តាកែវៈ គ្រោះថ្នាក់ ចរាចរមួយករណី រវាងមន្រ្តី ទីស្តីការ គណៈរដ្ឋមន្រ្តី និងអ្នកស្រុកត្រាំកក់ ក្បែរផ្សារត្រាំកក់ រយៈ ពេល ប្រមាណជា ប្រាំខែទៅហើយ នៅតែបន្តរ៉ាំរ៉ៃ ដូចជាជំងឺមហារីក ក្នុងប្រព័ន្ធតុលាការ ខណៈភាគីទាំងសងខាង ទាមទារយកត្រូវ រៀងៗខ្លួន។

កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១២ កន្លងទៅ គ្រោះថ្នាក់ចរាចរមួយ រវាងម៉ូតូគុប និងរថយន្តរ៉េវ ហ្វរ បានបុកគ្នា ពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ ៣ ក្នុងភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ គ្រោះថ្នាក់នេះ បណ្តាលឲ្យស្រ្តី វ័យ ចំណាស់ម្នាក់ ឈ្មោះ អ៊ីត ទូច ជាអ្នកជិះម៉ូតូ បានរងរបួសជាទម្ងន់ ពោលរហូតដល់ថ្នាក់ពិការភ្នែក និងជើងម្ខាងទៀតផង ដោយឡែក ភាគីរថយន្តរ៉េវ ហ្វរ បានរងការខូចខាត រថយន្តផងដែរ។

បើយោងតាម ប្រធានការិយាល័យ នគរបាលចរាចរណ៍ជើងគោក ខេត្តកណ្តាល លោក ប៉ុក ប៊ុលរិទ្ធ បានប្រាប់មជ្ឈ មណ្ឌល ព័ត៌មានដើមអម្ពិល នាព្រឹកថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០១៣ ថា នៅថ្ងៃកើតហេតុ អ្នកស្រី អ៊ីត ទូច បានជិះម៉ូតូ ក្នុងទិស ដៅបញ្ច្រាសគ្នា ជាមួយភាគីរថយន្តម៉ាក រ៉េវហ្វរ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2P-2635 ដែលបើកបរ ដោយលោក ហេង គីមគូ មន្រ្តីទីស្តីការ គណៈរដ្ឋមន្រ្តី ។ លុះដល់ចំណុចកើតហេតុ ពោលគឺនៅក្បែរ ផ្សារត្រាំកក់ លោកស្រី អ៊ីត ទូច បាន បត់ម៉ូតូចូល ទៅក្នុងផ្សារ គាប់ជួនពេលនោះ រថយន្តរបស់លោក ហេង គីមគូ ក៏មកដល់ បានបុកគ្នាពេញទំហឹង បណ្តាល អ្នកស្រី អ៊ីត ទូច ផ្លោងជាច្រើនម៉ែត្រ រហូតដល់បាក់ជើង និង បែកក្បាលយ៉ាងធ្ងន់ធ្ងរ។

លោក ប៉ុក ប៊ុលរិទ្ធ បានបន្តថា ក្រោយពេលកើតហេតុភ្លាមៗ ភាគីអ្នកស្រី អ៊ីត ទូច ដែលរងរបួសធ្ងន់ធ្ងរនោះ បាន ប្តឹងទាម ទារសំណង រហូតដល់ ៣.០០០ដុល្លារ ដោយឡែក ភាគីរថយន្ត បានព្រមជួយចេញថ្លៃខូចខាត និងព្យាបាលជំងឺត្រឹម ១.៥០០ ដុល្លារប៉ុណ្ណោះ។ ការចរចានេះ មិនបានសម្រេចឡើយ ភាគីខាងម៉ូតូ ក៏បន្តដាក់ពាក្យបណ្តឹង ទៅសាលាដំបូងខេត្ត តាកែវបន្ថែមទៀត។

ស្រ្តីជាកូនរបស់លោកស្រី អ៊ីត ទូច បន្ទាប់ពីសំណុំរឿង បានជាប់គាំង អស់ជាច្រើនខែមកនោះ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ កន្លងទៅ បានមកដល់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ដោយទាមទារឲ្យតុលាការ ពន្លឿនសំណុំរឿង និងអំពាវ នាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជួយរកយុត្តិធម៌ ជូនម្តាយរបស់ខ្លួនផងដែរ។

ស្រ្តីជាកូនរូបនេះ បានបញ្ជាក់ថា «ម្តាយរបស់ខ្ញុំបានពិការភ្នែកម្ខាង ជើងម្ខាង ហើយខ្ញុំចំណាយលុយអស់ជាច្រើន ព្យាបាល ម្តាយរបស់ខ្ញុំ ខ្ញុំជាអ្នកក្រ ខ្ញុំខ្ចីលុយគេ ដើម្បីព្យាបាលម្តាយ ហើយរហូតដល់ពេលនេះ មិនទាន់មានដំណោះស្រាយទេ ទាំង ភាគីរថយន្ត និងតុលាការ » ។

ដោយឡែក ភាគីជាម្ចាស់រថយន្តវិញ លោក ហេង គីមគូ ជាមន្រ្តី នៅទីស្តីការគណៈរដ្ឋមន្រ្តី បានបញ្ជាក់ថា ករណី គ្រោះថ្នាក់ ចរាចរនេះ គាត់មិនមែនជាអ្នកខុសនោះទេ ពោលភាគី ខាងម៉ូតូជាអ្នកខុស ព្រោះគាត់បានបត់ឆ្វេង ដោយមិនផ្តល់ភ្លើង សញ្ញា និងមិនបានមើលឆ្វេងស្តាំ បត់យកតែម្តង ហើយជ្រុលមកបុករថយន្តគាត់ដោយខ្លួនឯង។ លោក ហេង គីមគូ បន្តថា ក្រោយពេលកើតហេតុភ្លាមៗ រូបគាត់ ក៏ព្យាយាមសម្របសម្រួល ផ្តល់សំណងរហូត ដល់ ១.៥០០ដុល្លារ តែភាគីខាងម៉ូតូ មិនព្រមទទួលឡើយ ។

