ចំពោះ​អ្នក​​ដែល​ចង់​​ប្រឡង​​យក​បណ្ណ​​បើកបរ ទាំងនេះ​ជាព័ត៌​មាន​​​​សំខាន់​ៗ​​ដែលអ្នកគួរ​ដឹង

//s5.kh1.co/09/097c2277ed3909a11d06feda5451027c564e38d2.jpg
សង្គម

 ០៧-ឧសភា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់អំពីទីតាំង ពេលវេលា និងឯកសារដែលអ្នកចង់បានសេវាបណ្ណបើកបរ​យានយន្ត​​ត្រូវយល់ដឹង

ប៉ុន្មានថ្ងៃចុងក្រោយនេះ តាមរយៈបណ្តាញផ្សព្វផ្សាយសង្គម យើងសង្កេតឃើញការកើនឡើងគួរឲ្យ​កត់សម្គាល់​នូវតម្រូវការ​ប្រើប្រាស់សេវាបណ្ណបើកបរយានយន្តយ៉ាងច្រើនសន្ធឹកសន្ធាប់។ ជាការឆ្លើយតប ក្នុងន័យបំពេញ​សេចក្តីត្រូវការ​ទាំង​នោះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន អំពីទីតាំង ពេលវេលា និងឯកសារដែលអ្នកចង់បានសេវាបណ្ណបើកបរយានយន្តត្រូវយល់ដឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងសាធារណការបញ្ជាក់ថា៖ «រាល់ការប្រឡងយកបណ្ណបើកបរយានយន្ត(ទោចក្រ-ត្រីចក្រយានយន្ត និង​រថយន្ត)​ ត្រូវធ្វើឡើងតាមគ្រប់មន្ទីរសាធារណការ និងដឹកជញ្ជូន ទូទាំង២៥ រាជធានី-ខេត្ត ទាំងការប្រឡងទ្រឹស្តី និងដៃចង្កូត»។

រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន

ក្រសួងបានបន្ថែមនៅក្នុងសេចក្តីជូនដំណឹងថា៖ 

·     ទីតាំង៖

- ភ្នំពេញ៖ នៅអង្គភាពផ្តល់បណ្ណបើកបរ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្ថិតនៅផ្លូវ៥៩៨ (ផ្លូវឯកឧត្តម ជាសុផារ៉ា) ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ចម្ងាយប្រមាណ៧០០ម៉ែត្រ ពីអគ្គនាយកដ្ឋានដឹកជញ្ជូន​ផ្លូវគោក ទល់មុខបុរីជីបម៉ុង៥៩៨)

- មន្ទីរសាធារណការ និងដឹកជញ្ជូន ទាំង២៤ខេត្ត ផ្សេងទៀត

(ចំណែកឯមណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ និង២ សម្រាប់តែការផ្តល់សេវាប្តូរ និងពន្យារបណ្ណបើកបរប៉ុណ្ណោះ)

·     ពេលវេលាផ្តល់សេវា៖

- ថ្ងៃចន្ទ ដល់ សៅរ៍​ ( និងបន្ថែមថ្ងៃអាទិត្យ១ថ្ងៃ នាថ្ងៃទី១០ ឧសភា ២០២០)

- ម៉ោង៨:០០ព្រឹក ដល់ ៥:០០ល្ងាច

·     ឯកសារសម្រាប់ការប្រឡងយកបណ្ណបើកបរ៖

*១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

*២. លិខិតបញ្ជាក់កាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់)

*៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់)

(*៤. និងលិខិតបញ្ជាក់ការសិក្សាពីសាលាង្រៀនបើកបរ ក្នុងករណីប្រឡងបណ្ណប្រភេទ គ ឃ និង ង។)

