ភ្នំពេញ ៖ រាំវង់ជាន់ជើងគ្នា ក្លាយជា ជម្លោះវាយតប់ និងយកដុំថ្មគប់គ្នា ទៅវិញ ទៅមក បណ្ដាលឱ្យខ្លះរបួសដៃ ខ្លះរបួស ក្បាល ទីបញ្ចប់ត្រូវសមត្ថកិច្ច ឃាត់បាន ភាគីទាំងសងខាងចំនួន ៧ នាក់ យកទៅសួរ នាំ រកក្រុមណាមួយជាអ្នកខ្លាពិតប្រាកដ ។ រឿងដែលគួរឱ្យសោកស្ដាយបំផុតក្រុមជើងខ្លាំងទាំងពីរ សុទ្ធតែមិនចង់ទៅសម្រាក ពន្ធនាគារទេ ព្រោះមិនបានឆ្លងចូលឆ្នាំថ្មី នឹងគេ នេះបើតាមគេប្រាប់សមត្ថកិច្ច ។

សេចក្ដីរាយការណ៍ ពីនគរបាលមូលដ្ឋាន ឱ្យដឹងថា ហេតុការណ៍ជម្លោះវាយតប់ និង គប់ដុំថ្មដាក់គ្នានេះ បានកើតឡើង កាលពី វេលាម៉ោង ៨ និង ១៥នាទីយប់ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៣ នៅចំណុចមុខផ្ទះលេខ ២២៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ភាគីដែលត្រូវគេគប់បែកក្បាលមានគ្នា៤នាក់ ក្នុងនោះ មានម្នាក់ត្រូវរបួសធ្ងន់ ជាងគេ បាក់កំភួនដៃខាងស្ដាំឈ្មោះ ជុំ ភារុណ ភេទប្រុស អាយុ ២៥ ឆ្នាំ ចំណែក ៣ នាក់ទៀត មិនត្រូវបានគេប្រាប់ឈ្មោះ ទេ អ្នកទាំង ៤ នាក់ មានមុខរបរ ជាកម្មករ សំណង់ ស្នាក់ការដ្ឋានក្បែរកន្លែងកើត ហេតុ។

ដោយឡែកភាគីម្ខាងទៀត ត្រូវបាន សមត្ថកិច្ចចាប់បាន ៣នាក់  ទី១ ឈ្មោះ វ៉ាត សម្បត្ដិ ភេទប្រុស អាយុ ២៥ឆ្នាំ ជាម្ចាស់ ផ្ទះ បង្កហេតុ ទី២ ព្រិល ណារ៉ុង អាយុ ២៥ ឆ្នាំ ភេទប្រុស ជាអ្នកជួលផ្ទះជនបង្ក និង ម្នាក់ទៀត មិនស្គាល់ឈ្មោះ។

នគរបាលបានបញ្ជាក់ថា មុនពេលកើត ហេតុ ឈ្មោះ វ៉ាត សម្បត្ដិ ជាម្ចាស់ផ្ទះ បាន ដាក់ធុងបាសរាំលេងនៅមុខផ្ទះដើម្បីអបអរ បុណ្យចូលឆ្នាំថ្មីដែលជិតមកដល់ ហើយ មានអ្នករាំ ស្រី-ប្រុស ប្រមាណជា៥០-៦០ នាក់ចូលរួម។ ពេលរាំ ស្រាប់តែមានជម្លោះ រឿងរាំជាន់ជើងគ្នា ហើយភាគីម្ខាងក៏សុំ ទោស ប៉ុន្ដែខាងម្ចាស់ផ្ទះមិនព្រម ក៏ផ្ទុះ ហិង្សាវាយគ្នា រហូតយកដុំថ្មគប់ដាក់គ្នា បណ្ដាលឱ្យរបួស ៣ នាក់ ។ ក្រោយកើត ហេតុ សមត្ថកិច្ចឡោមព័ទ្ធចាប់បានភាគី ទាំង៧នាក់យកទៅអធិការដ្ឋានខណ្ឌដើម្បីសាកសួររកក្រុមណាខ្លាំងជាង។ ប៉ុន្ដែ ពេល ដែលត្រូវសាកសួរ ពួកគេឆ្លើយយ៉ាងអស់ សង្ឃឹមដូចគ្នាថា ជិតចូលឆ្នាំថ្មីហើយ ចង់នៅ ឆ្លងឆ្នាំថ្មីនឹងគេ មិនចង់ទៅដេកគុកទេ៕

Photo by DAP-News

Photo by DAP-News

ដោយ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]