រាជធានីភ្នំពេញ ៖ បន្ទាប់ពីមាន ការបាញ់ប្រហារដែល គេគិតថាមាន ការគ្រោងទុកជាមុន បណ្តាលឱ្យស្ត្រីម្នាក់ និងក្មួយប្រុសម្នាក់ ទើបអាយុតែជាង១ខួបស្លាប់ ព្រមទាំងបងស្រី រងរបួសបាក់ជើង ហើយខ្មាន់កាំភ្លើង បានរត់គេចខ្លួនបាត់ ស្រមោលរួចមក សមត្ថកិច្ចទាំងប៉ូលិស និងប៉េអឹមបាននិងកំពុង ធ្វើការស្រាវជ្រាវ យ៉ាងដុតដៃដុតជើងបំផុត ក្នុងការតាមរកចាប់ខ្លួនជន ជាឃាតករ ដៃឆៅ ដើម្បីយកមកផ្តន្ទាទោស តាមច្បាប់ ។ នេះជាហេតុការណ៍ គួរឱ្យភ្ញាក់ផ្អើលមួយ ដែលកើតឡើងកាល ពីវេលា ល្ងាចថ្ងៃទី៨ មេសា នៅក្នុងបុរីញូវថោន។

តាមការស្រាវជ្រាវ ត្រូវបានមន្ត្រីប៉ូលិសមួយរូប ប្រាប់ឱ្យដឹងថា ពេលនេះអ្វីៗហាក់ដូចជា ការរាវរកម្ជុលនៅបាតសមុទ្រ ដូច្នេះដែរ ព្រោះក្រោយពេល កើតហេតុសមត្ថកិច្ចបានធ្វើការ ឆែកឆេរលំនៅដ្ឋាន សង្ស័យមួយដែលឃាតករ បានរត់គេចខ្លួនចូល ទៅនិងបានដោះ អាវបោះ ចោលនៅទីនោះ ។ ក្នុងការតាមប្រមាញ់ ភ្លាមៗនោះក៏បានឃាត់ខ្លួនជន សង្ស័យពីរនាក់ ភ្លាមៗដែរ ប៉ុន្តែវាគ្រាន់តែជា ការសង្ស័យប៉ុណ្ណោះ គឺមិនទាន់ចំមុខសញ្ញាទេ ។

គួររំលឹកផងដែរថា ហេតុការណ៍បាញ់ប្រហារ មនុស្សដូចបាញ់ចាប នោះបានកើតឡើងកាលពីវេលា ម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី៨ មេសា នៅក្នុងបុរីញូវថោន ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ស្ត្រីរងគ្រោះដែលស្លាប់នៅ មុខផ្ទះឈ្មោះទិត្យ ធារ៉ា អាយុ២៦ឆ្នាំ ជាបុគ្គលិកធនាគារ កាណាឌីយ៉ា សាខាកំបូល ។

សមត្ថកិច្ចបាន បង្ហើបឱ្យដឹងថា តាមការធ្វើកោសល្យវិច័យ ស្ត្រីរងគ្រោះត្រូវបាញ់ចំនួន ១៥គ្រាប់ម្នាក់ឯង គឺចំត្រង់ក្បាល និងខ្លួនប្រាណស្ទើរ សុសសាច់ស្លាប់ភ្លាមៗ នៅនឹងកន្លែង ។ តាមប្រភពថាក្រោយបាញ់ហើយនោះ ឃាតករខ្លាចមិនស្លាប់ក៏បានទៅ ជិតចាប់បោចសក់បាញ់ ក្បាល១គ្រាប់ទៀត ។ ចំណែកក្មួយប្រុសរបស់ ស្ត្រីរងគ្រោះឈ្មោះឡយ យុទ្ធារ៉ា ហៅទិត្យ យុទ្ធារ៉ា អាយុជាង១ខួបត្រូវ១គ្រាប់ចំត្រង់ថ្ងាស ធ្លាយទៅក្រោយ និង១គ្រាប់ទៀតចំភ្លៅបានស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ និងស្ត្រីម្នាក់ទៀតឈ្មោះសន សុម៉ាឡែន អាយុ៣២ឆ្នាំ ត្រូវជាម្តាយនិងជាបងក៏ បាញ់ត្រូវ២គ្រាប់គឺចំ ភ្លៅ១គ្រាប់និង បញ្ឆិតដោះ១ គ្រាប់រងរបួសធ្ងន់ ។

