្ទីរពេទ្យខេត្តកំពង់ចាម បើកបរដោយឈ្មោះ យន់ សុខា ភេទប្រុស អាយុ៥០ ឆ្នាំ ជាអ្នកបើកបររថយន្តរបស់មន្ទីរពេទ្យ ស្នាក់នៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ក្នុងហេតុការណ៍ បានបណ្តាលឲ្យអ្នកជំងឺម្នាក់ នៅក្នុងរថយន្តស្លាប់ផងដែរ។

មន្រ្តីនគរបាលបានឲ្យដឹងទៀតថា ម៉ូតូបានធ្វើដំណើរតាមផ្លូវជាតិលេខ៥ ពីត្បូងទៅជើង ស្រាប់តែដល់ខាងមុខ ខេមហ្គាសខូអិលធីឌី ផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយប៉ាក ក៏បានបុកជាមួយរថយន្ត SAMU របស់មន្ទីរពេទ្យខេត្តកំពង់ចាម ដែលធ្វើដំណើរច្រាសទិសគ្នាពីជើងទៅត្បួង។

យោងតាមការបញ្ជាក់ របស់សមត្ថកិច្ចបានឲ្យដឹងថា ក្នុងករណីគ្រោះថ្នាក់នេះបណ្តាលឲ្យ អ្នកបើកម៉ូតូស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើររបួសធ្ងន់ សម្រាកនៅមន្ទីរពេទ្យសែនសុខ ពួកគាត់ពុំមានពាក់មួក ការពារសុវត្ថិភាពទេ។  រីឯរថយន្ត SAMU បានដឹកអ្នកជម្ងឺធ្ងន់ធ្ងរពីរនាក់ មកពីខេត្តកំពង់ចាម ខណ:ដែលបុកជាមួយម៉ូតូបណ្ដាលអោយ អ្នកជម្ងឺម្នាក់បាត់បង់ជីវិត នៅលើរថយន្តសង្រ្គោះ៕








ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]