កណ្តាលៈ បុគ្គលិកអង្គការ ស្ពានយុត្តិធម៌ អន្តរជាតិម្នាក់ ត្រូវបានស្លាប់ ដោយសារតែមិត្តភ័ក្តិ ជាមន្ត្រីប៉េអឹមបាញ់ ១ គ្រាប់ ព្រោះតែខឹង នឹងជនរងគ្រោះថា ទីតាំងរបស់គេ មានបង្កប់ល្បែងស៊ីសង ដោយខុសច្បាប់។  ហេតុការណ៍នេះ កើត ឡើង កាលពីវេលាម៉ោង ៨ និង ៣០នាទីយប់ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅក្បែរ អតីត រោងកុនតាខ្មៅចាស់ ក្នុង ភូមិតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

លោក ស៊ឹម ប៊ុនបណ្ឌិត អធិការនគរបាល ក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ហួត ប៊ុននិក ភេទប្រុស អាយុ ៣២ ឆ្នាំ មានមុខរបរ ជាបុគ្គលិក អង្គការស្ពានយុត្តិធម៌ អន្តរជាតិ រងរបួសលើដោះខាងស្តាំ ចំណែកជនដៃដល់ មានឈ្មោះ ព្រាប ប៊ុនសុង ហៅ ហុង ភេទប្រុស អាយុ ២៨ ឆ្នាំ មានមុខរបរ ជាមន្ត្រី កងរាជអាវុធហត្ថខេត្តកណ្តាល មានឋានន្តរស័ក្តិ ជាអនុសេនីយ៍ទោ រស់នៅក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មានស្រុកកំណើត នៅភូមិស្ទឹង ឃុំស្ទឹង ស្រុកពញាក្រែក ខេត្តកំពង់ចាម ប្រើប្រាស់កំាភ្លើងខ្លីមួយដើម ម៉ាកឡុក ។

ប្រភពព័ត៌មានមួយ បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ រួមនឹងមិត្តភ័ក្តិជាច្រើនទៀតបានបបួលគ្នា ផឹកស៊ី នៅក្បែរទីតាំង ហាងកាហ្វេ និងស្នុកឃ័រ របស់ជនសង្ស័យ ខណៈកំពុងតែផឹកស៊ី ស្រាប់ជនរងគ្រោះ ចេះតែ បង្អាប់ ជនដៃដល់ពីនេះ ពីនោះជារឿយៗ ពេលនោះធ្វើឲ្យជនដៃដល់ កាន់តែក្តៅស្លឹកត្រចៀក ក៏លាន់មាត់ថា ហ្នែង បង្អាប់តិចអញ បាញ់សម្លាប់ចោល ជនរងគ្រោះឆ្លើយលេងមកវិញថា ឯងហ៊ានបាញ់អញ អញនឹងប្រាប់គេថា ទីតាំងរបស់ហ្អែង មានបង្កប់ ល្បែងស៊ីសងខ្នាតធំ បៀរ និងអាប៉ោង ពេលនោះជនដៃ ដល់កាន់តែខឹងរួចលាន់មាត់ថា បើហ្នែងប្រាប់គេ បាញ់ហ្នែង ចោលតែម្តងទៅ ហើយក៏បានដកកាំភ្លើង បាញ់សំដៅទៅលើជនរងគ្រោះ ១ គ្រាប់ចំ លើដោះខាងស្តាំ បណ្តាលឲ្យជន រងគ្រោះ ដួលហូរឈាមកខ្លាក់ ហើយពេលនោះ ជនដៃដល់ ពុំបានគេចខ្លួនទៅណានោះទេ ក្រោយមកក៏បបួលគ្នីគ្នា របស់គេ លើកជនរងគ្រោះដាក់លើម៉ូតូ ដឹកយកទៅសង្គ្រោះ ពេលដឹកដល់មុខ មន្ទីរពេទ្យ សម្ភពបញ្ញា ជនរងគ្រោះ ក៏ដាច់ខ្យល់ស្លាប់ នៅទីនោះ ជនដៃដល់រួម នឹងមិត្តភ័ក្តិ ក៏បានដាក់ជនរងគ្រោះចោលនៅទី នោះ រួចក៏បានត្រឡប់ ទៅយកកាំភ្លើងមកទម្លាក់ចោល នៅក្បែរកន្លែងកើតហេតុវិញ ទើបនាំគ្នាគេចខ្លួន ។

ប្រភពបានបន្តថា ក្រោយពេលកើតហេតុ នគរបាល បានចុះទៅពិនិត្យកន្លែងកើតហេតុ រួចប្រមូលវត្ថុតាង មករក្សាទុក ប៉ុន្តែនៅផ្ទះរបស់ជនរងគ្រោះ នគរបាលប្រទះឃើញមាន ដាក់កាមេរ៉ាសុវត្ថិភាព ៤ ទៅ ៥ គ្រឿង ដើម្បីការពារ ក្រែងមាននរ ណាប្លែកមុខមក គេនឹងបញ្ឈប់សកម្មភាព លេងល្បែងស៊ីសង របស់គេភ្លាមៗ  ហើយនៅនឹងតុផឹកស៊ីរបស់ពួកគេនោះ ក៏មាន ដាក់កាមរ៉ាផងដែរ ដែលអាចថតគ្រប់សកម្មភាពទាំងអស់ និងរកឃើញកាំភ្លើងខ្លីមួយដើម ម៉ាក ឡុក ដែលមានគ្រាប់១១ គ្រាប់ របស់ជនដៃដល់ និងបានរកឃើញសំបកកំទុះមួយ នៅក្បែកន្លែងផឹកស៊ី ។

ប្រភពបានបន្តថា នៅក្នុងហាងកាហ្វេ និងស្នុកឃ័រ គេឃើញមានតាំងអាជ្ញាប័ណ្ណ ទេសចរណ៍មួយសន្លឹក អនុវត្ត តាមប្រការ លេខ ០៧៦ ប្រ.ក ចុះថ្ងៃទី១៣ ខែ០៦ ឆ្នាំ២០១៣ របស់ក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ ខេត្តកណ្តាល ដើម្បីប្រកប អាជីវកម្ម កីឡាទេសចរណ៍ (ស្នុកឃ័រ) ប៉ុន្តែការបើកស្នុកឃ័រនេះ គ្រាន់តែជាលេសប៉ុណ្ណោះទេ ទីតាំងនេះ បានបង្កប់ល្បែងស៊ី សង នៅខាងក្នុងយ៉ាងគគ្រឹកគគ្រេង ដែលជាខ្នាតធំមួយ លេងម្តងរាប់រយដុល្លារ មិនដឹងថា ក្រសួងទេសចរណ៍ ខេត្ត កណ្តាលដឹងដែរឬអត់ ឬមួយក៏ដឹងដែរធ្វើជាមិនដឹង ៕






















ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]