ខេត្ដកំពង់ឆ្នាំង ៖ រោងបុណ្យ ចាំទទួលសពអម ដោយមេក្រូបន្លឺសំឡេង បទខ្លងខែក បានចាប់ផ្ដើមតាំងពី ព្រលឹមស្រាងៗថ្ងៃទី៩ មេសា រហូតដល់វេលាល្ងាចថ្ងៃដដែល និងបានបន្ដរហូតដល់ ថ្ងៃត្រង់ថ្ងៃទី១០ មេសា ក្រោមការទន្ទឹងរង់ចាំយ៉ាងអន្ទះសា ពីសំណាក់ឪពុកម្ដាយ បងប្អូន ជាពិសេសភរិយា និងកូនៗនៃសព ពលករចំណាកស្រុកម្នាក់ ដែលទៅធ្វើការនៅប្រទេសថៃ ក្រោយពីបានទទួលដំណឹងថា ត្រូវស្លាប់ពេលកំពុង បំពេញការងារសំណង់ ដោយធ្លាក់ពីលើ អគារកម្ពស់១២ជាន់និងត្រូវដឹក មកដល់នៅថ្ងៃទី៩ មេសា ។ ប៉ុន្ដែការទន្ទឹងរង់ចាំនៅតែ បាត់ដំណឹងសូន្យឈឹង ធ្វើឱ្យក្រុមគ្រួសារនៅក្នុងភូមិត្រពាំងគ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ អស់សង្ឃឹមយ៉ាងខ្លាំង ។

ក្រោមដំណក់ទឹកភ្នែក ដោយមានបីកូនតូចក្នុងដៃឈរអម ដោយកូនស្រីតូចមានអាយុ ប្រហែលជា៥ ឆ្នាំ និងឪពុកម្ដាយអង្គុយ អមសងខាងក្នុងរោងបុណ្យ ដែលមានមនុស្សយ៉ាង ច្រើនកុះករ នោះ ភរិយានៃសពពលករចំណាក ស្រុកបានរៀបរាប់ថា រូបនាងឈ្មោះ សូ សារីម អាយុ២៦ឆ្នាំ ប្ដីឈ្មោះ ជ្រឿន ផល្លា អាយុ២៩ឆ្នាំ ។ ប្ដីនាងទើបតែចេញ ទៅធ្វើជាពលករនៅប្រទេសថៃ កាលពីថ្ងៃទី៩ មីនាកន្លងទៅនេះ តាមរយៈក្រុមហ៊ុនឈ្មោះ «ថបមែន ផៅវើ» ដោយនឹកគិតក្នុងចិត្ដថា ដើម្បីរកប្រាក់កម្រៃ ដោះស្រាយជីវភាពឱ្យធូរធារ ប៉ុន្ដែបែរជួបនឹងគ្រោះ អកុសលទៅវិញ ។ នាងបានទទួលដំណឹងថា ប្ដីនាងត្រូវស្លាប់ ដោយសារធ្លាក់ពីអគារ កម្ពស់១២ជាន់ នៅទីក្រុងបាងកក ខណៈដែលគាត់ធ្វើជាកម្មករ សំណង់នៅទីនោះ ។ នាងបានរៀបរាប់បន្ដទៀតថា ដោយសារតែគ្រួសារ នាងមានជីវភាពក្រីក្រ និងបានទទួលដំណឹងថា ទៅធ្វើការនៅប្រទេសថៃ ទទួលបានកម្រៃខ្ពស់ ទើបនាងសុខចិត្ដទៅ ចងការប្រាក់គេចំនួន១៥០ដុល្លារ ដើម្បីរត់ការឱ្យប្ដី បានទៅធ្វើការនៅប្រទេសថៃ តាមរយៈក្រុមហ៊ុន «ថបមែន ផៅវើ» ។ បែរជាវាសនាអាក្រក់ប្ដីនាង ត្រូវធ្លាក់ពីអគារកម្ពស់១២ជាន់ ស្លាប់ កាលពីថ្ងៃទី៣ មេសា ។

