សម្តេច ហ៊ុន សែន ឯកភាព​ឲ្យបន្ត​ពន្យារពេល​បើក​សាលា​រៀន​ទូទាំង​ប្រទេស ព្រោះ​ខ្លាច​កូវីដ​១៩ ​ផ្ទុះឡើង​ជាថ្មី

//s5.kh1.co/4c/4cd36e8aba211a45001d276ad2c35ebdef55f6a0.jpg
សង្គម

 ១៥-ឧសភា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃ ១៥ ឧសភានេះ បានឯកភាពឲ្យបន្តការពន្យារពេលបើកសាលា​ទាំងគ្រឹះ​ស្ថានសិក្សារដ្ឋ និងឯកជនដើម្បីបង្ការការផ្ទុះឡើងសារជាថ្មីនៃជំងឺកូវីដ១៩

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃ ១៥ ឧសភានេះ បានឯកភាពឲ្យបន្តការពន្យារពេលបើកសាលារៀន ​ទាំងគ្រឹះ​ស្ថានសិក្សារដ្ឋ និងឯកជនដើម្បីបង្ការការផ្ទុះឡើងសារជាថ្មីនៃជំងឺកូវីដ១៩ ដោយលើកឡើង​ថា ជំងឺនេះ​នៅតែមាន​ហានិភ័យខ្ពស់នៅ​ឡើយ ហើយអាចនឹងផ្ទុះឡើងវិញ។ នេះបើតាមការផ្សាយពីទំព័រហ្វេសប៊ុករបស់​វិទ្យុមិត្តភាព​កម្ពុជា-ចិននៅថ្ងៃដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមការផ្សាយដដែលបន្ថែមថា ក្នុងពិធីបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រនេះ សម្តេចនាយករដ្ឋមន្ត្រីបានមាន​ប្រសាសន៍ថា ការស្នើសុំណាមួយដែលឲ្យបើកសាលារៀនឡើងវិញនោះមិនទាន់អាចប្រញាប់ប្រញាល់បានឡើយ។ សម្តេចថា គួរឲ្យបន្តពន្យាការបើកសាលាមួយរយៈទៀតធ្វើយ៉ាងណាឲ្យជីវិតបានរស់គង់វង្សសិន។

សម្តេចនាយករដ្ឋមន្ត្រីបន្តថា បើសិនជាបើកសាលានៅពេលនេះ ជំងឺកូវីដ១៩ អាចឆ្លងចូលសាលា នោះវាស្មើនឹងឆ្លង​ចូលសហគមន៍ហើយ មានន័យថាការឆ្លងនេះចូលទៅក្នុងក្រុមងាយរងគ្រោះបំផុត ខណៈស្ថានភាពបច្ចុប្បន្ន ជីវភាព​របស់ប្រជាជនស្ទើរតែវិលត្រឡប់មករកភាពល្អប្រសើរ​ឡើងវិញហើយនោះ។

ការសម្រេចឲ្យពន្យារពេលបើកសាលានេះ តបតាមសំណើរមួយរបស់រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន។ កន្លងទៅរដ្ឋមន្ត្រីរូបនេះ បានសរសេរលិខិតមួយជូនសម្តេច ហ៊ុន សែន កាលពីថ្ងៃទី១២ ឧសភា អំពីស្ថានការនៅ​កម្ពុជា ដោយលោក ហង់ជួន ណារ៉ុន ថាមិនទាន់អាចបើកដំណើរការសាលារៀនឡើងវិញបានឡើយ បើទោះមាន​គ្រឹះស្ថានសិក្សាមួយចំនួន បានស្នើសុំឲ្យមានការអនុញ្ញាតិបើកសាលារៀនឡើងវិញនៅសប្តាហ៍ទី៤នៃខែឧសភា ឬដើមខែមិថុនាឆ្នាំ២០២០ ឬពេលវេលាណាមួយខាងមុខក៏ដោយ។

សូមបញ្ជាក់ថា មកទល់ថ្ងៃ ១៥ ឧសភានេះ កម្ពុជាមានករណីព្យាបាលជាសះស្បើយនូវកូវីដ១៩ ចំនួន ១២១នាក់​ហើយ នៅសល់តែម្នាក់ទៀតប៉ុណ្ណោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ជាការកត់សម្គាល់ ដោយឃើញស្ថានភាពប្រសើរឡើងបែបនេះ ទើបគ្រឹះស្ថានសិក្សាមួយចំនួន បានស្នើសុំក្រសួងអប់រំ​ឲ្យមានការអនុញ្ញាតិបើកសាលារៀនឡើងវិញ (ខណៈការតម្រូវឲ្យវ៉ាកងតូចមុនកាលកំណត់ត្រូវរដ្ឋាភិបាល​បញ្ជាតាំង​ពីថ្ងៃ ១៤ ខែមីនា ដោយសារកាលនោះស្ថានភាពកូវីដ១៩ កាន់តែផ្ទុះខ្លាំង)។ ប៉ុន្តែជាការឆ្លើយតប រដ្ឋមន្ត្រី​ក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន ថាមិនទាន់អាចបើកដំណើរការសាលារៀនឡើងវិញបានឡើយ ខណៈសម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានឯកភាពឲ្យបន្តពន្យារពេលបើកសាលាទាំងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនផងដែរ៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T