តោះ! មកដឹងរឿងដែលគួរធ្វើ និងហាមធ្វើ នៅក្នុងប្រទេសកូរ៉េខាងត្បូង

//s5.kh1.co/9d/9d3dc2475c9457ca4b98406470c32448cc313c44.jpg
យល់ដឹង

 ០១-ឧសភា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ដើម្បីជាជំនួយដល់ការធ្វើដំណើរកម្សាន្តរបស់លោកអ្នក ថ្ងៃនេះយើងនឹងមកស្វែងយល់ពីរឿងដែលគួរធ្វើ និងរឿងដែលត្រូវហាមនៅក្នុងប្រទេសកូរ៉េខាងត្បូង

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងត្រូវបានមហាជនទូទាំងពិភពតែងតែកោតសរសើរជានិច្ចអំពីវប្បធម៌របស់ខ្លួនតាមរយៈវិស័យសិល្បៈ ដូចជា K-pop និង K-Drama ដែលជាហេតុធ្វើឲ្យអ្នកគាំទ្រជាច្រើន ធ្វើការសន្សំប្រាក់ដើម្បីទៅសម្រាកលំហែកាយនៅប្រទេសដ៏ស្រស់ស្អាតនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីជាជំនួយដល់ការធ្វើដំណើរកម្សាន្តរបស់លោកអ្នក ថ្ងៃនេះយើងនឹងមកស្វែងយល់ពីរឿងដែលគួរធ្វើ និងរឿងដែលត្រូវហាមនៅក្នុងប្រទេសកូរ៉េខាងត្បូងទាំងអស់គ្នា៖

១. កុំបញ្ចេញគំនិតមិនពេញចិត្តទៅលើការកែសម្រស់

នៅប្រទេសកូរ៉េខាងត្បូង ការវះកាត់កែសម្រស់គឺពេញនិយមខ្លាំងណាស់ នៅតាមផ្លូវអ្នកអាចប្រទះឃើញថា ស្ត្រីជនជាតិកូរ៉េក្នុងចន្លោះអាយុពី ១៩ ឆ្នាំ ទៅ ២៩ ឆ្នាំ គឺភាគច្រើនតែងតែបានធ្វើការកែកុនចំណុចខ្លះដើម្បីឲ្យខ្លួនមានភាពស្រស់ស្អាត ហេតុនេះអ្នកមិនគួរធ្វើការទស្សន៍ទាយឮៗ ឬនិយាយពិភាក្សាគ្នាជាមួយមិត្តពីការកែកុនទាំងនោះឡើយ។ ការតាមមើលក៏ត្រូវបានហាមដូចគ្នា ព្រោះមិនថានាងមានមុខមាត់ស្អាតយ៉ាងណា ក៏វាមិនមែនជារឿងត្រឹមត្រូវនោះទេដែលយើងតាមមើលនរណាម្នាក់មិនដាក់ភ្នែកបែបនេះឡើយ។

ចំណាំ៖ ការតាមសម្លឹងនេះមានរួមបញ្ចូលទាំងការលួចមើលដូចគ្នា ព្រោះវាមើលទៅគួរឲ្យខ្លាចនៅពេលដែលមានមនុស្សលួចមើលបែបនេះ។

២. មិនត្រូវញ៉ាំរើស

ប្រសិនបើអ្នកទៅលេងប្រទេសកូរ៉េ អ្នកគួរតែសាកល្បងភ្លក់ម្ហូបគ្រប់មុខដែលលក់នៅតាមផ្លូវ មិនមែនគ្រាន់តែចូលភោជនីយ៍ដ្ឋាន K-BBQ ឬ ផាប់ដែលមានលក់មាន់ និងស្រានោះទេ។ ពេលខ្លះម្ហូបទាំងនោះអាចមើលទៅចម្លែក ដូចជាក្លិន ឬក៏រូបរាង ប៉ុន្តែវាអាចមានរសជាតិឆ្ងាញ់ដូចគ្នា ហេតុនេះសុំកុំញ៉ាំ តែអាហារបែបបរទេសពេញមួយរយៈ ពេលដើរលេងនោះ គួរណាស់តែស្វែងរកម្ហូបកូរ៉េនៅតាមអុីនធឺ ណែតរួចសាកល្បងភ្លក់វាទៅមើល អ្នកប្រហែលជាអាចពេញចិត្តក៏ថាបាន។

