ខេត្តបាត់ដំបង ៖ យុវជនម្នាក់ ដែលម្ដងធ្វើឆ្កួត ម្ដងធ្វើជាត្រូវបានសមត្ថកិច្ចឃាត់ ខ្លួន កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១១ មេសា ២០១៣ ក្រោយពីមានបណ្ដឹងថា ជននេះបានព្យាយាមទូរស័ព្ទអស់រយៈពេល ជាងមួយសប្ដាហ៍ ដើម្បីគំរាមទារប្រាក់ រហូតដល់៣០ម៉ឺនដុល្លារពីបុគ្គលិក ផ្នែកម៉ាស្សារបស់ក្រុមហ៊ុនកូរ៉េ មួយដែលមានទីតាំងនៅ ខាងជើងផ្សារបឹងឈូក ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលជាថ្នូរ និងមិនទម្លាយរឿងអាស្រូវ និងមិនកម្ទេចទីតាំងម៉ាស្សានេះចោល ។

សមត្ថកិច្ចនិយាយថា ជនសង្គមងងឹតនេះឈ្មោះហែម សុភ័ក្រ អាយុ២០ឆ្នាំ នៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ។ ជននេះហាក់មានសតិមិនប្រក្រតី បន្ទាប់ពីត្រូវឃាត់ខ្លួនដែលគេសង្ស័យថា ជាការធ្វើឆ្កួតដោយចេតនា ដើម្បីចៀសពីការចោទប្រកាន់តាមផ្លូវច្បាប់។ សមត្ថកិច្ចបន្តថា ជននេះត្រូវស្រ្តីបុគ្គលិកផ្នែកម៉ាស្សារបស់ក្រុមកូរ៉េឈ្មោះ «VIGEN MEDICAL» មានទីតាំងខាងលើប្ដឹងឲ្យចាប់ខ្លួន ក្រោយពីពួកគេទទួលការហៅទូរស័ព្ទចូល ជាង៦០លើកពីជនឡប់សតិនេះ ដើម្បីគំរាមទារប្រាក់ចាប់ពី៥ម៉ឺនដុល្លារ រហូតដល់៣០ម៉ឺនដុល្លារ ព្រោះតែមានភាពយឺតយ៉ាវក្នុងការប្រគល់ប្រាក់។ ប៉ុន្តែចុងក្រោយធា្លក់មកនៅត្រឹម ៦.០០០ដុល្លារ ដោយកំណត់ពេលប្រគល់ប្រាក់នៅម៉ោង១២ និង៤៥នាទីថ្ងៃទី១១ មេសា ក្នុងព្រលានយន្តហោះ វាលបែកចាន ក្រុងបាត់ដំបង តែត្រូវសមត្ថកិច្ចឃាត់ខ្លួនមុនម៉ោងកំណត់ គ្រាដែលជននេះបន្លំខ្លួនចូលក្នុងហាងម៉ាស្សា របស់ក្រុមហ៊ុនដែលបុគ្គលិកបាន ស្គាល់ច្បាស់៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]