·     ទ្រឹស្តីនៃការបើកបរ ធ្វើតេស្តសាកល្បង (Cambodia Driving Rules) ៖

- App Store: https://dr.mpwt.gov.kh/ios

- Play Store: https://dr.mpwt.gov.kh/android

រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន

ជាការកត់សម្គាល់ ការកើនឡើងនៃការប្រើប្រាស់សេវាបណ្ណបើកបរយានយន្តយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងរយៈ​ពេលថ្មីៗនេះ ធ្វើឡើងក្រោយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា នឹងប្រើប្រាស់​កម្លាំងជាង​១ពាន់នាក់ ដើម្បី​ចេញប្រតិបត្តិ​ការ​អនុវត្តរឹតបន្តឹង​​ស្តីពី​ច្បាប់ចរាចរណ៍ផ្លូវគោក ដែលគម្រោងនោះ​បានចាប់ផ្តើម​តាំងពីថ្ងៃទី០១ ខែឧសភាមកម្ល៉េះ។ ក្នុង​នោះក្រុងភ្នំពេញ ចំនួន ៤៧​គោលដៅ អនុវត្តទាំងយប់ទាំងថ្ងៃ សំដៅកាត់​បន្ថយអត្រាគ្រោះថ្នាក់​ចរាចណ៍។ នេះជាការផ្សាយជាសាធារណៈ​ ពី​សំណាក់​​អគ្គ​ស្នង​ការដ្ឋាននគរបាលជាតិនាល្ងាចថ្ងៃ ២៨ មេសា កន្លងទៅ។

បើតាមអាជ្ញាធរ ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ អ្នកបើកបរល្មើសច្បាប់​ចរាចរណ៍​នឹងរង​ពិន័យ​ទឹកប្រាក់​ពី៣ដងដល់ទៅ៥ដងទៅតាមបទល្មើស។ ការផាកពិន័យ គឺមិនធ្វើនៅកន្លែងអនុវត្តនោះឡើយ តែត្រូវបញ្ជូនយាន​យន្ត​ល្មើស​ទៅកន្លែងធ្វើការរបស់សមត្ថកិច្ចដែនៅជិតបំផុត និងរក្សាទុក០៣ថ្ងៃសិន ទើបឱ្យម្ចាស់​ចូលខ្លួន​​ទៅបង់ប្រាក់​ពិន័យតាមច្បាប់។

រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន

សូមបញ្ជាក់ថា អាជ្ញាធរ​បានកំណត់​យក​បទល្មើស​ចំនួន​៧​ចំណុច ក្នុងចំណោម​ ៣៣ ដែល​ត្រូវ​ត្រួតពិនិត្យ​មុនគេ​សម្រាប់​ទោច​ក្រយា​នយន្ត ត្រីចក្រយានយន្ត ត្រីចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក និង​ម៉ូតូ​កង់​បួន​។ ចំណុច​ល្មើស​ទាំងនោះ​​រួមមាន មិន​ពាក់មួក​សុវត្ថិភាព​,​មិន​គោរព​ភ្លើង និង​ផ្លាកសញ្ញា​ចរាចរណ៍​, ល្មើស​ក្នុង​ការបត់ ការ​វ៉ា​ជែង​, ការដឹក​លើស​ចំណុះ​,​ស្រវឹង​,​គ្មាន​ផ្លាក​លេខ និង​ប្រើ​ទូរ​ស័ព្ទ​ពេល​បើកបរ​ដោយ​គ្មាន​ឧបករណ៍​ភ្ជាប់​សំឡេង​។

ចំណែក​បទល្មើស​រថយន្ត​មាន​៩ ក្នុងចំណោម​៤១ ដែល​ត្រូវ​ត្រួតពិនិត្យ និង​ចាប់​ផាកពិន័យ​មុនគេ គឺ​រួមមាន​ល្មើស​ល្បឿន​, ស្រវឹង​, គ្មាន​បណ្ណ​បើកបរ​, មិន​គោរព​ភ្លើង​សញ្ញា និង​ផ្លាកសញ្ញា​ចរាចរណ៍​, ល្មើស​ក្នុងការ​បទ និង​វ៉ា​ជែង​, មិន​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​, ដឹក​លើស​ចំណុះ​, គ្មាន​ស្លាក​លេខ និង​ប័ណ្ណ​សម្គាល់​យានយន្ត និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​ដោយ​គ្មាន​ឧបក​រណ៍​ភ្ជាប់​សំឡេង​៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T