ទម្លាប់​ប៉ុន្មាន​យ៉ាងនេះ អាចនាំឲ្យមានអាការៈឈឺខ្នងបាន!

//s5.kh1.co/c2/c24214e606465992dce271193a12f28338d77429.jpg
នារី

 ០៧-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អាការៈ​ឈឺខ្នង​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ និង​មក​ពី​មូលហេតុ​ខុសៗ​គ្នា ឬ​មក​ពី​ទម្លាប់​មួយ​ចំនួន។

អាការៈ​ឈឺខ្នង​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ និង​មក​ពី​មូលហេតុ​ខុសៗ​គ្នា ឬ​មក​ពី​ទម្លាប់​មួយ​ចំនួន។ អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​ទម្លាប់​​មួយ​ចំនួន​ដែលអាច​បង្ក​ឲ្យ​យើងមានអាការៈឈឺខ្នងបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ឥរិយាបថ​នៃ​ការ​អង្គុយ

ការ​អង្គុយ​ឱន​ទៅ​មុខ​យូរ​អាច​បន្ថែម​សម្ពាធ​ទៅ​លើ​ខ្នង​ផ្នែក​ខាង​ក្រោមព្រោះ​ឥរិយាបថ​នេះ​ក៏ខុស​ពី​ទម្រង់​ឆ្អឹង​ខ្នង​ផង​ដែរ។ ដើម្បី​បន្ធូរ​ការ​ឈឺ​ចាប់ ឬ​ចលនា​កន្រ្ទាក់​សាច់ដុំ យើង​អាច​ធ្វើ​ចលនា​ក្បាល និង​ក​ចុះ​ឡើង និង​ងាក​ទៅ​ឆ្វេង​ទៅស្តាំ​រាល់​កន្លះ​ម៉ោង​ម្ដង ឬ​យើងអាចស្អំ​ទឹកកក ឬ​បន្ទះ​កម្ដៅ​ទៅ​នឹង​ខ្នង​កន្លែងដែល​ឈឺ​ដោយ​មាន​កន្សែង​ស្តើង​ទ្រាប់​ពី​ក្រោម។

ការ​អង្គុយ​យូរ​អាច​ធ្វើ​ឲ្យ​សាច់ដុំ​ខ្នង ក និង​ឆ្អឹង​ខ្នង​មាន​សម្ពាធ។ ដូចនេះយើង​គួរ​អង្គុយ​ត្រង់​ខ្នង​នៅ​កៅ​អី និង​កំណត់​កម្ពស់​កៅអី​ឲ្យ​ដាក់​ជើង​ដល់​កម្រាល។ ទោះបីជា​អង្គុយ​បែប​នេះ​ក្តី យើង​នៅ​តែ​ត្រូវ​ងើប​ឡើង​ និង​ធ្វើ​ចលនា​​រាល់​កន្លះ​ម៉ោង​ម្ដង​ដើម្បី​ឲ្យ​រាងកាយ​បាន​សម្រាក។

២. របប​អាហារ

ការ​ជ្រើសរើស​របប​អាហារ​ខុស​អាច​បង្ក​ការរលាក ឬ​ខ្វះ​សារធាតុ​ចិញ្ចឹម​ដែល​រាងកាយ​ត្រូវ​ការ។ រាងកាយយើង​ត្រូវការ​ប្រូតេអ៊ីន​សាច់ គ្រាប់​ធញ្ញជាតិ​ (whole grains) បន្លែ ផ្លែឈើ និង​ខ្លាញ់​​ល្អ​សម្រាប់​សុខភាព​ដែលមាន​នៅ​ក្នុង​ផ្លែ​បឺរ និង​ត្រី​សាល់ម៉ុនដើម្បី​​ជួយ​ឲ្យ​សាច់​ដុំ ឆ្អឹង និង​ជាលិកា​ទន់​នៅ​ខ្នង​មាន​ភាព​រឹងមាំ។ បន្ថែម​ពី​នេះ​ទៀត យើង​គួរ​ជ្រើសរើសញ៉ាំ​អាហារ​ដែលមាន​កាល់ស្យូម ផូស្វ័រ និង​វីតាមីន​ D​ផងដែរ។

៣. ឥរិយាបថ​នៃ​ការ​គេង

ការ​គេង​ផ្ងារ​គឺ​ជា​ឥរិយាបថ​គេង​ដ៏​ល្អ​សម្រាប់គ្នា​យើងមាន​អាការៈ​ឈឺខ្នង ប៉ុន្តែ​ការ​ផ្លាស់​ប្តូរ​ទម្លាប់​នៃ​ការ​គេង​អាច​នឹង​មាន​ភាព​លំបាក​ប្រសិនជា​យើង​មិន​ទម្លាប់​គេង​ផ្ងារ។ យើង​ក៏​អាច​ប្រើ​ខ្នើយ​ទ្រាប់​ក្រោម​ជង្គង់ ​ដើម្បី​រក្សា​ទម្រង់​ធម្មជាតិ​របស់​ខ្នង​។ ដោយឡែក​យក​ល្អ​យើង​មិន​គួរ​គេង​ផ្កាប់​ទេ​ ប្រសិន​ជា​យើងមាន​បញ្ហា​ឈឺ​ខ្នង។ ការ​គេង​ផ្កាប់​អាច​ធ្វើ​ឲ្យ​យើងរើ​ខ្លួន​ញឹក​ញាប់​ដែល​ធ្វើ​ឲ្យ​រោយ​ក និង​ខ្នង​ផ្នែក​ខាង​ក្រោម។ ប្រសិនជា​យើង​ទម្លាប់​គេង​ផ្កាប់ និង​មិន​ចង់​ប្តូរ​ឥរិយាបថ​នៃ​ការ​គេង យើង​អាច​គេង​លើ​ខ្នើយ​ទន់​ ឬ​មិន​កើយ​ខ្នើយ​ដើម្បី​ឲ្យ​ក​ស្ថិត​នៅ​ទីតាំង​ត្រឹមត្រូវ។

