បាត់ដំបង ៖ ២នាក់ឪពុកនិងកូន បើករថយន្តដឹកខ្សាច់ ពីខេត្តពោធិ៍សាត់មកបាត់ដំបង បានក្រឡាប់សង្កត់កូនស្លាប់ខ្លួនឯង កាលពីវេលាម៉ោង១១ និង ៣០នាទីយប់ ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១២ នៅចំណុចតាមបណ្ដោយ ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអូសទូក ឃុំ កំពង់ព្រៀង ស្រុក សង្កែ ខេត្ត បាត់ដំបង។ សពកូនត្រូវបាន ដឹកយក ធ្វើបុណ្យនៅស្រុកកំណើត ចំណែករថយន្ត ត្រូវបាននគរបាលចរាចរណ៍ ស្រុកសង្កែជួយស្ទូចចេញ យកមកប្រគល់ឲ្យម្ចាស់វិញ ពីព្រោះការគ្រោះថ្នាក់ នេះមិន បណ្តាលឲ្យមានគ្រោះថ្នាក់ ដល់អ្នកដទៃទេ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះឪពុក ជាអ្នកបើកបររថយន្តដឹកខ្សាច់ ឈ្មោះ វ៉ាន់ សារុំ អាយុ ៤៥ឆ្នាំ របួសបែកក្បាល និងកូនឈ្មោះ លៀប ចាន់វាសនា ភេទប្រុស អាយុ២៧ឆ្នាំ (ជាព្រូរថយន្ត) ស្លាប់ភ្លាមៗ នៅនិងកន្លែង មានទីលំនៅ ភូមិ៤៤ ឃុំ.ស្រុក អូររាំងឪ ខេត្ត កំពង់ចាម។ បានរកស៊ីដឹកខ្សាច់ ពីខេត្តពោធិ៍សាត់ មកលក់នៅបាត់ដំបង មានរថយន្តម៉ាក ហ៊ីយ៉ានដាយ ធុន ៨តោន ពាក់ស្លាកលេខ កំពង់ចាម 3A-1637។

 តាមការរៀបរាប់ របស់ឪពុក បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ខ្លួនបានបើករថយន្តនេះ ពីខេត្តពោធិ៍សាត់មកបាត់ដំបង។ លុះមកដល់កន្លែងកើតហេតុ ខ្លួន បានងងុយដេក និងមានអាការវិលមុខផងមួយវឹប ក៏រ៉េចង្កូតបើកធ្លាក់ផ្លូវ ហើយកាច់ចង្កូតទាញមកវិញមិនព្រមមក ក៏ត្រូវក្រឡាប់តែម្តង ហើយរថយន្តនេះបាន សង្កត់កូនខ្លួន បណ្តាលឲ្យស្លាប់ភ្លាមៗ។

ក្រោយពីហេតុការណ៍ បានកើតឡើងហើយ កម្លាំងនគរបាលចរាចរណ៌ស្រុក និងខេត្ត បានជួយស្ទូចរថយន្ត យកចេញមកដាក់លើថ្នល់ រួចបានប្រគល់ឲ្យ ទៅម្ចាស់ វិញ ដើម្បីដឹកសពកូន យកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើតវិញ៕

ដោយៈ ជាយក្រុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]