បុរស​ដែល​បាញ់​សម្លាប់​សត្វ «កេងកេងធំ» បានចូលខ្លួន​មក​សុំ​ទោស និង​សន្យា​ឈប់​ប្រព្រឹត្ត​កំហុស​នេះ​ទៀត

//s5.kh1.co/28/28506ad21adff9cfa307c4e8a3d111d0477ac27e.jpg
សង្គម

 ១៤-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បុរសម្នាក់ដែលបានបាញ់សម្លាប់សត្វកេងកង ហើយត្រូវបានគេចែករំលែករូបភាពព្រោងព្រាតនៅលើបណ្តាញ​សង្គមហ្វេសប៊ុក បានចូលខ្លួនមកសុំទោសសាធារណជន និងបានធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តកំហុសសម្លាប់​សត្វព្រៃបែបនេះ​ទៀតហើយ

បុរសម្នាក់ដែលបានបាញ់សម្លាប់សត្វកេងកង ហើយត្រូវបានគេចែករំលែករូបភាពព្រោងព្រាតនៅលើបណ្តាញ​សង្គមហ្វេសប៊ុក បានចូលខ្លួនមកសុំទោសសាធារណជន និងបានធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តកំហុសសម្លាប់​សត្វព្រៃបែបនេះ​ទៀតហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការចេញមុខមកសុំទោសសាធារណជន ត្រូវលោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថានបញ្ជាក់ថា ធ្វើនៅ​ចំពោះមុខសមត្ថកិច្ចនៃក្រសួងបរិស្ថាននៅរសៀលថ្ងៃទី ១៣ ឧសភានេះ។

រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះបានបន្ថែមថា លោកបានជួបផ្ទាល់ជាមួយបុរសឈ្មោះ គ្រុយ ចំរើន។ បុរសខាងលើបានសារភាពថា ខ្លួនពិតជាបានបាញ់សម្លាប់សត្វកេងកងធំមួយក្បាលនោះអំឡុង​ពេលខ្លួន​ទៅកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់អន្លង់ក្មេងលេងទឹកជ្រោះ ៩ ជាន់ ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ក្នុងភូមិសាស្ត្រខេត្តកំពតប្រាកដមែន។

បុរសឈ្មោះ គ្រុយ ចំរើន (រូបភាពពីបណ្តាញ​សង្គមហ្វេសប៊ុក)
បុរសឈ្មោះ គ្រុយ ចំរើន (រូបភាពពីបណ្តាញ​សង្គមហ្វេសប៊ុក)

ជាការកត់សម្គាល់តាមការបង្ហោះតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន បុរសឈ្មោះ គ្រុយ ចំរើន បានសរសេរ​នៅក្នុងលិខិតសុំអភ័យទោសចំពោះសាធារណជនថា៖ «សូមទទួលស្គាល់ការពិត​ដែលបាញ់​សម្លាប់សត្វកេងកងចំនួនមួយក្បាលស្ថិតនៅក្នុងរមណីយដ្ឋានទឹកធ្លាក់ ៩ ជាន់នៅភូមិតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។ ខ្ញុំបាទសូមទោសប្រជាពលរដ្ឋកម្ពុជាទាំង អស់ សូមអភ័យទោសដល់រូបខ្ញុំបាទ និងឈប់​ប្រព្រឹត្ត​កំហុសបែបនេះទៀតហើយ។ សូមបងប្អូនប្រជាពលរដ្ឋកុំយកគំរូតាមរូបខ្ញុំបាទ។ ខ្ញុំសូមសន្យានឹងប្រគល់អាវុធ ដែលបានបាញ់សត្វកេងកងនោះ មកក្រសួងបរិស្ថាន»។

លោក នេត្រ ភក្ត្រា បានបានបញ្ជាក់ថា បុរសម្នាក់នេះបានទទួលស្គាល់កំហុសរបស់ខ្លួន និងស្នើសុំការអភ័យ​ទោសពីសាធារណជន ដែលខ្លួនបានជ្រុលជ្រួសប្រព្រឹត្តនូវកំហុសឆ្គងនេះ។ លោកថា តាមរយៈការទទួលទោស​កំហុសនេះគឺក្រសួងបរិស្ថានទទួលយក និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តនេះជារៀងរហូត។ លោកនេត្រ ភក្ត្រា បន្តថា៖ «នេះគឺជាគំរូអាក្រក់មួយដែលអ្នកផ្សេងទៀតត្រូវជៀសវាង»។

បុរសឈ្មោះ គ្រុយ ចំរើន (ឆ្វេង) និងលោក នេត្រ ភក្ត្រា (ស្តាំ)<br>
បុរសឈ្មោះ គ្រុយ ចំរើន (ឆ្វេង) និងលោក នេត្រ ភក្ត្រា (ស្តាំ)

គួររំឭកថា កាលពីថ្ងៃ ១២ ឧសភាកន្លងទៅ មានរូបភាពមួយសន្លឹកដែលមានបុរសម្នាក់ឈរកាន់កាំភ្លើងមួយដើម និងសត្វកេងកងងាប់មួយក្បាល (សភាពហាក់បង្ហាញពីការសម្លាប់ដោយបុរសនោះ) ត្រូវបានអ្នកប្រើប្រាស់​បណ្តាញសង្គមនាំគ្នាបន្តចែកចាយគួរឲ្យកត់សម្គាល់។ ការចែកចាយជាហូរហែ ដោយអ្នកទាំងនោះរិះគន់​លើ​បុរសម្នាក់នោះថា រូបភាពបែបនេះជាការប្រព្រឹត្តបទល្មើសបរបាញ់សត្វព្រៃកម្រ។

ស្រាប់តែល្ងាចថ្ងៃ ១៣ ឧសភានេះ ក្រសួងបរិស្ថានបានបង្ហោះជាផ្លូវការថា បុរសដែលបាញ់សម្លាប់សត្វ «កេងកេងធំ» ខាងលើបានចូលខ្លួនមកសុំទោសសាធារណជន និងធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តកំហុស។ ហើយជាការឆ្លើយតប ក្រសួងបរិស្ថានបញ្ជាក់ថា តាមរយៈការទទួលទោសកំហុសនេះគឺក្រសួងបរិស្ថាន ទទួលយក និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តនេះជារៀងរហូត៕

កិច្ចសន្យារបស់បុរសឈ្មោះ គ្រុយ ចំរើន (រូបភាពពីក្រសួងបរិស្ថាន)
កិច្ចសន្យារបស់បុរសឈ្មោះ គ្រុយ ចំរើន (រូបភាពពីក្រសួងបរិស្ថាន)
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T