ខេត្តកំពង់ស្ពឺៈ ហេតុការណ៍ដែលមនុស្សម្នា គ្រប់ស្រទាប់វណ្ណៈ ស្ទើរតែមិនគួរឲ្យជឿនោះ គឺព្រះតេជគុណ ព្រះនាម កាធី ជាព្រះចៅអធិការ ដែលគង់ ចាំព្រះវស្សា នៅវត្តពោធិ៍ ស្ថិតក្នុងឃុំពោធិ៍អង្រ្គង ស្រុកបរសេដ្ឋ លួចដោះស្បង់ចីវ និងស្លៀកសំលៀកបំពាក់ បន្លំភ្នែកច្រមុះមនុស្សម្នាផងទាំងពួង ដើរលេងបុណ្យ និងបានប្រព្រឹត្តនូវអំពើផ្សេងៗ ដែលមនុស្សទូទៅ មិននឹកស្មានដល់។

ករណីនេះបានបែកធ្លាយ នៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៣ ដោយព្រះចៅអធិការរូបនេះ បានដោះស្បង់ចីវ និងស្លៀកសំលៀកបំពាក់ លួចដើរ លេងបុណ្យបញ្ចុះខ័ណ្ឌសីមាវត្តព្រៃជួរ ស្ថិតក្នុងឃុំតាពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ដែលប្រជាពលរដ្ឋនៅជិតវត្តនោះ ចំណាំព្រះចៅអធិការកំហួច លបលួចដើរលេងយប់នោះ ប្រាកដច្បាស់ថា អ្នកដែលស្លៀកសំលៀកបំពាក់ និងមានសក់ខ្លីខុសពីធម្មតា ពិតជាព្រះចៅអធិការទំនើង ដែលគង់ចាំ ព្រះវស្សានៅវត្តពោធិ៍ ក្លែងភេទជាក្មេងស្ទាវ ទើបពួកគាត់ភ្ញាក់ផ្អើល បន្ទាប់មកដំណឹងនេះ ក៏ធ្លាយដល់ក្រសួងធម្មការខេត្ត បានមកសាកសួរ ព្រះចៅអធិការរូបនោះ ហើយព្រះចៅអធិការរូបនោះ ក៏បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចអ្វី ដែលបងប្អូនពុទ្ធបរិស័ទឃើញមែន ក៏ប៉ុន្តែខាងក្រសួងធម្មការខេត្ត សំរេចថាឲ្យព្រះចៅអធិការរូបនោះ គង់ជាព្រះចៅអធិការបន្តទៀត។

ជុំវិញករណីខាងលើនេះ ក៏មានមតិប្រជាពលរដ្ឋ ដែលជាពុទ្ធបរិស័ទជាច្រើន បានពេបជ្រាយ និងចំអកថា ពួគាត់ឈប់ធ្វើបុណ្យ ក្នុងវត្តពោធិ៍នេះទៀត ហើយ ជាពិសេសនោះ គឺជាមួយនិងព្រះចៅអធិការក្លែងភេទ ដែលល្មោភនិងការសប្បាយឥតអៀនខ្មាស ដោយខ្លួនគឺជាអ្នកប្រព្រឹត្តតែអំពើល្អ គង់នៅកន្លែងស្ងប់ស្ងាត់ សិក្សាធម៌វិន័យ ផ្ដល់ឱវាទឲ្យមនុស្សទូទៅ កុំបីប្រព្រឹត្តអ្វី ដែលប្រាសចាក ទៅនិងតួនាទី ហើយក៏ជាស្រែបុណ្យផងដែរ តែខ្លួនបែរជាធ្វើជាត្រីងៀតឆ្លៀតពង នៅពេលដែលមានតួនាទី ជាព្រះចៅអធិការ មានបច្ច័យច្រើន បែកគំនិតកើនប្រាជ្ញា មិនសិក្សាព្រះធម៌ បែរជា នឹកឃើញតែការស្បាយទៅវិញ បើថាខ្លួនចង់ស្បាយ តាមរបៀបនេះ ម្ដេចក៏មិនលាចាកសិក្ខាបទ ជាព្រះសង្ឃទៅ កុំនៅនាំឲ្យខូចដល់ព្រះពុទ្ធ សាសនានោះទេ។

ចំពោះមតិមួយចំនួនទៀត ក៏បានបង្ហើបបន្ថែមដែរថា អង្គនេះធ្វើខុសយ៉ាងនេះទៅហើយ ម្ដេចក៏បន្តទុកនៅឲ្យធ្វើជា ព្រះចៅអធិការបន្តទៀត ឬក៏ ព្រះចៅអធិការរូបនោះ មានលក្ខណៈពិសេសអ្វី ឬក៏អំណាចទឹកប្រាក់ របស់ព្រះចៅអធិការ បានបិទត្របកភ្នែក ក្រសួងធម្មការខេត្តជិត ធ្វើឲ្យមើលអ្វីលែងឃើញ អស់ទៅហើយទេដឹង?។

ប្រភពដដែលបន្តថា នៅពេលនេះ គឺព្រះចៅអធិការហ៊ានធ្វើ ត្រឹមការដោះស្បង់ចីវដើរលេង ចុះថ្ងៃក្រោយមិនដឹងជាធ្វើអ្វី ច្រើនជាងនេះទៀត ក៏មិន ដឹងផង បើទុកនៅ ក៏មិនមានអ្វីជាទីគាប់ប្រសើរដែរ ហើយបើអត់ពីព្រះចៅអធិការមួយអង្គនេះ ក៏មានព្រះសង្ឃច្រើនអង្គរទៀត ដែលមានសមត្ថភាព អាចគង់ជាព្រះអធិការបានដែរ៕

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]