យោងតាមគេហទំព័ររបស់ប្រទេសចិន បានឲ្យដឹងថា ក្មេងស្រីម្នាក់ ឈ្មោះ Yan Qianyu អាយុ ១៣ឆ្នាំ ពេលនេះកំពុងស្ថិតនៅក្នុងស្ថានភាព ធ្ងន់ធ្ងរ បន្ទាប់ពី ៩៥ភាគរយ នៃខ្លួនប្រាណ របស់នាង ត្រូវបានរលាក នៅក្នុងហេតុការណ៍ អគ្គីភ័យមួយ នៅក្នុងទីក្រុង Dengzhou ខេត្ត ហឺណាន ប្រទេសចិន។

ប្រភពព័ត៌មានបានឲ្យដឹងថា មូលហេតុបណ្តាលមកពី កន្ទុយបារីរបស់ឪពុករបស់នាង ដែលបានបង្កអោយមាន ភ្លើងឆេះឡើង ហើយស្ទើរតែលេបត្របាក់ផ្ទះទាំងមូល បាត់ទៅហើយ។ យ៉ាងណាមិញ បន្ទាប់ពីរូបនាង បានដឹងថា មានភ្លើងឆេះហើយនោះ នាងមិនបានចាកចេញ ទៅណានោះទេ គឺនៅតាមរកឪពុកម្តាយរបស់នាង ដែលជាលទ្ធផល ធ្វើអោយក្មេងស្រីរូបនេះ រងរបួសយ៉ាងធ្ងន់ធ្ងរ ចំណែកឪពុកម្តាយរបស់នាង មិនមានរងរបួស អ្វីធ្ងន់ធ្ងរឡើយ។ ក្រោយមកនាងត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយក្រោយពេលដែលនាង ភ្ញាក់ដឹងខ្លួនឡើងនោះ សំដីដំបូងបំផុត នាងបានសួរទៅកាន់ គិលានុបដ្ឋាយិកា ថា តើឪពុកម្តាយរបស់នាងយ៉ាងម៉េចទៅហើយ? នាងចង់ទៅផ្ទះមើលពួកគាត់។

ទោះជាយ៉ាងណា នៅពេលនេះ គ្រួសាររបស់ក្មេងស្រី Qianyu បានចំណាយប្រាក់អស់ ៤ម៉ឺនយ័ន លើថ្លៃថ្នាំរបស់នាងហើយ តែត្រូវការចំណាយប្រាក់ ១,៥លានយ័ន ថែមទៀត សំរាប់ធ្វើការវះកាត់ យ៉ាងហោចណាស់ ២០ដងទៀត ដើម្បីជួយសង្គ្រោះជីវិតរបស់នាង។ ប៉ុន្តែឪពុកម្តាយរបស់នាង មិនអាចខ្ចីប្រាក់ និង រកប្រាក់ពីណាមក បានទៀតនោះទេ ដែលពួកគាត់ត្រូវបង្ខំចិត្ត ទុកនាងអោយនៅក្នុងស្ថានភាពបែបនេះ។

យ៉ាងណាក៏ដោយ ក្រុមគ្រូពេទ្យមានការស្ញប់ស្ញែង និង កោតសរសើរដល់ សេចក្តីក្លាហាន របស់នាងជាខ្លាំង ក៏សំរេចចិត្តព្យាបាលដល់រូបនាងបន្តទៅទៀត ទោះបីជា មិនបានទទួលកំរៃ ក៏ដោយចុះ ព្រោះបើទុកនាងចោល ក្មេងស្រីរងគ្រោះរូបនេះ នឹងត្រូវឆ្លងមេរោគផ្សេងៗមិនខាន។

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]