លោកបញ្ជាក់ថា «ខ្ញុំមិនមែនជាអ្នកខុសទេ គាត់បត់ឆ្វេង ខ្វះការប្រុងប្រយ័ត្ន។ ខ្ញុំដឹងថា គ្រួសារគាត់ជាអ្នកក្រ ខ្ញុំគិត អាយុ ជីវិតថ្លៃជាង រថយន្តរបស់ខ្ញុំ ហើយរថយន្តរបស់ខ្ញុំក៏ខូចដែរ តែខ្ញុំយកជីវិតមនុស្សសំខាន់ ខ្ញុំក៏ព្រមជួយចេញថ្លៃខូចខាតជូនគាត់ ១.៥០០ ដុល្លារ ដើម្បីថ្លៃព្យាបាល តែគាត់មិនព្រម»។

លោក ហេង គីមគូ ក៏បានឲ្យដឹង ផងដែរថា ករណីគ្រោះថ្នាក់ចរាចរនេះ បើតាមក្រុមគ្រួសារ ភាគីម៉ូតូមិនសូវជារឹងរូសប៉ុន្មាន នោះទេ តែមេធាវីជាអ្នកកាង និងក្អេងក្អាងខ្លាំង ក្នុងករណីនេះ គឺគេចង់បង្ហាញពីឥទ្ធិពល និងកេត្យានុ ភាពរបស់គេ។

ចុងក្រោយនេះ លោក ហេង គីមគូ ក៏បានឲ្យផ្តល់ភ្លើងខៀវ ព្រមសម្របសម្រួល ដោយជួយចេញថ្លៃខូចខាត រហូតដល់ទៅ ៣.០០០ ដុល្លារ តែភាគីខាងម៉ូតូ មិនព្រមទទួលនោះទេ ដោយគាត់អះអាងថា ម្តាយ របស់គាត់ត្រូវពិការអស់មួយ ជីវិត ហើយត្រូវ ចំណាយ ថ្លៃព្យាបាលអស់ជាច្រើនថែមទៀតផង។

ឆ្លើយតបទៅនឹងសំណុំរឿង គ្រោះថ្នាក់ចរាចរខាងលើនេះ ព្រះរាជអាជ្ញារង សាលាដំបូងខេត្តតាកែវ លោក ទិន សុចិត្រា បាន បញ្ជាក់ថា សំណុំរឿងនេះ គាត់ទើបទទួលបាន រយៈពេលត្រឹមជាង ១ ខែប៉ុណ្ណោះ ក្រោយពេលទទួលបាន គាត់ក៏ហៅភាគី ទាំងសងខាង មកសាកសួររួចរាល់ហើយ តែត្រូវបន្តស៊ើបអង្កេតបន្តទៀត ព្រោះភាគីម្ខាងៗ សុទ្ធតែមានសំអាងរៀងៗខ្លួន។

លោក ទិន សុចិត្រា ក៏បានបញ្ជាក់ផងដែរថា បើពិនិត្យតាមរបាយការណ៍ របស់មន្រ្តីនគរបាលចរាចរណ៍ គឺភាគីខាង ម៉ូតូ គាត់ជាអ្នកខុស ព្រោះគាត់បត់ឆ្វេង តែទោះជាយ៉ាងណា លោកក៏កំពុងតែពិនិត្យ ទៅលើភាគីរថយន្តដែរ ព្រោះ ខ្លាចបើក លើសល្បឿនកំណត់។ «បើយើងមើលទៅ ខាងម៉ូតូគាត់ជាអ្នកខុស តែយើងត្រូវពិនិត្យលើរថយន្ត តើ គាត់បើកលើស ល្បឿនកំណត់ ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោងអត់ បើកគាត់បើកលើសល្បឿននេះ គាត់ក៏រួមចំណែក ខុសដែរ»។

បើតាមមជ្ឈដ្ឋានទូទៅ បានលើកឡើងថា ករណីគ្រោះថ្នាក់ចរាចរណ៍ វាជាឧប្បត្តិហេតុ ដែលបានកើតឡើងរួចទៅ ហើយ ទាំងភាគីរងគ្រោះថ្នាក់ និងភាគីរថយន្ត នរណាក៏គ្មានបំណង ឲ្យកើតមានបញ្ហាបែបនេះដែរ។ តែបើបញ្ហា វាកើតមានទៅ ហើយ ភាគីទាំងពីរ គួរព្យាយាមសម្រួលគ្នា បញ្ចប់បញ្ហាដោយសន្តិវិធី ហើយបើភាគីទាំងពីរ នៅតែបន្តប្រកាន់ជំហរខ្លាំង និងយកត្រូវរៀងៗខ្លួន ទៅដោះស្រាយគ្នា នៅប្រព័ន្ធតុលាការវែកញែករកខុស និងត្រូវនោះ បញ្ហាមួយនេះ នឹងមិនងាយ បញ្ចប់ឡើយ ប្រៀបដូចជា ជំងឺមហារីក នៅបន្តរ៉ាំរ៉ៃ នឹងត្រូវចំណាយពេលវេលា និងលុយកាស ជាច្រើនបន្ថែមទៀត ដើម្បី បន្តក្តីរបស់ខ្លួន ៕



ដោយ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីត