រាជធានីភ្នំពេញ ៖ បន្ទាប់ពីរថយន្តម៉ាក Tundra តម្លៃជាង៦ម៉ឺនដុល្លាររបស់តារា ចម្រៀងផលិតកម្មសាន់ដេ លោកខេមរៈ សិរីមន្ត រងការខូចខាតស្ទើរទាំងស្រុង ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៧ មីនា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៤ រួចមក ពេលនេះលោកបានបង្ហាញ រថយន្តថ្មីមួយគ្រឿងទៀតម៉ាក Range Rover ស៊េរីឆ្នាំ២០០៨ មានតម្លៃប្រហែលជិត១០ម៉ឺនដុល្លារ។

ការបង្ហាញរថយន្តថ្មីនេះ ក្នុងពេលលោកខេមរៈ សិរីមន្ត ធ្វើដំណើររួមជាមួយ ឪពុករបស់លោកចូលរួមក្នុងសន្និសីទ សារព័ត៌មាននៅសមាគមសិល្បករខ្មែរ កាលពីពេលថ្មីៗនេះ ក្នុងគោលបំណងឱ្យក្រុមហ៊ុន SK ពន្លឿនសំណងដល់ភាគីជនរង គ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ ។ ខណៈពេលដែលសំណង នៅមិនទាន់បានមួយរៀលផងនោះ ស្រាប់តែតារាចម្រៀងខេមរៈ សិរីមន្ត បានបង្ហាញរថយន្តថ្មីសន្លាងមួយគ្រឿងទៀត ធ្វើឱ្យគេគ្រប់គ្នាយល់ថា លោកជាតារាចម្រៀងវ័យក្មេងស្តុកស្តម្ភ គឺក្រៅពីមានផ្ទះតម្លៃជាង ៤០ម៉ឺនដុល្លារហើយនោះ ក៏មានរថយន្តតម្លៃខ្ពស់ថែមទៀត ។

ការបង្ហាញរថយន្តដ៏ទំនើប និងទាន់សម័យថ្មីនេះ អាចបញ្ជាក់ថា តារាចម្រៀងសិរីមន្ត នៅតែសម្បូរប្រាក់ បើទោះបីជាលោកជួបគ្រោះអាក្រក់ខាត បង់ទ្រព្យសម្បត្តិរាប់សិបម៉ឺនដុល្លារ និងមិនទាន់ទទួលបានសំណងមកវិញក៏ដោយ ។តារាចម្រៀងដែលមានអាយុថ្លៃអាចគេចផុត ពីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រូបនេះអះអាងប្រាប់ កោះសន្តិភាពតាមទូរស័ព្ទថា រថយន្តដែលលោកជិះនេះ លោកទិញរយៈពេលមួយសប្តាហ៍មកហើយ ។ មូលហេតុដែលលោក សម្រេចចិត្តទិញរថយន្តថ្មីនេះ គឺដោយសារតែលោកគិតថា រថយន្តចាស់របស់លោករងការខូចខាតស្ទើរទាំងស្រុងទៅហើយ មិនអាចយកមកប្រើការបន្តទៀតទេ ។

ម៉្យាងទៀត លោកចាំបាច់ក្នុងការប្រើប្រាស់រថយន្ត ធ្វើដំណើរទៅសម្តែងនៅតាមកន្លែងផ្សេងៗ ក្រោយពិធីបុណ្យចូលឆ្នាំខ្មែររួច ។ ការចំណាយប្រាក់ទិញរថយន្តមួយនេះ គឺលោកប្រមូលប្រាក់ដែលសន្សំពី អាជីពសិល្បៈនាពេលកន្លងមក ដែលលោកទុកប្រាក់ទាំងនោះសម្រាប់បើកមុខជំនួញ ។ ដោយសារតែលោកមើលឃើញពីស្ថានភាព លំបាកក្នុងការធ្វើដំណើរក៏សម្រេចចិត្តយកប្រាក់ទាំងនោះទិញរថយន្តនេះ។ មូលហេតុដែលលោកសម្រេចទិញរថយន្តម៉ាកនេះ ដោយសារតែវាជាប្រភេទរថយន្តទាន់សម័យ និងកំពុងពេញនិយមសម្រាប់អ្នកប្រើប្រាស់ ។

តារាចម្រៀងរូបនេះមិនបានបញ្ជាក់ ពីតម្លៃរបស់រថយន្តថ្មីនេះឡើយ ប៉ុន្តែផ្អែកតាមតម្លៃទីផ្សារបច្ចុប្បន្ន រថយន្តប្រភេទនេះមានតម្លៃប្រហាក់ប្រហែលជិត១០ម៉ឺនដុល្លារ ឬក៏អាចលើសពីនេះ ។ពាក់ព័ន្ធទៅនឹងសំណងមិនទាន់បាន តែបង្ហាញរថយន្តថ្មីសន្លាងបែបនេះអាចមានការប៉ះពាល់ ដល់អារម្មណ៍ជនរងគ្រោះដទៃទៀត ឬយ៉ាងណានោះ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ រូបនេះបញ្ជាក់ថា មុននឹងលោកសម្រេចចិត្តទិញរថយន្តថ្មី គឺលោកបានយល់ដឹងពីទឹកចិត្តរបស់ពួកគាត់ទាំងអស់ច្បាស់លាស់ ដែលពួកគាត់ទាំងនោះមានការយល់ដឹង និងដឹងច្បាស់ពីផលលំបាករបស់លោក។ ម៉្យាងទៀត ពួកគាត់បានជូនពរដល់រូបលោកផងដែរ ។ កត្តាទាំងនេះជាមូលហេតុធ្វើឱ្យលោកមិនមានការព្រួយបារម្ភក្នុងការប៉ះទង្គិចទឹកចិត្តរបស់ពួកគាត់ឡើយ ក្នុងពេលដែលលោកបានបង្ហាញរថយន្តថ្មី ខណៈដែលសំណងមិនទាន់បាននៅឡើយនោះ ។

ការបង្ហាញរថយន្តថ្មីរបស់តារាចម្រៀងខេមរៈ សិរីមន្ត នៅមុនពេលតារាចម្រៀងរូបនេះនឹងបង្ហាញ វត្តមានជាថ្មីក្នុងកម្មវិធីប្រគំតន្ត្រីដ៏ធំមួយដែលរៀបចំឡើង ដោយសណ្ឋាគារណាហ្គាវើល ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រមទាំងកម្មវិធីជាច្រើន ទៀតបន្ទាប់ពីបុណ្យចូលឆ្នាំរួច ។ សិរីមន្ត បញ្ជាក់ថា មូលហេតុដែលលោកចេញមុខ ច្រៀងជាថ្មីមុនការកំណត់នេះ គឺដោយសារតែលោកបានសិក្សា ពីខ្លួនឯងយ៉ាងច្បាស់ថា អាចច្រៀងបានឡើងវិញ បន្ទាប់ពីមានការភិតភ័យព្រលឹងចុងសក់ ពេលជួបហេតុការណ៍ដ៏អាក្រក់នាពេលកន្លងមកនោះ ៕





បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]