ខេត្តក្រចេះ ៖ផ្ទះកន្តាំង៣ខ្នង ធ្វើពីឈើប្រក់ក្បឿងចំនួន២ ដែលមានតម្លៃរាប់ម៉ឺនដុល្លារ នៅជាប់គ្នាក្នុង ភូមិរកាកណ្តាលទី១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ត្រូវបានអគ្គិភ័យ លេបត្របាក់ គ្មានសល់កាលពីម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី៩ មេសា ។

នៅក្នុងហេតុការណ៍នេះ គេមិនទាន់មានប្រភពព័ត៌មាន ណាមួយបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះអគ្គិភ័យ នេះកើតឡើងបណ្តាលមកពីមូល ហេតុអ្វីនៅឡើយនោះទេ ។ ដោយឡែក ម្ចាស់ផ្ទះដែលជាដើមហេតុ បានអះអាងប្រាប់ សមត្ថកិច្ចថា បណ្តាលមកពីទុស្សេ ខ្សែភ្លើង ខណៈដែលរូបគាត់ និងភរិយាមិននៅផ្ទះ រវល់ទៅចូលរួមពិធី បុណ្យផ្ទះម្តាយ ។

លោកស្រីកុសល ចៅសង្កាត់រកាកណ្តាល បានឱ្យដឹងថា លំនៅឋានទាំងពីរ ត្រូវបានអគ្គិភ័យលេប ត្របាក់អស់ទាំងស្រុង ខណៈដែលម្ចាស់លំនៅឋាន ទាំងពីរមិននៅផ្ទះ ។ អ្នកស្រីបន្តថា អណ្តាតភ្លើងបានឆាបឆេះចេញ ពីផ្ទះកន្តាំង៣ខ្នងមួយ មានទំហំ៨ម៉ែត្រគុណ១២ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ជាកម្មសិទ្ធិរបស់ឈ្មោះសន ធី អាយុ៣៧ឆ្នាំ ជាបុគ្គលិកមន្ទីរអប់រំ យុវជន និងកីឡា មានប្រពន្ធឈ្មោះចោម ចរណៃ អាយុ២៩ឆ្នាំ ជាគ្រូបង្រៀន ។ ចំណែកឯសម្ភារ និងទ្រព្យដែល ត្រូវបានខូចខាត ទាំងស្រុងក្នុងអណ្តាត ភ្លើងនោះរួម មានស្រូវ២០បាវ ប្រាក់ខ្មែរ៣០ម៉ឺនរៀល ប្រាក់អាមេរិក២២០ដុល្លារ ទូ៣ គ្រែ១ និងសម្ភារប្រើប្រាស់មួយចំនួនធំ ។

រីឯលំនៅឋានមួយទៀត ក៏ជាផ្ទះកន្តាំង៣ខ្នងដូច គ្នាដែរ មានទំហំ៧,៥ម៉ែត្រគុណ១២ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ដែលទើបតែសាងសង់រួចកាលពីឆ្នាំទៅ ជាកម្មសិទ្ធិរបស់ ឈ្មោះហ៊ន សុមី អាយុ៣៣ឆ្នាំ បម្រើការនៅអង្គការ WWF ខេត្តក្រចេះ និងប្រពន្ធឈ្មោះលី ម៉ាឡៃ អាយុ៣២ឆ្នាំ ជាគ្រូបង្រៀន ។ លំនៅឋានមួយនេះ ត្រូវអណ្តាតភ្លើងឆាបឆេះអស់ គ្មានសល់ រួមទាំងសម្ភារ និងទ្រព្យសម្បត្តិ ជាច្រើនទៀត មានដូចជា ប្រាក់អាមេរិក ៣០០ដុល្លារ គ្រឿអលង្ការប្លាទីន ជាង១តម្លឹង និងសម្ភារប្រើប្រាស់ ក្នុងផ្ទះមួយចំនួនធំ ។

