កំពង់ឆ្នាំងៈ បុរសពីរនាក់ ដែលកងរាជអាវុធហត្ថ ធ្វើការចាប់ឃាត់ខ្លួន បញ្ជូនទៅកាន់សាលាដំបូង ខេត្តកំពង់ឆ្នាំង ជាប់ពាក់ព័ន្ធការធ្វើនេសាទ មងបង្ក្រាប កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៣នោះ នៅល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៣ ត្រូវបានតុលាការខេត្តកំពង់ឆ្នាំង សំរេចដោះលែង ឲ្យនៅក្រៅឃុំ ។

បុរសទាំង២នាក់ មានឈ្មោះ ១-កោប ពុធ អាយ៣៦ឆ្នាំ ទី២-ឈ្មោះ លី ឡៃម៉ាន អាយុ ៣០ឆ្នាំ   អ្នកទាំង២ជាជនជាតិខ្មែរឥស្លាម មកស្នាក់រករបរ នេសាទនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

គួររម្លឹកថា ស្រ្តី២នាក់ រួមនិងកូនតូចៗ ដោយមានកុមារីអាយុ ៧ឆ្នាំម្នាក់ ពិការស្វិតដៃជើង បន្ទាប់ពីកម្លាំង កងរាជអាវុធហត្ថ B07 ខេត្តកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួន ដោយសារការនេសាទមងបង្ក្រាប។  ដោយសារតែភាពទ័លច្រក ធ្វើឲ្យស្ត្រី២នាក់ បានធ្លាក់ខ្លួនក្លាយជាអ្នកសុំទាន នៅតាមទីផ្សារ និង ទីប្រជុំជននានា ក្នុងក្រុងកំពង់ឆ្នាំង យ៉ាងលំបាកលំបិន ។

ស្រ្តីឈ្មោះ សាឡេះ ទីយ៉ុម អាយុ ៣៦ឆ្នាំ មានស្រុកកំណើតនៅភូមិថ្មី ស្រុកកោះធំ ខេត្ត កណ្តាល ដែលបច្ចុប្បន្ន រស់នៅលើទូកនេសាទ ជាមួយនិង កូនតូចៗ៤នាក់ ដែលមន្ត្រីកងរាជអាវុធហត្ថ B07 បានចាប់ឃាត់ខ្លួន ព្រមទាំងយកទូក ដែលស្រ្តីរូបនេះ រស់នៅជាមួយកូនតូចៗ សព្វថ្ងៃមករក្សាទុក នៅស្នាក់ការសន្តិសុខ B07 ព្រមទាំងចាប់ប្តីអ្នកស្រី បញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

បើយោងតាម ការអះអាងរបស់ ស្រ្តី សាឡេះ ទីយ៉ុម បានអោយដឹងថា ប្តី អ្នកស្រី ឈ្មោះ កោប ពុធ អាយុ ៣៦ឆ្នាំ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៣ ដោយសារប្តីអ្នកស្រី ប្រកបរបរនេសាទមងបង្ក្រាប ក្រឡា៦ហ៊ុន ប្រវែង ៦០ម៉ែត្រ ។ ស្រ្តីរូបនេះបន្តថា ប្តីរបស់គាត់ ត្រូវបានជាប់ពន្ធនាគារ រហូតមកដល់បច្ចុប្បន្ន ហើយបានបន្សល់ទុកឲ្យរូបគាត់ ចិញ្ចឹមបីបាច់កូនតូចៗ ព្រមទាំងកូនស្រីម្នាក់ទៀត ដែលពិការស្វិតដៃជើងយ៉ាងវេទនា ។ សព្វថ្ងៃរូបគាត់ និងកូនតូចៗបានដើរសុំទានគេ ជារៀងរាល់ថ្ងៃដើម្បីចិញ្ចឹមជីវិត រស់នៅលើទូកនេសាទ ដែល មន្ត្រីកងរាជអាវុធហត្ថបានឃាត់ទុក ។ 

ស្រ្តី សាឡេះ ទីយ៉ុម មានកូនតូចៗ៤នាក់ ទី១-ឈ្មោះ ហាន់ ណាហ្វី ភេទប្រុស អាយុ ៨ឆ្នាំ ទី២-ឈ្មោះ ហាន់ ទីណា អាយុ ៧ឆ្នាំ ជាកុមារីពិការស្វិតដៃ ជើង ទី៣- ហាន់ ភានី ភេទស្រី អាយុ ៤ឆ្នាំ និងទី៤-ឈ្មោះ ហាន់ នី ភេទស្រី អាយុ៥ខែ ។

