ខេត្តប៉ៃលិន ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត បានចាប់ខ្លួនបុរសម្នាក់ បន្ទាប់ពីជននេះផឹកស្រាស្រវឹងធ្លាក់ភ្នែក រួចដើរទៅឆ្លុះចាប់កង្កែបនៅខាងក្រៅភូមិ ពេលត្រឡប់មកវិញ ឃើញប្រពន្ធគេដេកយាមជ្រូកម្នាក់ឯងក៏ កើតមានតណ្ហាពុះកញ្ជ្រោល ចូលទៅចាប់រំលោភរហូតបានសម្រេច រួចគំរាមមិនឱ្យប្រាប់នរណាឡើយ។ បន្ទាប់មកជននេះបាន ដើរទៅងូតទឹកអូរនៅក្រោយផ្ទះ លុះពេលត្រឡប់មកវិញបម្រុង ចាប់រំលោភម្តងទៀត ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង ។

ហេតុការណ៍ចាប់រំលោភនេះបានកើតឡើង កាលពីវេលាម៉ោង៩យប់ថ្ងៃទី៦ មេសា នៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។ ចំណែកការចាប់ឃាត់ខ្លួនបានធ្វើឡើងភ្លាមៗ បន្ទាប់ពីស្ត្រីរងគ្រោះប្តឹងដល់ សមត្ថកិច្ចកងរាជអាវុធហត្ថដែលយាមនៅក្បែរកន្លែងកើតហេតុ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃដដែល ។ លុះដល់រសៀលថ្ងៃទី៨ មេសា ទើបសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ។
លោក នង វណ្ណី នាយការិយាល័យមន្ទីរស្រាវជ្រាវនិងយុតិ្តធម៌ នៃកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ ឈ្មោះ បូ ឃឿន អាយុ៣៣ឆ្នាំ ជាជាងផ្សារដែក រស់នៅផ្ទះជាប់គ្នាជាមួយស្ត្រីរងគ្រោះ ។ កាលពីវេលាល្ងាចមុនកើតហេតុ ជនជាប់ចោទបានជួបជុំគ្នាផឹកស្រានៅផ្ទះរបស់ខ្លួន ក្បែរផ្ទះស្ត្រីរងគ្រោះ ដោយមានគ្នាប្រហែល៦ទៅ៧នាក់ ។ លុះផឹកស្រារហូតដល់ពេលយប់ ទើបចែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន ។ ឯជនជាប់ចោទបានយកពិលទៅដើរឆ្លុះចាប់កង្កែបនៅខាងក្រៅភូមិ រហូតដល់ម៉ោងប្រហែលជិត៩យប់ ទើបត្រឡប់មកវិញដើរទៅមើលដែកដែលគេផ្ញើដាក់នៅក្បែរទ្រុងជ្រូករបស់ស្ត្រីរងគ្រោះ ។ ពេលដើរទៅដល់ក៏ឃើញស្ត្រីរងគ្រោះកំពុងដេកនៅលើគ្រែយាមជ្រូកតែម្នាក់ឯង ខណៈប្តីរបស់នាងអត់នៅផ្ទះ ។ ឃើញឱកាសល្អបុរសរូបនេះក៏ចូលទៅនិយាយសុំនាងរួមរ័ក តែស្ត្រីរងគ្រោះប្រកែកដោយប្រាប់ថា នាងមានប្តីនិងកូនរួចទៅហើយ មិនអាចធ្វើដូច្នេះបានទេ ។ ផ្ទុយទៅវិញនាងនិយាយមិនទាន់អស់សេចក្តីផង ជននេះបានស្ទុះចូលទៅចាប់ខ្ទប់មាត់ជាប់មិនឱ្យស្រែក រួចហើយធ្វើសកម្មភាពចាប់រំលោភទាំងកំរោលរហូតបានសម្រេច ។
ក្រោយពីរំលោភរួច ជនសង្ស័យបាននិយាយគំរាមមិនឱ្យប្រាប់នរណាឡើយ បើមិនដូច្នេះទេគេនឹងសម្លាប់ចោល រួចក៏ដើរចេញទៅងូតទឹកនៅអូរក្រោយផ្ទះបាត់ទៅ ។ ប្រភពដដែលបានបន្តទៀតថា ក្រោយមកស្ត្រីរងគ្រោះបានរត់ទៅប្តឹងកម្លាំងកងរាជអាវុធហត្ថ ដែលប្រចាំការនៅព្រំប្រទល់ខេត្តបៃ៉លិន-បាត់ដំបង (ចំណុចអូរសួស្តី) ទើបមានការចាប់ឃាត់ខ្លួនបានតែម្តង ខណៈដែលបុរសរូបនេះដើរចេញពីអូរ បម្រុងមករកចាប់នាងរំលោភម្តងទៀត ។

លោក នង វណ្ណី បានឱ្យដឹងទៀតថា ក្រោយពេលឃាត់ខ្លួន ជនចោទជាប់សារភាពថា រូបគេពិតជាបានចាប់រំលោភនាងប្រាកដមែន ខណៈដែលប្តីរបស់នាងមិននៅផ្ទះ ដែលនាងកំពុងតែដេកយាមជ្រូកម្នាក់ឯង ។ ជនជាប់ចោទត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី៨ មេសា ៕   



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]