រាជធានីភ្នំពេញ ៖ បុរសម្នាក់ដោយសារតូចចិត្តនឹងប្រពន្ធ សុំលែងលះក៏ដើរផឹកស៊ីជាមួយជនមាន សតិមិនប្រក្រតីម្នាក់នៅក្នុងភូមិ ជាមួយគ្នាស្រវឹងជារៀងរាល់ថ្ងៃ ហើយបន្ទាប់មកក៏បានធ្វើអត្តឃាត ដោយចង.កនៅនឹងដើមអំពិល ខាងក្រោយផ្ទះរបស់ខ្លួន បណ្តាលឱ្យស្លាប់បាត់បង់ជីវិត ។ ហេតុការណ៍នេះបានបង្កឱ្យ មានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង១៥នាទី ព្រឹកថ្ងៃទី១១ មេសា ២០១៣ នៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា បុរសដែលចង.កសម្លាប់ខ្លួននេះឈ្មោះស្រ៊ន ស្រេង អាយុ២៦ឆ្នាំ ជាកសិករ មានប្រពន្ធឈ្មោះភា អាយុជាង២០ឆ្នាំ និងមានកូនពីរនាក់ក្នុងបន្ទុក សព្វថ្ងៃស្នាក់នៅក្នុងភូមិ-ឃុំខាងលើ ។ កន្លងមក ប្តីប្រពន្ធមួយគូនេះឧស្សាហ៍មានទំនាស់ឈ្លោះប្រកែកគ្នា និងលែងលះគ្នាជាញឹកញាប់ប៉ុន្តែមិនយូរប៉ុន្មាននោះទេ បានតែបន្តិចប៉ុណ្ណោះត្រូវរ៉ូវគ្នាវិញហើយ ។ លុះមួយរយៈចុងក្រោយនេះ ពួកគេបានឈ្លោះទាស់ទែងគ្នាជាបន្តបន្ទាប់ទៀត ហើយស្ត្រីជាប្រពន្ធបានចាកចេញទៅរស់នៅជាមួយឪពុកម្តាយរបស់នាងឯស្រុកកំណើតក្នុងខេត្តកំពង់ធំវិញ ។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីមានការរកាំរកូសនៅក្នុងរង្វង់គ្រួសារបែបនេះប្រពន្ធបានសុំលែងលះគ្នាឱ្យដាច់ស្រឡះ ធ្វើឱ្យបុរសនោះខូចចិត្តក៏ចេះតែដើរផឹកស៊ីស្រវឹងរាល់ថ្ងៃ ហើយនៅមុនពេលកើតហេតុរូបគេបានដើរផឹកស៊ីជាមួយបុរសម្នាក់ជាមនុស្សមានសតិមិនប្រក្រតីរស់នៅក្នុងភូមិជាមួយគ្នា ដូចសព្វមួយដងដោយចេញទៅផឹកតាំងពីម៉ោង១១ព្រឹកថ្ងៃទី១០ មេសា រហូតដល់ម៉ោង១១យប់ថ្ងៃដដែល ទើបត្រឡប់ចូលដល់ផ្ទះវិញ និងបានអង្គុយផឹកស្រានៅខាងក្រោមផ្ទះបន្តទៀត ។ បន្ទាប់មកបានរករឿងម្តាយរបស់ខ្លួន ព្រមទាំងទាញកែវ និងចានបោកចោលរួចហើយយកកន្សែងពណ៌សរបស់ម្តាយសម្រាប់ពានាទៅវត្តដើរចេញពីផ្ទះទៅ  បាត់ ។

ប្រភពដដែលបានបន្តថា នៅពេលនោះស្ត្រីជាម្តាយ និងអ្នកជិតខាងបាននាំគ្នាដើររកអស់ពេញមួយយប់តែរកមិនឃើញទាល់តែសោះ លុះព្រឹកឡើងស្រាប់តែប្រទះឃើញបុរសនេះចង.កនឹងកន្សែងនៅនឹងដើមអំពិលដោយស្លាប់លុតជង្គង់នៅលើដីបាត់ទៅហើយ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]