ភ្នំពេញ៖ ពលករខ្មែរ១១នាក់ ក្នុងចំណោម ២៣នាក់ ដែលទៅធ្វើការ ខុសច្បាប់ នៅលើទូកនេសាទថៃ បានវិល ត្រលប់ មកដល់កម្ពុជាហើយ បន្ទាប់ពីជួយសង្គ្រោះ ដោយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ ក្រៅរដ្ឋាភិបាល។

ពលករម្នាក់ឈ្មោះ ហ៊ន ក្នុងចំណោមទាំង១១នាក់ បានប្រាប់ឲ្យដឹងនៅព្រលាន យន្តហោះអន្តរជាតិ ភ្នំពេញ នៅ ព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៣បន្ទាប់ពីបានវិលត្រលប់ មកដល់ទឹកដីកម្ពុជាថា “ខ្ញុំមានការលំបាកវេទនា យ៉ាងខ្លាំង នៅក្នុងការធ្វើជាកម្មករ នេសាទលើទូកថៃនោះ ហើយខ្ញុំមានការសប្បាយ ជាខ្លាំងដែលបានត្រលប់ កម្ពុជាវិញ”។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង ដែលបានចេញ នៅព្រឹក ថ្ងៃសៅរ៍ ទី៦ ខែមេសា ឆ្នាំ២០១៣ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ និងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានរួមសហការជា មួយអាជ្ញាធរ ប្រទេសម៉ូរីស បានជួយសង្រ្គោះពលរដ្ឋខ្មែរ រងគ្រោះចំនួន២៣នាក់ ដែលត្រូវបានមេខ្យល់បោកបញ្ឆោត នាំទៅ ធ្វើការខុសច្បាប់ នៅលើទូក នេសាទថៃ។

ប្រភពដដែលបានឲ្យដឹងថា ពលរដ្ឋខ្មែរទាំង២៣នាក់នេះ ត្រូវបានជួយសង្គ្រោះ នៅពេលទូកនេសាទ ខុសច្បាប់ របស់ថៃ ចូលទៅក្នុងដែនទឹក របស់ប្រទេសម៉ូរីស។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១២ កន្លងទៅថ្មីៗនេះ ការទទួលពលករធ្វើ អន្តោប្រវេសន៍ ពីអាជ្ញាធរបរទេស មានចំនួន ១២៣.៦០៦នាក់ កើនឡើងចំនួន ៤.៨២៥នាក់ បើប្រៀបធៀប កាលពីឆ្នាំ២០១១ ដែលមានត្រឹមតែ ១១៨.៧៩១ នាក់ ដែលការបញ្ជូននេះ គឺមកតាមខេត្ត ជាប់ព្រំដែនចំនួន៦ មាន ខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន កោះកុង ស្ទឹងត្រែង និងខេត្តស្វាយរៀង ដែលមកពីប្រទេសថៃ វៀតណាម និងឡាវ។

រីឯការបញ្ជូនត្រឡប់ តាមរយៈក្រសួងការបរទេសវិញ ក្នុងឆ្នាំ២០១២ មានចំនួន ២៣៨នាក់ ដែលមកពីប្រទេស កូរ៉េខាងត្បូង ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ម៉ែក្រូនេស្យា នេហ្គាល់ ម៉ូរីទិស ចិន ហ្វីជី ជប៉ុន អាហ្រ្វិកខាងត្បូង និងប្រទេសថៃ៕

Photo by DAP-News

Photo by DAP-News

ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]