រាជធានីភ្នំពេញ ៖ ប៉ូលិសខណ្ឌសែនសុខ បានក្របួចក្រុមជនជើងខ្លាំង វាយតប់គ្នាទាំង២ក្រុមដែលភាគ ច្រើនសុទ្ធតែក្មេងស្ទាវមានគ្នា សរុបចំនួន៧នាក់ កាលពីវេលាម៉ោង២ រំលងអធ្រាត្រឈានចូលថ្ងៃទី១០ មេសា ពី បទវាយតប់គ្នាបង្កចលាចល នៅក្នុងពិធីរាំធុងបាស កម្សាន្តចូលឆ្នាំថ្មីប្រពៃណី នៅតាមបណ្តោយផ្លូវលំមួយ ស្ថិតក្នុងភូមិបាយាប ក្រុមទី៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

មន្ត្រីប៉ូលិសបានឱ្យដឹងថា សមាសភាពក្រុមក្មេងស្ទេវទាំង៧នាក់នោះ ក្រុមទី១មានគ្នា៣នាក់ ១-ឈ្មោះ វ៉ា សម្បត្តិ អាយុ២៥ឆ្នាំ ២-ឈ្មោះព្រិល ណារ៉ុង អាយុ២៥ឆ្នាំ និង៣-ឈ្មោះ ពុយ សេន អាយុ២៦ឆ្នាំ ជនទាំងបីនាក់ ស្នាក់នៅកន្លែងកើតហេតុ ។ ចំពោះក្រុមទី២ មានគ្នា៤នាក់ ១-ឈ្មោះ ភី សុផល អាយុ២៦ឆ្នាំ ជាកម្មករសំណង់ស្នាក់នៅផ្ទះជួលក្បែរកន្លែងកើតហេតុ ២-ឈ្មោះ ប្រាក់ វិដុល្លារ អាយុ២៥ឆ្នាំ ជាកម្មករសំណង់ របួសបែកក្បាលខាងក្រោយ ៣-ឈ្មោះ ជុំ ភារុណ អាយុុ២១ឆ្នាំ និង៤-ឈ្មោះ ស ចាន់នី ស្នាក់នៅក្នុងការដ្ឋានសំណង់ក្បែរកន្លែងកើតហេតុរបួស ដៃស្តាំ ។

មូលហេតុនាំឱ្យក្រុមជនទំនើងទាំង ៧នាក់ខាងលើ បើកការវាយតប់គ្នាទៅវិញទៅមក ដោយសារតែរឿងរាំជាន់ជើងគ្នាតែប៉ុណ្ណោះ ។ ខណៈពេលកំពុងវាយតប់គ្នាមានប្រជាពលរដ្ឋបានរាយ ការណ៍មកប៉ូលិសក៏បាននាំកម្លាំងចុះទៅបង្រ្កាបភ្លាមៗ ដោយឃាត់ ជាក់ស្តែងបានចំនួន៧នាក់យកមកសួរនាំនៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ។លោក ម៉ក់ ហុង អធិការប៉ូលិសខណ្ឌសែនសុខបានបញ្ជាក់ថា លោកកំពុងតែបញ្ជាឱ្យប៉ូលិសជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនក្មេងទំនើងខាងលើទៅសាលាដំបូងរាជធានី ភ្នំពេញ ចាត់ការទៅតាមផ្លូវច្បាប់ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]