បុរសម្នាក់ឈ្មោះ ម៉ក់ លី អាយុ៥៣ឆ្នាំ ជាឪពុកនិយាយថា គាត់បានទទួលដំណឹងថា កូនប្រុសគាត់បានស្លាប់តាំងពីថ្ងៃទី៣ មេសា ម៉្លេះ។ ប៉ុន្ដែរហូតមកដល់ថ្ងៃទី៩ មេសា នេះទៅហើយ ក៏នៅមិនទាន់បានទទួល សពកូនប្រុសគាត់នៅឡើយទេ ។ ដោយឡែកខាងក្រុមហ៊ុន បានប្រាប់គាត់ម្ដងថា សពកូនប្រុសគាត់នឹង ដឹកមកដល់ថ្ងៃទី៧ មេសា តែក្រោយមកថា ថ្ងៃទី៨ មេសា និងចុងក្រោយប្រាប់ថាថ្ងៃទី៩ មេសា ។ ប៉ុន្ដែនៅតែក្រុមគ្រួសារគាត់ មិនទាន់បានទទួលសពមកធ្វើបុណ្យ ដដែល ។ បើទោះជាបែបនេះក្ដី ខាងក្រុមគ្រួសារគាត់ សម្រេចធ្វើបុណ្យឱ្យសពនៅថ្ងៃទី៩ មេសា ព្រោះបើគិតមកដល់ថ្ងៃនេះ មានរយៈពេល៧ថ្ងៃហើយ ។ បើតាមជំនឿ និងតាមប្រពៃណីខ្មែរយើង ក្រោយពីអ្នកដែលបានស្លាប់ទៅក្នុង រយៈពេលនេះក្រុមគ្រួសារនឹង ត្រូវធ្វើបុណ្យ៧ថ្ងៃឱ្យដោយខានពុំបាន ពីព្រោះព្រលឹងរបស់គេ នឹងវិលមកទទួលមគ្គផល ពីសាច់ញាតិឧទ្ទិស មគ្គផលឱ្យមុននឹងទៅ ចាប់ជាតិនៅភពថ្មី ។

ឪពុកនៃសពបានបញ្ជាក់ទៀតថា ខាងក្រុមហ៊ុនបានយកប្រាក់ ចំនួន១.៤០០.០០០រៀល មកប្រគល់ឱ្យជាប្រាក់អាយុជីវិត កូនប្រុសគាត់ស្លាប់ក្នុងពេលបំ ពេញការងារនៅប្រទេសថៃ ។

តំណាងក្រុមហ៊ុនបានបញ្ជាក់ថា ក្រុមហ៊ុនរបស់គេឈ្មោះ «ស៊ី ឌី អឹម ត្រេឌីង ផៅវើ »មិនមែន «ថបមែន ផៅវើ» ទេ ។ ចំពោះការយឺតយ៉ាវក្នុងការ នាំសពពលករត្រឡប់មកវិញ គឺដោយសារខាងមន្ទីរពេទ្យស្រុកគេ ដែលជាមន្ទីរពេទ្យធំជាងគេ ត្រូវការបំពេញបែបបទច្បាស់លាស់ និងមានការបញ្ជាក់ពីស្ថានទូតផងដែរ ហើយចំថ្ងៃសៅរ៍ អាទិត្យជាថ្ងៃសម្រាកទៀត ទើបយឺតយ៉ាវបែបនេះ ។ នៅព្រឹកថ្ងៃទី១០ មេសា នេះលោកទើបតែចេញទៅទទួលសពនៅប៉ោយប៉ែត តែមិនដឹងថានឹង មកដល់ពេលណាទេ។

គួររំលឹកថា ប្រជាពលករខ្មែរ ដែលធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ តាមរយៈក្រុមហ៊ុនស្របច្បាប់ និងខុសច្បាប់ធ្វើឱ្យប្រមុខរាជរដ្ឋាភិបាល បានយកចិត្ដទុកដាក់ យ៉ាងខ្លាំង ដោយបានអំពាវនាវសុំកុំឱ្យបងប្អូន ចេញទៅធ្វើការនៅក្រៅស្រុក ព្រោះការងារធ្វើនៅស្រុកខ្មែរ ក៏សម្បូរដែរនាពេលសព្វថ្ងៃនេះ ហើយប្រាក់ឈ្នួល ក៏មិនខុសគ្នាប៉ុន្មានដែរ ៕





បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]