ប្រពៃណាស់! គ្រាន់តែឈានចូលពុទ្ធសករាជថ្មីភ្លាម ព្រះចន្ទធំពេញវង់នឹងបញ្ចេញពន្លឺភ្លឺស្រទន់ នៅយប់ថ្ងៃនេះ

//s5.kh1.co/28/2885c79c41b88ca994c567861ac92d6d38b23d40.jpg
បច្ចេកវិទ្យា

 ០៧-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ព្រឹត្តិការណ៍នេះកើតឡើងបន្ទាប់ពិធីបុណ្យវិសាខបូជា ដែលនៅថ្ងៃទី៧នេះ គឺជាថ្ងៃឈានចូលពុទ្ធសាករាជថ្មីឆ្នាំ២៥៦៤។

បរទេស៖ បើយោងតាមអង្គការណាសាបានឲ្យដឹងថា ព្រះចន្ទធំពេញវង់ចុងក្រោយ ប្រចាំឆ្នាំ២០២០នេះ នឹងកើតឡើងនៅថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា។ ព្រឹត្តិការណ៍នេះកើតឡើងបន្ទាប់ពិធីបុណ្យវិសាខបូជា ដែលនៅថ្ងៃទី៧នេះ គឺជាថ្ងៃឈានចូលពុទ្ធសករាជថ្មីឆ្នាំ២៥៦៤។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខុសប្លែកពីព្រះចន្ទពេញវង់ធម្មតា ព្រះចន្ទធំពេញវង់កើតឡើងនៅពេល វាធ្វើដំណើរគោចរមកជិតផែនដី ជាងពេលធម្មតា។ ដំណើរគោចរនៅជិតផែនដីដូច្នេះត្រូវបានគេហៅថា សមីសង្គត។ នៅថ្ងៃនេះព្រះចន្ទធំពេញវង់នឹងចាប់ផ្ដើម នៅម៉ោង៥:៤៥នាទីល្ងាចតទៅ មានន័យថាព្រះចន្ទនឹងខិតជិតផែនដីជាងមុនបន្តិច នៅពេលនោះ។

ព្រះចន្ទធំពេញវង់កើតឡើង នៅពេលដំណើរគោចររបស់ព្រះចន្ទ ខិតមកជិតផែនដី ជាងពេលធម្មតា
ព្រះចន្ទធំពេញវង់កើតឡើង នៅពេលដំណើរគោចររបស់ព្រះចន្ទ ខិតមកជិតផែនដី ជាងពេលធម្មតា

គន្លងគោចរព្រះចន្ទជុំវិញផែនដីមិនមានរាងជារង្វង់នោះទេ ប៉ុន្ដែវាមានរាងជាពងក្រពើ ដែលមានផ្នែកមួយនៅជិតផែនដី និងមួយទៀតនៅឆ្ងាយពីផែនដី។ នៅពេលគន្លងព្រះចន្ទឃ្លាតឆ្ងាយពីផែនដី ត្រូវបានគេហៅថា ឧទ្ធង្គត។

ជាធម្មតា ព្រះចន្ទមានចម្ងាយពីផែនដី ៣៨២,៩០០គីឡូម៉ែត្រ ហើយចម្ងាយនៅជិតបំផុតមានប្រវែង ៣៦០,០០០គីឡូម៉ែត្រ និងនៅឆ្ងាយបំផុតមានប្រវែង ៤០៥,០០០គីឡូម៉ែត្រ។ ព្រះចន្ទធំពេញវង់នឹងមានទំហំធំជាងព្រះចន្ទពេលធម្មតា ៥.៩ភាគរយទៅ៦.៩ភាគរយ ហើយវាធំជាងព្រះចន្ទនៅឆ្ងាយពីផែនដី ១២.៥ភាគរយទៅ១៤.១ភាគរយ។ ចំពោះពន្លឺវិញ ព្រះចន្ទធំពេញវង់ភ្លឺជាងព្រះចន្ទធម្មតា ១៦ភាគរយ ហើយភ្លឺជាងព្រះចន្ទនៅឆ្ងាយពីផែនដី ៣០ភាគរយ។

គន្លងគោចររបស់ព្រះចន្ទ ដែលមានរយៈចម្ងាយឆ្ងាយឬជិត ពីផែនដី
គន្លងគោចររបស់ព្រះចន្ទ ដែលមានរយៈចម្ងាយឆ្ងាយឬជិត ពីផែនដី

គួរបញ្ជាក់ផងដែរថា យើងមិនអាចពិនិត្យឃើញ ភាពខុសប្លែកគ្នាខ្លាំង រវាងព្រះចន្ទធម្មតានិងព្រះចន្ទធំពេញវង់នោះទេ។ ហេតុនេះ សូមកុំរំពឹងទុកថា យើងអាចនឹងឃើញព្រះចន្ទធំខ្លាំងជាងមុន ឬវាភ្លឺខ្លាំងពេកនោះទេ ព្រោះបើតាមភាគរយ ដែលបានរៀបរាប់ខាងលើ អាចឲ្យយើងដឹងថា វាពិតជាខុសប្លែកជាងពេលធម្មតា ប៉ុន្ដែមិនច្រើនពេកទេ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T