ភ្នំពេញៈ ទេវតាឆ្នាំថ្មី ព្រះនាងធុង្សៈទេវី បុត្រីទី១ ព្រះកបិលមហាព្រហ្ម បានចាប់ផ្តើមចូលគ្រងថែរក្សាចក្រវាឡនេះ ហើយ នាវេលាម៉ោង ២ និង១៤នាទីរំលងអាធ្រាត្រថ្ងៃ៤ កើត ខែចេត្រ ឆ្នាំម្សាញ់ បញ្ចស័ក ព.ស ២៥៥៧ ត្រូវ នឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣។

វេលាចូលមកដល់នៃសង្រ្កាន្តឆ្នាំថ្មីនេះ នៅក្នុងរាជធានីភ្នំពេញ សំឡេងកាំជ្រួចជាច្រើនគ្រាប់បានបន្លឺឡើង ក៏ដូចជា តាមគេហដ្ឋាននានា បានចាប់ផ្តើមពន្លឺភ្លើងជ្វាលា ភ្លើងធូបទៀន ស្ទើរគ្រប់គ្រួសារមិនថា រាជធានីភ្នំពេញ ឬតាម បណ្តាខេត្តប្រកបដោយសេចក្តីសុខដុមរមនា។ សូមអរគុណទេវតាឆ្នាំចាស់ ដែលបានជួយឃុំគ្រង ព្រះរាជាណា ចក្រពេញ ៨.៧៦០ម៉ោង ៣៦៥ថ្ងៃ ១២ខែកន្លងទៅ ប្រកបដោយក្តីសុខក្សេមក្សាន្តដល់ប្រជាពលរដ្ឋកម្ពុជា។

សូមបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាងធុង្សៈទេវី ព្រះអង្គទ្រង់ប្រទានសព្វសាធុការពរដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជួបប្រទះតែសេចក្តីសុខ សិរីសួស្តី រីកចម្រើនរុងរឿងតទៅ សូមឲ្យប្រទេសកម្ពុជាជួបតែសុខសន្តិភាព និងបន្តការ រីកចម្រើនរុងរឿងតរៀងទៅ។

សូមប្រជាពលរដ្ឋខ្មែរគ្រប់ៗរូបតាំងចិត្តសប្បាយរីករាយ ជម្រុះចោលនូវហិង្សា ទោសៈ ការខឹងក្រោធ គំនិតអស្មិមានៈ ដើម្បីទទួលបានពរជ័យពីទេវតាឆ្នាំថ្មី លះបង់ចោលឲ្យអស់នូវឧបទ្រពឆ្នាំចាស់ នាំគ្នាគិតអ្វីៗដែលថ្មី អភិវឌ្ឍន៍សង្គមជាតិ ខ្លួនឯង និងក្រុមគ្រួសារ។

សូមការដើរកម្សាន្តគ្រប់ទីកន្លែងតាមមធ្យោបាយគ្រប់បែបយ៉ាងប្រកបដោយការប្រុងប្រយ័ត្ន អធ្យាស្រ័យខ្ពស់ ចៀសវាងឲ្យបាននូវគ្រោះថា្នក់ជាយថាហេតុណាមួយ សូមកុំធ្វើឲ្យថ្ងៃជួបជុំដ៏សប្បាយរីករាយ ក្លាយជាក្តីសៅហ្មង សោគសង្រេង៕







ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]