ខេត្តកំពង់ស្ពឺ ៖ នារីរងគ្រោះដោយអំពើរំលោភសេពសន្ថវៈ និងចាប់បង្ខាំងឱ្យរំលូតកូនរួម ទាំងធ្វើឱ្យក្រុមគ្រួសារកើតទុក្ខមិនសុខចិត្ត ជុំវិញការដោះលែងជនសង្ស័យឱ្យ នៅក្រៅឃុំដែលធ្វើឱ្យក្រុមគ្រួសារនារីរងគ្រោះ មានការងឿងឆ្ងល់គ្រប់ៗគ្នា ។

ការដោះលែងជនជាប់ចោទក្នុងករណី ចាប់រំលោភសេពសន្ថវៈនិងចាប់បង្ខាំងឱ្យរំលូតកូន នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១០ មេសា ដោយលោកព្រះរាជអាជ្ញារងសឿ ឡងឌី ។ លោកព្រះរាជអាជ្ញារងដែលកាន់សំណុំរឿងក្តី រំលោភសេពសន្ថវៈនេះបានប្រាប់ថា រឿងនេះកំពុងស្ថិតនៅក្រោមការស៊ើប អង្កេតរបស់ចៅក្រមនៅឡើយ ។ ការដោះលែងនេះគឺគ្រាន់តែ អនុញ្ញាតឱ្យជនជាប់ចោទនៅក្រៅឃុំតែប៉ុណ្ណោះ ប៉ុន្តែជនជាប់ចោទនៅតែស្ថិតក្រោមការតាមដានរបស់តុលាការដដែល ។ នារីរងគ្រោះនិងក្រុមគ្រួសារបានលើកឡើងថា ការដែលតុលាការធ្វើបែបនេះហាក់បីដូចជា សម្លាប់នាងទាំងរស់អ៊ីចឹងពីព្រោះនាងនៅមិន ទាន់ទទួលបានមកវិញនូវយុត្តិធម៌នៅឡើយ ។
នៅព្រឹកថ្ងៃទី១១ មេសា លោកសឿ ឡងឌី បានឱ្យដឹងទៀតថា រឿងនេះមិនមែនតុលាការឱ្យជនជាប់ ចោទរួចពីសំណាញ់ច្បាប់នោះទេ គឺមេធាវីរបស់ជនជាប់ចោទបានដាក់ប្រាក់តម្កល់សុំនៅក្រៅឃុំ ហើយខាងតុលាការធ្វើតាមនីតិវិធីតែប៉ុណ្ណោះ ។ ករណីនេះលោកក៏បានឆ្លងយោបល់ទៅលោកកែវ សុធា ព្រះរាជអាជ្ញាដែនដី ទើបមានការដោះលែងឱ្យនៅក្រៅឃុំ ។

លោកពីវ គី ឪពុកនារីរងគ្រោះបានឱ្យដឹងកាលពីល្ងាចថ្ងៃទី១០ មេសា ថា រឿងនេះរូបលោកមិនសុខចិត្តនោះទេ ពីព្រោះកូនស្រីលោកមិនទាន់ទទួលបាននូវយុត្តិធម៌នៅឡើយ ហើយលោកនឹងបន្តប្តឹងទៅថ្នាក់លើជាបន្តទៀត ។ លុះត្រាតែកូនស្រីរបស់លោកទទួលបាននូវយុត្តិធម៌ទើបលោកនិងក្រុមគ្រួសារស្ងប់ចិត្ត ។ លោកពីវ គី បង្កថា លោកមានទំនុកចិត្តយ៉ាងខ្លាំងចំពោះប្រព័ន្ធតុលាការថា នឹងផ្តល់នូវយុត្តិធម៌ដល់កូនស្រីរបស់លោក តែមិននឹកស្មានថា ពេលនេះបែរជាធ្វើឱ្យលោកមានការឈឺចាប់រឹតតែខ្លាំង ជាពិសេសគឺកូនស្រីរបស់លោក ។

លោកបាននិយាយថា មុននេះលោកគ្រាន់តែបានឮថាមានអ្នករត់ការប្រុង ដោះលែងជនល្មើសឱ្យមានសេរីភាព តែលោកមិនជឿនោះទេ ព្រោះតែលោកមានទំនុកចិត្តទៅលើតុលាការ តែមិននឹកស្មានថា ពេលនេះលោកបានទទួលមកវិញនូវការឈឺចាប់យ៉ាងនេះសោះ ។