៣. កុំបង្ហាញអារម្មណ៍នៅទីសាធារណៈពេក

មិនថាអ្នកកំពុងតែខឹង រីករាយ ឬក៏មានអារម្មណ៍បែបណាក៏ដោយ សូមកុំបញ្ចេញវាខ្លាំងពេក ប្រសិនបើអ្នកកំពុងស្ថិតនៅទីសាធារណៈ ព្រោះជីវិតពិតនៅក្នុងប្រទេសនេះ មិនដូចនៅក្នុងរឿងដែលអ្នកបានមើលនោះទេ កាលណាអ្នកបង្ហាញអាកប្បកិរិយាមិនសមរម្យណាមួយ ឬក៏ជ្រុលពេក រួមមានដូចជាការរាំនៅលើផ្លូវ ការស្រែកច្រៀងឬឡូឡា គឺសុទ្ធតែត្រូវកែវភ្នែកមិនពេញចិត្តតាមមើលទាំងអស់។

ចំណាំ៖ ប្រសិនបើអ្នកមានការណាត់ជួបជាមួយ oppa ដែលជាជនជាតិកូរ៉េ កុំភ្លេចយកដៃបិទមាត់ផងនៅពេលសើច។

រូបតំណាង
រូបតំណាង

៤. កុំនិយាយខ្លាំងពេក

ប្រសិនបើអ្នកស្ថិតនៅក្នុងឡានក្រុង រថភ្លើង ឬកន្លែងតូចចង្អៀតតែមានមនុស្សច្រើន វាមើលទៅមិន សមរម្យនោះទេ ដែលអ្នកនិយាយដោយប្រើសម្លេងឮពេក ទោះជាអ្នកនិយាយភាសាកំណើតរបស់ខ្លួនក៏ដោយ។

៥. ប្រុងប្រយ័ត្នបន្តិចចំពោះកន្លែងអង្គុយ

មិនថាមកពីអ្នកហត់ពេក ឬក៏សប្បាយចិត្តពេកក៏៏ដោយ ប៉ុន្តែរាល់ពេលដែលអ្នកត្រូវជិះឡានក្រុង ឬរថភ្លើងអ្នកត្រូវ មើលឲ្យបានច្បាស់ ព្រោះគ្រប់កន្លែងអង្គុយទាំងអស់មិនមែនសុទ្ធតែអាចអង្គុយបាននោះទេ ជាក់ស្តែងចំពោះកៅអីខ្លះ គឺទុកសម្រាប់ជនពិការ ស្ត្រីមានផ្ទៃពោះ ឬមនុស្សចាស់ជរាដោយមានដាក់សញ្ញាបញ្ជាក់ត្រឹមត្រូវ ហេតុនេះប្រសិនបើអ្នកមិនច្បាស់ទេ អ្នកអាចសួរជនជាតិដើមដែលនៅទីនោះជាមួយអ្នកបន្ថែមកាន់តែល្អ។

៦. ប្រុងប្រយ័ត្នបន្តិច នៅពេលនិយាយដល់ប្រទេសជប៉ុន

ប្រទេសកូរ៉េខាងត្បូង និង ជប៉ុន ធ្លាប់មានប្រវត្តិមិនល្អជាមួយគ្នានោះទេកាលពីអតីតកាល ហេតុនេះដើម្បីចៀសវាងនូវបញ្ហាផ្សេងៗ អ្នកមិនគួរលើកយកប្រធានបទទាក់ទងនឹងប្រទេសជប៉ុន មកនិយាយច្រើនពេកនោះទេ នៅពេលដែលអ្នកកំពុងស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូង។

