ជួប​បញ្ហា​ធុំក្លិនជើង! សាកវិធីងាយៗទាំងនេះ អាចដោះស្រាយបាន​!

//s5.kh1.co/20/204305280314537e8b3dba05ffd58b475e301e26.jpg
នារី

 ២៩-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្លិន​មិន​ល្អ​នៅ​នឹង​ជើង​ គឺ​បង្ក​ឡើង​ដោយ​បាក់តេរី​ដែល​រស់​នៅ​លើ​ស្បែក និង​ក្រោម​ក្រចក​ជើង។

ធុំ​ក្លិន​ជើង​ជា​បញ្ហា​ទូទៅ​មួយ​ដែល​យើង​តែង​ជួប​ប្រទះ។ មូលហេតុ​ចម្បង​គឺ​មក​ពី​មាន​ការ​បែក​ញើស​ច្រើន​ធ្វើ​ឲ្យ​មាន​បាក់តេរី​ដែល​បង្ក​ក្លិន​មិន​ល្អ។ ​អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​វិធី​ងាយៗដល់​គ្នា​យើង​​ដើម្បី​ដោះស្រាយ​បញ្ហានេះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ទឹក​អំបិល

ក្លិន​មិន​ល្អ​នៅ​នឹង​ជើង​ គឺ​បង្ក​ឡើង​ដោយ​បាក់តេរី​ដែល​រស់​នៅ​លើ​ស្បែក និង​ក្រោម​ក្រចក​ជើង។ ដើម្បី​កម្ចាត់​បាក់តេរី​នេះ​ យើង​អាច​ត្រាំ​ជើង​នឹង​ទឹក​អំបិល។ អំបិល​អាច​បណ្ដេញ​ជាតិ​សំណើម​ពី​ស្បែក​ និង​សម្លាប់​បាក់តេរី​បាន។ ដើម្បី​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ យើង​អាច​លាយ​ទឹក​អំបិល​ដោយ​មាន​ទឹកខ្មេះ​បន្តិចលាយជាមួយទឹក​ និង​អំបិល​មួយ​ពែង (២៧៣​ក្រាម) និង​ត្រូវ​ត្រាំជាប់គ្នា​រយៈពេល​២​សប្ដាហ៍​នៅ​ពេល​យប់។ ក្រោយ​ពី​ត្រាំ​ហើយ​គួរ​សម្អាត​ក្រោម​ក្រចក​ជើង​ឲ្យ​បាន​ស្អាត​ព្រោះ​ដី​អាច​នឹង​មាន​នៅ​ជាប់​ក្នុង​នោះ​ ទោះ​យើង​បាន​​ត្រាំ​ទឹក​អំបិលក៏​ដោយ។

២. ស្រោម​ជើង

ស្រោម​ជើង​ក្រណាត់​អាច​នឹង​ធ្វើ​ឲ្យ​ជើង​យើង​បែក​ញើស ដូចនេះ​ហើយ​គួរ​ងាក​មក​ប្រើ​ស្រោមជើង​កប្បាស​វិញ។ ស្រោម​​ជើង​​ផលិត​ពី​កប្បាស​អាច​ឲ្យ​ជើង​ដក​ដង្ហើម​បាន និង​កាត់​បន្ថយ​ក្លិនរួមទាំង​ការ​បែកញើសដែរ។

៣. ដាក់​ម្សៅ​ក្នុង​ស្បែក​ជើង

ដើម្បី​ការពារ​ស្បែក​ជើង​ពី​ក្លិន​មិន​ល្អ យើង​អាច​ប្រើ​ម្សៅ​សម្រាប់​ស្បែកជើង។ ប៉ុន្តែ​យើង​អាច​ប្រើ​ម្សៅ​ពោតព្រោះ​ម្សៅ​ពោត​អាច​ស្រូប​យក​សំណើម​បាន​ល្អដែល​សំណើម​ជា​ប្រភព​នៃ​ក្លិន​នៅ​ស្បែកជើង។ យើង​ក៏​មាន​ជម្រើស​ផ្សេង​ទៀត​ដែរ​ដូចជា​ម្សៅ​កូនក្មេងជាដើម។

៤. ខាត់​ជើង​នឹង​ស្ករ

គ្រឿង​ខាត់​​ដោយ​ប្រើ​ស្ករ​នេះ​អាច​ជម្រុះ​ស្បែក​ងាប់​ និង​ស្បែក​ក្រិន​ជាដើម។ គ្រឿង​ខាត់​នេះ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​លាយ​ដោយ​ប្រើ​អាល់កុល Isopropyl (>91%) ស្ករ​បី​ភាគ និង​ទឹក​១ភាគ។ យើង​អាច​ប្រើ​ស្ករ​នេះ​ខាត់​ជើង​បី​ដង​ក្នុង​សប្ដាហ៍។​

៥. របប​អាហារ​

របប​អាហារ​ជា​កត្តា​រួម​ចំណែក​ធំ​មួយ​នៃ​បញ្ហា​ក្លិន​ខ្លួន​រួម​ទាំង​ជើង​ផង​ដែរ។ អាហារ​មួយ​ចំនួន​អាច​ផ្តល់​ក្លិន​មិន​ល្អ​ដល់​ជើង​របស់​យើង។ ប្រសិន​ជា​គ្នា​យើង​មាន​បញ្ហា​ក្លិន​ខ្លួន គួរ​ដក​​អាហារ​ប៉ុន្មាន​ប្រភេទ​ពី​របប​អាហារ​មាន​​ដូចជា​សាច់​ក្រហម ខ្ទឹម​បារាំង ខ្ទឹម​ស ផ្កាខាត់ណា កាហ្វេ និង​គ្រឿង​ស្រវឹង។

៦. សាប៊ូ​ដុំ

យើង​អាច​ទិញ​សាប៊ូ​ដុំ​ប្រឆាំង​នឹង​ផ្សិត ឬ​បាក់តេរី​ដើម្បី​ប្រើ​សម្អាត​ជើង​ជំនួស​ឲ្យ​សាប៊ូ​ដុស​ខ្លួន​ដែល​យើង​ប្រើ​សម្អាត​រាងកាយ។

៧. ពិនិត្យ​សុខភាព

ដូច​បាន​លើក​ឡើង​ខាង​លើ​ហើយ​ថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​បាក់តេរី​ក្នុង​ស្បែក​ជើង​គឺ​មក​ពី​ការ​បែក​ញើស។ ការ​បែក​ញើស​ច្រើន​ក៏​ជា​សញ្ញា​នៃ​ជំងឺ hyperhidrosis (ជំងឺបែកញើស​ដ៏​លើសលប់) ដែល​ជំងឺ​នេះ​ត្រូវ​ការ​ការ​ព្យាបាល​ពី​គ្រូពេទ្យ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T