តាមការអះអាងនៅកន្លែង កើតហេតុបានឱ្យដឹងថា ម្ចាស់ផ្ទះជាដើមហេតុឈ្មោះសន ធី អាយុ៣៧ឆ្នាំ បាននិយាយថា ថ្ងៃកើតហេតុគាត់ និងប្រពន្ធមិននៅផ្ទះទេ និងចាក់សោផ្ទះ ហើយបាននាំគ្នាទៅធ្វើ បុណ្យនៅផ្ទះម្តាយ ។ បុរសរូបនេះអះអាងថា ក្នុងផ្ទះគាត់មិនមានអុជធូបទៀន ឬដុតភ្លើងទុកចោលនោះឡើយ ។

លោកស្រីកុសល ចៅសង្កាត់រកាកណ្តាលបានប្រាប់ទៀតថា មុនពេលកើតហេតុ គឺមានការដាច់ចរន្តអគ្គិសនី ហើយបន្ទាប់ពីចរន្តអគ្គិសនីបានភ្ជាប់វិញ ក៏ឃើញមានផ្សែងហុយ ចេញតាមដំបូលផ្ទះឈ្មោះសន ធី និងមានអណ្តាតភ្លើងឆេះចេញ យ៉ាងសន្ធោសន្ធៅ គ្មាននរណាជួយទាន់ ខណៈដែលម្ចាស់ លំនៅឋានទាំងពីរមិននៅផ្ទះ និងចាក់សោពីខាងក្រៅជាប់ថែមទៀតនោះ ។

អគ្គិភ័យបានឆាបឆេះឡើង យ៉ាងសន្ធោសន្ធៅអស់រយៈ ពេលជិត២ម៉ោង ទើបមានការធូរស្រាល បន្ទាប់ពីកម្លាំងនគរបាលបានប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន១២រថយន្ត ។ ក្នុងសកម្មភាពនៃការជួយសង្គ្រោះ បាញ់ទឹកពន្លត់នោះ គឺមានការចុះដឹកនាំចាត់ចែង ផ្ទាល់ពីសំណាក់លោក ឧត្តមសេនីយ៍ត្រី ជួង ស៊ាងហាក់ ស្នងការនគរបាលខេត្ត និងលោកវរសេនីយ៍ឯក ហន ប៉ូច ស្នងការរងកណ្តាលសណ្តាប់ធ្នាប់ និងកងកម្លាំងនគរបាលជាច្រើនរូបទៀត ។

លោកវរសេនីយ៍ឯក ហន ប៉ូច ស្នងការរងកណ្តាលសណ្តាប់ធ្នាប់ បានមានប្រសាសន៍ឱ្យដឹងថា ក្នុងសកម្មភាពចុះជួយសង្គ្រោះ គ្រោះអគ្គិភ័យនាព្រឹកនោះ ស្នងការដ្ឋាននគរបាលខេត្ត បានប្រើប្រាស់កម្លាំងជិត១០០នាក់ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង និងទឹកចំនួន១២រថយន្ត ទើបធ្វើការគ្រប់គ្រង ស្ថានការណ៍បានវិញក្នុង រយៈពេលជិត២ម៉ោងរួច មក ។

លោកស្នងការ រងបានបញ្ជាក់ថា ជាមួយនឹងស្ថានភាពនោះ កម្លាំងសមត្ថកិច្ចបាន ធ្វើការបាញ់ទឹកពន្លត់ និងបាញ់ទឹកទប់ស្កាត់ មិនឱ្យឆេះរាលដាលដល់ លំនៅឋានមួយចំនួនទៀត ដែលនៅក្បែរនោះ ។ លោកបន្តថា កម្លាំងនគរបាលនៅតែបន្តការស្រាវជ្រាវ រកមូលហេតុពិតប្រាកដដែល បង្កឱ្យមានគ្រោះអគ្គិភ័យនេះ ។ ទោះបីជាជំហានដំបូង មានការសង្ស័យពី ការទុស្សេចរន្តអគ្គិសនីក្តី ។ លំនៅឋានទាំង២ដែលក្លាយជាចំណីភ្លើងនេះ ជាផ្ទះដែលលម្អដោយ ឈើប្រណីតតម្លៃរាប់ម៉ឺនដុល្លារ ។ ពិតជាគួរឱ្យមានការស្តាយ ពន់ពេកណាស់ ដែលអ្វីៗបានក្លាយជាផេះផង់ក្នុង ភ្លើងតែមួយប៉ប្រិចភ្នែក ៕









បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]