ភ្នំពេញ៖ យុវជនម្នាក់ ជិះម៉ូតូក្នុងល្បឿនលឿន គេចម៉ូតូ ដែលជិះនៅពីមុខ មួយគ្រឿង ក៏រអិលចង្កូតធ្លាក់ គ្រឡុក រួចហើយ ជ្រុលចង្កូតទៅគៀរ ជាមួយរថយន្ត ក្រឡុកស៊ីម៉ង់ត៌ បើកច្រាសទិសគ្នា បណ្តាលឲ្យដួល រងរបួសបាក់ចង្កេះ រីឯរថយន្តវិញបាន ព្យាយាមបើករត់គេច ប៉ុន្តែត្រូវនគរបាល ដេញតាមឃាត់ភ្លាមៗ នៅក្បែរម្តុំជញ្ជីងបង់លុយ ។

ចំណែកឯជនរងគ្រោះបន្ទាប់ពី កើតហេតុ ត្រូវបានក្រុម សង្គ្រោះរបស់ អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យខ្មែរ សូវៀតហៅ មន្ទីររុស្ស៊ី ដើម្បីជួយសង្រ្គោះអាយុជីវិត ។

ហេតុការនេះ កើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីថ្ងៃទី១០ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវ វ៉េងស្រេង កែងផ្លូវបទចូល ទៅទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះត្រូវបាន គេស្គាល់ឈ្មោះ អេង ភារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរ ជាកម្មកររោងចក្រ ស្នាក់នៅភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ ជិះម៉ូតូមួយ គ្រឿងម៉ាកវីវ៉ា សេរីឆ្នាំ២០០៦ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1O-2196 រងការខូចខាត បន្តិចបន្តួច ។ រីឯរថយន្ត ដែលគៀរជាមួយ ម៉ូតូវិញនោះម៉ាក Fuso ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 5A-0225 អ្នកបើកបរពុំត្រូវបាន គេស្គាល់ឈ្មោះនោះទេ បន្ទាប់ពីកើតហេតុ រត់គេចខ្លួនបាត់។

សាក្សីបានបន្តថា មុនពេលកើតហេតុ ម៉ូតូរបស់ជនរងគ្រោះ បើកបរពីទិសខាងលិច ទៅកើតតាម បណ្តោយផ្លូវវ៉េង ស្រេង លុះដល់ចំណុចកើតហេតុ ជនរងគ្រោះបាន បើកវ៉ាម៉ូតូមួយគ្រឿង នៅពីខាងមុខបើកបរ ស្របទិសគ្នានោះ ក៏ស្រាប់តែម៉ូតូ ជនរងគ្រោះ រអិលកង់មុខជ្រុលរ៉េ ចង្កូតស្របពេលនោះក៏មាន រថយន្តធុនធំ ក្រឡុកស៊ីម៉ង់ត៌ មកដល់ គេចមិនផុតក៏ បានគៀរជាមួយ ម៉ូតូជនរងគ្រោះ បណ្តាលឲ្យម៉ូតូជនរងគ្រោះ ដួលបោកទៅនឹងថ្នល់ ហើយជនរងគ្រោះរងរបួស រហូតបាក់ចង្កេះ ។

បន្ទាប់ពីកើតហេតុ រថយន្តមិនបានឈប់នោះ បានបន្ថែមល្បឿន ព្យាយាមបើករត់ ប៉ុន្តែលុះបើកគេចមកជិត ដល់ជញ្ជីងបង់លុយ ចោមចៅ ក៏ត្រូវនគរបាលដេញតាមទាន់ អ្នកបើកបរក៏ឈប់រថយន្ត នៅទៅនោះហើយ គេចខ្លួនបាត់ភ្លាមៗតែម្តង ។ ចំណែក ឯម៉ូតូ និងរថយន្ត ត្រូវនគរបាលយក ទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំដោះស្រាយគ្នា ជាក្រោយ៕




ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]