ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីចំណាស់ម្នាក់ ត្រូវរថយន្តបុកស្លាប់ភ្លាមៗ ខណៈគាត់ និងចៅស្រីអាយុ៦ឆ្នាំ ជិះរថយន្តមកពីស្រុកបវេល ខេត្តបាត់ដំបង ដើម្បីចូលរួមក្នុងពិធីបុណ្យដន្លង នៅភូមិ-ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ដោយកូនប្រសាស្រីជិះម៉ូតូ មកទទួលនៅចំណតរថយន្ត តាមផ្លូវជាតិលេខ៦ សំដៅទៅផ្ទះបុណ្យ តែជាគ្រោះអកុសលទើបនឹងជិះ ដល់ចំណុចផ្លូវបំបែកទៅឃុំបុស្បូវ ក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ត្រូវរថយន្តបុកពីក្រោយ បណ្តាលឱ្យស្ត្រីចំណាស់រូបនោះ ផ្លោងចេញពីម៉ូតូបោកក្បាលនឹងកញ្ចក់ រថយន្តរួចធ្លាក់ទៅលើថ្នល់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១០ មេសា ។

មន្ត្រីនគរបាលចរាចរខេត្តបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះតិះ វ៉ាន់ អាយុ៦៥ឆ្នាំ មានលំនៅភូមិពោធិ ឃុំល្វា ស្រុកបរវេល ខេត្តបាត់ដំបង បាននាំចៅស្រីម្នាក់ឈ្មោះសុច រក្សា អាយុ៦ឆ្នាំ មកចូលរួមបុណ្យខួប១០០ថ្ងៃ របស់ដន្លងស្រីនៅភូមិ-ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ បានកូនប្រសាស្រីឈ្មោះសេង តុ អាយុ២៥ឆ្នាំ រស់នៅទីនោះ ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1C-9237 មកទទួលដឹកពីចំណតរថយន្តទៅផ្ទះ ក៏ជួបគ្រោះអកុសលត្រូវរថយន្តម៉ាកកាមរីស៊េរី៩៥ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប 2A-1695 បុកពីក្រោយ។

ប្រភពបន្តថា មុនពេលកើតហេតុម៉ូតូ និងរថយន្តបើកស្របទិសគ្នាពីលិចទៅកើត ពេលមកដល់ចំណុចខាងលើ ម៉ូតូបានបត់ឆ្លងផ្លូវ ចំណែករថយន្តបើកលឿនជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកម៉ូតូពេញទំហឹង បណ្តាលឱ្យស្រីចំណាស់ស្លាប់ ឯក្មេងស្រីរួមទាំងអ្នកបើកម៉ូតូរបួសស្រាល ចំណែកម៉ូតូខូចខាតបន្តិចបន្តួច និងរថយន្តខូចខាតផ្នែកស្តាំខាងមុខ ។ ចំពោះអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ស្រមោល ។ ម៉ូតូ និងរថយន្តត្រូវសមត្ថកិច្ច យកមករក្សាទុកនៅ ស្នងការដ្ឋាននគរបាល ខេត្ត ឯសពប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕







បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]