កំពង់ចាមៈ បុរសម្នាក់ មានគូដណ្តឹងសល់ ២ ទៅ ៣ ថ្ងៃទៀត ចូលរោងការ ស្រាប់តែស្រវឹងស្រា តណ្ហា ដុតរោល ទៅចាប់ក្មេងស្រីម្នាក់ អាយុ ១៣ឆ្នាំ រំលោភសេពសន្ថវៈ រហូតបានសម្រេច ខណៈក្មេងស្រី រងគ្រោះ ដឹកគោមកពីឃ្វាល កាលពីវេលាម៉ោង ២ និង ៣០នាទីរសៀល ថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៣ នៅចំណុចវាលស្រែ ចម្ងាយជិត ១០០០ ម៉ែត្រ ក្រោយផ្ទះក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិរើលក្រោម ឃុំដូន តី ស្រុកពញាក្រែក ខេត្តកំពង់ចាម ហើយករណីនេះ ក្រោយហេតុការណ៍ ជនសង្ស័យ ត្រូវសមត្ថកិច្ច នគរបាល ឃាត់ខ្លួនយកទៅអធិការដ្ឋាន នគរបាលស្រុកពញាក្រែក ដើម្បីចងក្រង សំណុំរឿងទៅតាម នីតិវិធី។

លោក ប្រាក់ ប៊ុនណុន អធិការនគរបាល ស្រុកពញាក្រែក បានមានប្រសាសន៍ឲ្យដឹងថា ជនសង្ស័យឈ្មោះ សន ពិសី ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅភូមិជាចជើង ឃុំជាច ស្រុកកំចាយមា ខេត្តព្រៃ វែង ។ លោក អធិការបានឲ្យដឹងទៀតថា កន្លងមកជនសង្ស័យឈ្មោះ សន ពិសី តែងតែមកលេងផ្ទះ គូរដណ្តឹងរបស់ខ្លួន នៅភូមិរើលក្រោម ឃុំដូនតី ស្រុកពញាក្រែក ខេត្តកំពង់ចាម ។ លុះនៅថ្ងៃកើតហេតុ នៅវេលាម៉ោងជាង ២ រសៀល ដោយមេឃមានភ្លៀងធ្លាក់ផងនោះ ក្មេងស្រីរងគ្រោះ ឈ្មោះ ស្រ.ន. អាយុ ១៣ ឆ្នាំ មានផ្ទះនៅក្បែរ ផ្ទះគូដណ្តឹងជនសង្ស័យ បានដឹកគោមកពីឃ្វាល ហើយពេលក្មេងស្រីរងគ្រោះ ដឹកគោមកដល់ ចំណុចវាលស្រែ ដែលមានចម្ងាយ ពីផ្ទះជិត ១០០០ ម៉ែត្រ ស្រាប់តែជនសង្ស័យ ក្នុង អាការៈ ស្រវឹងស្រា បានចាប់នាងរំលោភ សេពសន្ថវៈ រហូតបានសម្រេច ។

លោកអធិការបានបន្តទៀតថា បើតាមសាច់ញាតិ ជនសង្ស័យ បានឲ្យដឹងដែរថា ជនសង្ស័យ មានគូ ដណ្តឹងសល់តែ ២ ទៅ ៣ ថ្ងៃទៀតប៉ុណ្ណោះ ត្រូវចូលរោងការហើយ ដោយជាមួយគ្នានេះ ខាងសាច់ញាតិ ជនសង្ស័យ បានដើរចែកសំបុត្រការរួចហើយផងដែរ តែមិនដឹងជាមោបាំងអ្វី បានជាជនសង្ស័យទៅ ប្រព្រឹត្តដូច្នោះ។

លោក អធិការបន្តថា ក្នុងករណីខាងលើ បន្ទាប់ពីសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ដូនតី បានរាយការណ៍ លោក បានចាត់កម្លាំង ចុះដល់កន្លែងកើតហេតុ និងស្រាវជ្រាវចាប់ខ្លួន ជនសង្ស័យបានភ្លាមៗ បញ្ជូនទៅកាន់អធិការដ្ឋាន នគរបាលស្រុកពញាក្រែក ដើម្បីចងក្រង សំណុំរឿង តាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការទៅតាមផ្លូវច្បាប់ ៕

ដោយ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]