ភ្នំពេញ ៖ គ្រោះថ្នាក់ ចរាចរណ៍មួយ រវាងរថយន្ដ បុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ រងរបួស ជើងទាំងពីរ ចំណែកភាគីរថយន្ដបង្ក បានបើករត់គេច ទីបញ្ចប់  សាក្សី និយាយថា រថយន្ដបង្កនោះ បានបើកចូលភូមិគ្រឹះ លេខ១៨ ស្ថិតតាមបណ្ដោយផ្លូវ លេខ ៥៩២ ខាងកើតប៉ុស្ដិ៍នគរបាល រដ្ឋបាលបឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមនគរបាល មូលដ្ឋាន រាយការណ៍មកថា ហេតុការណ៍ គ្រោះថ្នាក់ចរាចរនេះ បានកើតឡើង កាលពីវេលាម៉ោង ១២ និង ១៥ នាទី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៣ នៅ ចំណុចផ្លូវ លេខ៣៣១ កែងផ្លូវលេខ៥៧៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។ ជនរងគ្រោះឈ្មោះ ជា អាយុ ២៧ ឆ្នាំ ស្នាក់នៅ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ជិះម៉ូតូម៉ាកសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BT-7768 ចំណែកភាគីបង្ក ជិះរថយន្ដម៉ាក មែកសឺដេស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1I-3638 មិនត្រូវបានគេស្គាល់អត្ដសញ្ញាណនោះទេ។

ទោះជាយ៉ាងណា ក្រោយកើតហេតុ នគរបាល បានតាមចាប់រថយន្ដបង្កហេតុ រហូតដល់ចំណុចផ្ទះលេខ ១៨ លើដងលេខ ៥៩៨ បានចូលផ្ទះ ហើយបិទទ្វារជិត នាំ ឲ្យ សមត្ថកិច្ចមិនហ៊ានចូលតាម ។ ប៉ុន្ដែគេសង្ឈឹមថា លោកអធិការនឹងចាត់ការរឿងនេះ ដោយមិនអាចឲ្យជនបង្ករួចខ្លួនឡើយ  ព្រោះនេះជាករណី គ្រោះថ្នាក់ចរាចរ គ្មាន នរណាចង់ឲ្យកើតទេ ប៉ុន្ដែបើអ្នកបង្កគ្មានចេតនា ចូលរួមដោះស្រាយជាមួយ ជនរងគ្រោះនោះ ទើបជាការពិបាក។

តាមសាក្សី ឃើញហេតុការណ៍និយាយថា មុនពេលកើតហេតុ រថយន្ដបានបើកមកពីខាងកើត ឆ្លងផ្លូវ ស្រាប់តែបុកម៉ូតូ ជនរងគ្រោះ កំពុងធ្វើដំណើរពីជើង មកត្បូង ពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះ ដេកដួលក្នុងថ្លុកឈាម ហើយម៉ូតូស៊េរី ០១៣ ខូចខាតស្ទើរទាំងស្រុង ៕





ដោយ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]