ដោយឡែក ស្រ្តី ឈ្មោះ កូប ម៉ារី អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅភូមិថ្មី ស្រុកកោះធំ ខេត្តកណ្តាល ដែលបច្ចុប្បន្ន រស់នៅលើទូកនេសាទជាមួយ និងកូនតូចៗ៥នាក់ ទី១-ឈ្មោះ ម៉ាន ស្លីម ភេទប្រុស អាយុ ១៣ឆ្នាំ ទី២-ឈ្មោះ ម៉ាន រីណា ភេទស្រី អាយុ ១០ឆ្នាំ ទី៣-ឈ្មោះ ម៉ាន អ៊ីសា ភេទ ប្រុស អាយុ៩ឆ្នាំ ទី៤-ឈ្មោះ ម៉ាន រ៉ូសាន ភេទស្រី អាយុ ៦ឆ្នាំ និងទី៥-ឈ្មោះ ម៉ាន រ៉ូសេត ភេទប្រុស អាយុ២ឆ្នាំ ។  ស្រ្តី ឈ្មោះ កូប ម៉ារី បានឲ្យដឹងថា ប្តី របស់គាត់ឈ្មោះ លី ឡៃម៉ាន អាយុ ៣០ឆ្នាំ មុខរបរជាអ្នកនេសាទ ដាក់មងបង្ក្រាបប្រវែង ៦០ម៉ែត្រ ត្រូវបានកងរាជអាវុធហត្ថ ចាប់ឃាត់ខ្លួនដាក់ ពន្ធនាគារ ជាមួយប្តីស្ត្រី  សាឡេះ ទីយ៉ុម ។

ស្រ្តីទាំង២នាក់ រួមនិងកូនតូចៗ បច្ចុប្បន្ន កំពុងរស់នៅលើទូកនេសាទ ដែលកងរាជអាវុធហត្ថបានឃាត់ទុក នៅស្នាក់ការសន្តិសុខ B07 បាននាំគ្នា ដើរសុំទានគេសំរាប់១ថ្ងៃរស់១ថ្ងៃ យ៉ាងវេទនា បានលើកដៃសំពះសុំឲ្យ សម្តេចតេជោ ហ៊ុន សែន និង លោកជំទាវ កិត្តិព្រឹទ្ធ បណ្ឌិត មេត្តាជួយ អន្តរាគមន៍ សុំក្តីមេត្តាដោះលែងប្តីរបស់ពួកគាត់ទាំង២នាក់ ឲ្យមានសេរីភាពដើម្បីចិញ្ចឹមគ្រួសារ និងកូនតូចៗ ដោយពួកគាត់បានអះអាងថា ពេលដែលប្តីរបស់ពួកគាត់ រួចខ្លួនចេញពីពន្ធនាគារ ពួកគាត់នឹងសុខចិត្តឡើងគោក ដើររើសអេតចាយ ដើម្បីចិញ្ចឹមជីវិតប្រសើរ ជាងរស់នៅលើទឹក អាស្រ័យរបរនេសាទ ជាលក្ខណៈគ្រួសារ ប៉ុន្តែការនេសាទ បែរជាទទួលលទ្ធផលយ៉ាង វេទនាដូចនេះ ។

ស្ត្រីទាំង២នាក់រួមនិងកូនតូចៗ ក្រោយពីតុលាការ បានដោះលែងប្តីនិងឳពុក បានត្រេកអរយ៉ាងខ្លាំង ហើយសូមអរគុណដល់ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ និងលោកជំទាវកិត្តព្រឹទ្ធបណ្ឌិត  ដែលមានក្តីមេត្តាអន្តរាគមន៍ ដោះលែងប្តីរបស់ពួកគាត់ ឲ្យមានសេរីភាពឡើងវិញ ។

នៅ ល្ងាច ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៣ ស្ត្រីទាំង២នាក់ រួមនិងកូនតូចៗបន្ទាប់ពីបានជួបជុំ ប្តី របស់ពួកគេ ក៍បានទទួលអំណោយ សប្បុរសជន តាមរយៈ លោក ចៅ តុល នូវអង្ករក្នុងមួយគ្រួសារ ១០០គីឡូក្រាម និងថវិកា ៤០ម៉ឺនរៀល ៕




ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]