ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី៩ មេសា ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ៤៥-៤៧ ត្រង់ចំណុចមុខធនាគារអេស៊ីលីដា ស្ថិតក្នុងភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន បង្កដោយម៉ូតូមួយគ្រឿងបើក បោលទៅបុករថយន្តធុនធំមួយគ្រឿង បណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់ដោយកៀបទាំងម៉ូតូ និងមនុស្សជាប់នឹងកាងរថយន្ត ។

ករណីនេះត្រូវបានមន្ត្រីប៉ូលិសចរាចរខេត្ត ឱ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាកឌ្រីម C125 ពណ៌ខ្មៅ ស៊េរី២០០៥ បើកដោយឈ្មោះស៊ុន ប៊ុនលី ភេទប្រុស អាយុ២៧ឆ្នាំ ជាមន្ត្រីគណនេយ្យសាលាស្រុកសំរោងទង មានទីលំនៅភូមិម្កាក់  ឃុំតាំងក្រូច ស្រុកសំរោងទង ចេញពីហូបការគេនៅក្នុងភូមិទឹកស្អុយ ឃុំទំព័រមាស ស្រុកសំរោង ខណៈបើកមកដល់ចំណុចកើតហេតុ ក៏រេទៅឆ្វេងដៃហួសគំនូសកណ្តាល ជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាក KIA ពណ៌ទឹកប្រាក់ ផ្ទុកស៊ីទែនកាកសំណល់កខ្វក់ បណ្តាលឱ្យម៉ូតូ និងមនុស្សកៀបជាប់នឹងកាង រថយន្តស្លាប់ភ្លាមៗតែម្តង ចំណែកម្ចាស់រថយន្តបានចុះគេចខ្លួនបាត់ ៕



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]