សូមរំលឹកថា ជនជាប់ចោទក្នុងករណីរំលោភសេពសន្ថវៈដែលត្រូវបានដោះលែងឱ្យ មានសេរីភាពនោះឈ្មោះហុង មុន្នី ហៅ ពៅអាយុ២៣ឆ្នាំ មានទីលំនៅភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺជាកូនថៅកែទឹកកក ឯនារីរងគ្រោះឈ្មោះ ហ.ក អាយុ១៦ឆ្នាំ ជាអនីតិជន ។ ជនល្មើសឈ្មោះហុង មុន្នី ហៅ ពៅ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនកាលពីថ្ងៃទី២២ កុម្ភៈ នៅក្នុងផ្ទះជននោះតែម្តង ខណៈពេលដែលគេប្រុងរត់គេចខ្លួន ។ សមត្ថកិច្ចបានធ្វើការចោទប្រកាន់ជននេះ ជំហានដំបូងពីបទលួងលោមនិងចាប់រំលោភសេពសន្ថវៈ ។

ចំណែកឯនារីរងគ្រោះវិញបានឱ្យដឹងថា រវាងរូបនាងនិងជនរូបនេះគឺ ស្គាល់គ្នាតាមរយៈហ្វេសប៊ុក ដែលដំបូងឡើយឈ្មោះពៅនេះចេះតែធ្វើល្អ និងបានបបួលនាងទៅដើរលេងនៅខាងក្រៅ ។ លុះយប់មួយនាងមិនចាំថ្ងៃខែ ជននេះបានហៅនាងឱ្យជិះរថយន្តជាមួយ ហើយរូបគេបានបើករហូតដល់ម៉ោង១០យប់ ។ ឈ្មោះពៅ បានបើករថយន្តទៅកាន់កន្លែងស្ងាត់មួយកន្លែងតាមផ្លូវជាតិលេខ៤ ហើយបានធ្វើសកម្មចាប់រំលោភរូបនាង នៅក្នុងរថយន្តរហូតបានសម្រេច និងក្រោយៗមកទៀតឈ្មោះនេះ តែងតែចាប់រំលោភ នាងរហូតដោយគំរាមមិនឱ្យប្រាប់នរណាឡើយ បើហ៊ានប្រាប់គេនឹងសម្លាប់ចោល ។ ដោយសារតែខ្លាច ទើបរូបនាងចេះតែលាក់ ទុករឿងនេះមិនឱ្យនរណាដឹងឡើយ ។

នារីរងគ្រោះបន្តថា ថ្ងៃទី២៤ មករា ឆ្នាំ២០១៣ ពេលដែលនាងហាក់មាន អាការៈខុសពីធម្មតា នាងក៏ប្រាប់ទៅឈ្មោះពៅថា នាងមានផ្ទៃពោះ ។ ពេលនោះឈ្មោះពៅក៏ បានហៅនាងទៅផ្ទះរបស់គេ ដោយចាប់បង្ខាំងនាងឱ្យនៅទីនោះចំនួន៣យប់ ៣ថ្ងៃ មានម្តាយឪពុកមីងមារបស់គេជាច្រើននាក់ ហើយបានយកថ្នាំម៉្យាងដែលនាងមិនស្គាល់មកបង្ខំឱ្យនាងលេប ។ ក្រោយពីលេបហើយទើបឈ្មោះពៅបានប្រាប់នាងថា នេះជាថ្នាំរំលូតកូន ។ ពេលនោះនាងមានការតក់ស្លុតយ៉ាងខ្លាំងធ្វើឱ្យនាង ដែលជាក្មេងស្រីទើបតែមានអាយុ១៦ឆ្នាំមានការ អស់សង្ឃឹមយ៉ាងខ្លាំង ។ រឿងដែលនាងឈឺចាប់បំផុតនោះគឺពាក្យ សម្តីមើលងាយមើលថោករបស់ម្តាយឈ្មោះ ពៅនេះមកលើរូបនាងតែម្តង ។ រហូតដល់ថ្ងៃទី១៩ កុម្ភៈ ដោយមានការឈឺចាប់ផ្នែកផ្លូវចិត្តខ្លាំងពេក ព្រមទាំងខ្មាសអស់ញាតិជិតខាងដែលដឹងរឿងនាង ក៏សម្រេចចិត្តលេបថ្នាំសម្លាប់ខ្លួន តែត្រូវបានបងប្អូនជួយសង្គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីឱ្យគ្រូពេទ្យជួយសង្គ្រោះទាន់ពេល ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]