ភ្នំពេញ ៖ នារីវ័យជាង២០ឆ្នាំម្នាក់ ស្រវឹងស្រាបើករថយន្តគ្មានប្រណី មិនគិតខ្លួនជាស្រី បានជ្រុលចង្កូត ឡើងទៅលើកសួរច្បារសម្តេច ហើយជ្រុលទៅបុក រូបចម្លាក់ មួយបណ្តាលឲ្យ ដួលរំលំដេកផ្លូវតែម្តង ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង ៤៥នាទីយប់ ឈានចូលថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០១២ នៅត្រង់ចំណុច សួរច្បារ សម្តេច តាមបណ្តោយផ្លូវសុធារស ជិតនាគបាញ់ទឹក ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចដែលចុះទៅត្រួតពិនិត្យ និងវាស់វែងដល់ចំណុច កើតហេតុបានឲ្យដឹងថា រថយន្តបង្កហេតុខាងលើនេះ ម៉ាកឡិចស៊ីស RX៣០០ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ ២S ៦០២៩ បើកបរដោយនារីម្នាក់ មិនស្គាល់អត្តសញ្ញាណវ័យជាង២០ឆ្នាំ។

សាក្សីដែលបានឃើញហេតុការណ៍នេះ បានបន្ត ឲ្យដឹង ថា មុនពេលកើតហេតុនោះ គេបានឃើញនារីវ័យក្មេងម្នាក់ បើករថយន្តបង្កហេតុខាងលើនេះ ក្នុងល្បឿន លឿន មិនអាចកំណត់បានក្នុងទិសដៅ ពីកើតទៅលិច តាមបណ្តោយផ្លូវសួន សម្តេចលុះមកដល់ចំណុចកើតហេតុ ខាងលើនេះរថយន្តបង្កហេតុបានទាញ ចង្កូត បត់ខាងឆ្វេងដៃ ចូលទៅតាមផ្លូវសុធារស ដោយបើកជុំវិញរូបចម្លាក់សម្តេចសង្ឃ ជួន ណាត ក៏ជ្រុលចង្កូតឡើងលើកសួនសម្តេច បុកបំបាក់រូបចម្លាក់មួយ ដែល បណ្តាលឲ្យរូបចម្លាក់បាក់ធ្លាក់ ដេករៀបដល់ដីតែម្តង ចំណែកជើងទម្ររូបចម្លាក់នោះ ត្រូវរថយន្តកិនពីលើ ទើបបណ្តាលឲ្យរថយន្ត បើកបរទៅមុខលែងរួច។

ប្រភពដដែល បានបន្តថា បន្ទាប់ពីមានហេតុការណ៍នេះ គេឃើញនារីម្នាក់ បើកទ្វាររថយន្តចុះចេញមក ក្រៅពីរថយន្តក្នុងស្ថានភាពស្រវឹងស្រាជោក ស្ទើរទប់ខ្លួនមិន នឹង។ គួរបញ្ជាក់ថា ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បណ្តាលឲ្យរូបចម្លាក់មួយ ត្រូវរលំដួល រៀបដល់ដីចំណែករថយន្ត ត្រូវការខូចខាតយ៉ាងដំណំ ហើយក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យមនុស្សណាម្នាក់ រងរបួសធ្ងន់ធ្ងរឡើយ។

បច្ចុប្បន្នរថយន្តបង្កហេតុ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ខណ្ឌចំការមន សហការជាមួយប៉ូលិសក្រុងធ្វើការ វាស់វែង និងស្ទូចយករថយន្តបង្កហេតុ ទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីដោះ ស្រាយតាមផ្លូវច្បាប់ ៕ 

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]