៤. ការមិនហាត់ប្រាណ

យើងអាច​​ប្រឈម​នឹង​ការ​ឈឺខ្នង​ ប្រសិន​ជា​យើង​មិន​សកម្ម ព្រោះ​ឆ្អឹង​ខ្នង​ត្រូវការ​ការ​ទ្រទ្រង់​ពី​សាច់ដុំ​ពោះ និង​ខ្នង។ ការ​លើក​ទម្ងន់​អាច​ជួយ​បាន​ដែល​មាន​​ក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃ​ដូចជា​ការ​ឡើង​ជណ្ដើរ និង​លើករបស់​របរ​ផ្សេងៗ។ ក្រៅពី​នេះ​យើង​ក៏​អាច​ធ្វើ​លំហាត់​ប្រាណ​ដូចជា​ការ​ដើរ ជិះកង់ ឬ​ហែលទឹក​បាន​ដែរ ហើយ​លំហាត់​ប្រាណ​ទាំង​នេះ​អាច​ជួយ​ការពារ​ឌីស​ចន្លោះ​ឆ្អឹងខ្នងយើងបាន​។ យើង​គួរ​ទម្លាប់​ហាត់ប្រាណ​រាល់ថ្ងៃ និង​​ចៀស​វាង​ហាត់ប្រាណ​ហួស​ប្រមាណ និងធ្វើឲ្យ​រង​របួស។

៥. ការ​ជក់​បារី

ការ​ជក់បារី​ធ្វើ​ឲ្យ​យើង​ងាយ​ប្រឈម​នឹង​ការ​ឈឺខ្នង ព្រោះបារីមា​សារធាតុ​អាច​ទប់ស្កាត់​លំហូរ​ឈាម​រួមទាំង​លំហូរ​ឈាម​ទៅ​កាន់​ឆ្អឹងខ្នងបាន​។ ម៉្យាងទៀត ការ​ជក់បារី​អាច​ធ្វើ​ឲ្យ​ឌីស​ចន្លោះ​ឆ្អឹងខ្នង​ទៅជា​ទន់ និង​ងាយ​បាក់​បែក ហើយ​ធ្វើ​ឲ្យ​ឆ្អឹង​ងាយ​បាក់ និង​មាន​ជំងឺ​ពុកឆ្អឹង​ដែរ។ សូម្បីតែ​ការ​ក្អក​ពីការ​ជក់​បារីក៏​អាច​បង្ក​អាការៈ​ឈឺខ្នង​ដែរ។

៦. ការ​ញ៉ាំ​ច្រើន​ហួស​កំណត់

ការ​ឡើង​ទម្ងន់​លឿន​អាច​បន្ថែម​សម្ពាធ​ដល់​ឆ្អឹង និង​សាច់ដុំ​នៅ​នឹង​ខ្នង។ ការ​​ជ្រើសរើស​អាហារ​​សំបូរ​ដោយ​សារធាតុ​ចិញ្ចឹម​នឹង​ធ្វើ​ឲ្យ​យើង​​មិនសូវ​បារម្ភរឿងទទួលបាន​បរិមាណ​កាឡូរី​ច្រើនជ្រុល​​។ ជំនួស​ឲ្យ​ការ​ញ៉ាំ​អាហារ​សម្រន់​ដូចជា​នំ​ដំឡូង​កញ្ចប់ ងាក​មក​ញ៉ាំ​យ៉ាអួ ឬ​ផ្លែឈើ​វិញ​។

៧. ការ​ពាក់​ស្បែកជើង​កែង

ការ​ពាក់​ស្បែកជើង​កែង​អាច​ធ្វើ​ឲ្យយើង​ប្រើប្រាស់​សាច់ដុំ​ខ្នង​ផ្នែក​ខាងក្រោម​ហួស​កម្រិត​រួមទាំង​អាច​ប៉ះពាល់​ដល់​ឥរិយាបថ​នៃ​ការ​ឈរ​ឬ​អង្គុយ និង​ឆ្អឹងខ្នង​ផងដែរ ជាពិសេស​នៅ​ពេល​យើងមាន​វ័យ​កាន់​តែ​ចាស់​។ ប្រសិនជា​យើង​​ពាក់​ស្បែកជើង​កែង​នៅ​កន្លែង​ធ្វើការ យើង​គួរ​មាន​ស្បែកជើង​គ្មាន​កែង​សម្រាប់​ពេល​យើង​ធ្វើ​ដំណើរ​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T