ប្រភពព័ត៌មាន បានឱ្យដឹងទៀតថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះឈ្មោះទិត្យ ធារ៉ា ត្រូវបានរថយន្តរបស់ធនាគារ ដឹកចេញពីកន្លែងធ្វើការនៅក្នុង សង្កាត់កំបូលត្រឡប់ទៅ ផ្ទះរបស់ខ្លួននៅត្រង់ចំណុច កើតហេតុក្នុង បុរីញូវថោននោះតាមទម្លាប់ ដូចសព្វមួយដង ។ ពេលទៅដល់មុខផ្ទះ ស្ត្រីរងគ្រោះបានចុះពី លើរថយន្តដើរសំដៅបម្រុងទៅ ចាក់សោទ្វារចូល ផ្ទះ ក៏ត្រូវឃាតករដែលបានឈរចាំនៅ ទីនោះរួចជាស្រេច ដកកាំភ្លើង ខ្លីស៊េរីទំនើបមួយដើម ពីចង្កេះ បើកការបាញ់ប្រហារ ជាច្រើនគ្រាប់ បណ្តាលឱ្យដេកដួល នៅក្នុងថ្លុកឈាមតែម្តង ។ ប្រភពដដែលបានបន្តថា ចំណែកឯស្ត្រីឈ្មោះសន សុម៉ាឡែន ដែលត្រូវជាបង ពេលបានឮសំឡេង ស្នូរផ្ទុះអាវុធបានរត់ចេញ ពីក្នុងផ្ទះរបស់ខ្លួន ដែលស្ថិតនៅទល់មុខគ្នា នោះមកមើល ដោយពកូនប្រុសឈ្មោះឡយ យុទ្ធារ៉ា អាយុជាង១ខួបនោះមក ជាមួយផងដែរ។ គ្រាន់តែចេញផុតពីផ្ទះបន្តិច ក៏ត្រូវជនជាឃាតករនោះបាញ់រះ សំដៅបណ្តាលឱ្យត្រូវទាំងកូនទាំង ម្តាយដេកដួលក្នុងថ្លុកឈាមដែរ ហើយខ្មាន់កាំភ្លើងនោះក៏បាន កាន់កាំភ្លើងដើរចេញទៅជា ធម្មតាផុតពីកន្លែង កើតហេតុបន្តិច ទើបរត់ចូលក្នុងផ្ទះមួយដោះ អាវគ្រវាត់ចោល រួចរត់គេចខ្លួន បាត់ស្រមោល ដោយសុវត្ថិភាព ។

ក្រោយពេលឮស្នូរបាញ់ ទើបសមត្ថកិច្ចមូលដ្ឋានចុះ ទៅកាន់កន្លែងកើតហេតុភ្លាមៗ និងតាមប្រមាញ់រក ឃាតករខ្វាត់ខ្វែង ប៉ុន្តែមិនបានប្រទះ ឃើញជននោះទេ ។ មិនតែប៉ុណ្ណោះបានធ្វើការ ឡោមព័ទ្ធផ្ទះដែលមានការសង្ស័យថា ឃាតកររត់ចូលទៅលាក់ខ្លួន ប៉ុន្តែពេលទៅដល់បានប្រទះ ឃើញតែអាវដែលជននោះ  បោះចោលប៉ុណ្ណោះ ។ សមត្ថកិច្ចបានយកអាវនោះ មករក្សាទុក ព្រមទាំងបានឃាត់ខ្លួនយុវជនពីរនាក់ ក្នុងការសង្ស័យ នាំយកទៅសាកសួរ តែមិនចំមុខសញ្ញានោះឡើយ ។

នៅព្រឹកថ្ងៃទី៩ មេសា សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ស្វែងរកមុខឃាតករបន្តទៀត ។ មន្ត្រីសមត្ថកិច្ចបានបង្ហើបថា ការបាញ់ប្រហារនេះសង្ស័យអាចផ្តើម ចេញពីរឿងគំនុំ ព្រោះឃាតករនេះសាហាវខ្លាំងណាស់បាន បាញ់ប្រហារអស់គ្រាប់១បង់ ដែលជាកាំភ្លើងខ្លីស៊េរីទំនើបម៉ាកឡុកមានគ្រាប់ពី១៥ទៅ១៦ គ្រាប់តាមប្រភេទ ។ ជាការពិតណាស់ការបាញ់ សម្លាប់នេះមានការគ្រោងទុកជាមុន ព្រោះសាក្សីប្រាប់ថា មុននឹងធ្វើសកម្មភាព គេបានឃើញជននោះទៅសំកុក ចាំាជនរងគ្រោះពីរបីថ្ងៃ កន្លងមកហើយ ៕







បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]