៧. មិនគួរស្លៀកពាក់បញ្ចេញសាច់ពេក

ដូចគ្នានឹងប្រទេសអាស៊ីដទៃដែរ អ្នកមិនគួរស្លៀកពាក់បញ្ចេញសាច់ពេកនៅប្រទេសកូរ៉េខាងត្បូងនោះឡើយ​ជា ពិសេសបញ្ចេញស្មា បង្ហាញខ្នង ឬអាវវាលបញ្ចេញដើមទ្រូង ហើយប្រសិនបើអ្នកពិតជាចង់ពាក់អាវបែបនេះ យ៉ាងហោចណាស់ក៏ត្រូវពាក់អាវក្រៅគ្របពីលើផងដែរ។ វាមិនមែនជារឿងលេងសើចនោះទេ ព្រោះមានអ្នកដំណើរជាច្រើនដែលស្លៀកពាក់មិនសមរម្យ ត្រូវបានស្តីបន្ទោសដោយស្ត្រីដែលជាជនជាតិកូរ៉េផងដែរ។

រូបតំណាង
រូបតំណាង

៨. កុំមានអារម្មណ៍ថាអន់ចិត្តអី ប្រសិនបើអ្នកត្រូវគេសួរនាំពីរឿងអាយុ

នៅក្នុងប្រទេសមួយនេះ អាយុមិនមែនគ្រាន់តែជាតួលេខនោះទេ! ការទំនាក់ទំនងគ្នានៅទីនេះគឺផ្តោតសំខាន់ទៅលើអាយុ ហើយបើកាលណាអ្នកបានជួបនឹងជនជាតិកូរ៉េដែលមានអាយុដូចជាអ្នក អ្នកគួរ តែបង្ហាញភាពរីករាយដាក់គេ ព្រោះជនជាតិកូរ៉េចូលចិត្តខ្លាំងណាស់ ទោះជាស្តាប់ទៅដូចជាចម្លែកប៉ុន្តែវាជារឿងល្អបើអ្នកអាចធ្វើខ្លួនចុះសម្រុង ជាមួយពួកគេបាន។ សូមចងចាំថាប្រជាជនកូរ៉េមានវិធីក្នុងការរាប់អាយុមិនដូចជាគេនោះទេ អាយុរបស់អ្នកនៅក្នុងប្រទេសកូរ៉េគឺច្រើនជាងអាយុពិតប្រាកដរបស់អ្នកមួយឆ្នាំ។

៩. មិនត្រូវដួសម្ហូបញ៉ាំភ្លាមៗនោះទេ

ប្រសិនបើអ្នកមានការណាត់ជួបគ្នាជាមួយក្រុមការងារ ឬនរណាម្នាក់ ទៅញ៉ាំអាហារមុននឹងចាប់កាន់ស្លាបព្រា អ្នកត្រូវរង់ចាំឲ្យអ្នករួមតុជាមួយអ្នកកាន់ស្លាបព្រានោះមុនសិន ជាពិសេសសម្រាប់អ្នករួមការងារដែលមានអាយុច្រើនជាងអ្នក ព្រោះដូចដែលបានរៀបរាប់ពីខាងលើ កត្តាអាយុគឺជារឿងសំខាន់មួយនៅក្នុងប្រទេសនេះ។ ប្រសិនបើអ្នកមិនច្បាស់ពីអាយុរបស់គេនោះទេ គួរតែរង់ចាំឲ្យគេធ្វើជាមុន សិន តាមសុភាសិត ការពារប្រសើរជាងព្យាបាល។

១០. កុំលាបាតដៃឡើងលើនៅពេលចង្អុលនរណាម្នាក់

ទោះជាកាយវិការទាំងនេះវាជារឿងធម្មតាសម្រាប់ប្រទេសមួយចំនួន ប៉ុន្តែនៅប្រទេសកូរ៉េគឺមិនដូចគ្នានោះទេ ហើយវាក៏ជារឿងដែលមិនសូវមានជនបរទេសដឹងផងដែរ។ ជនជាតិកូរ៉េមួយចំនួនមិនពេញចិត្តនឹងកាយវិការបែបនេះ ព្រោះថា កាយវិការនេះវាដូចជាកាយវិការទុកប្រើនៅពេលដែលហៅសត្វឆ្កែដូច្នោះឯង ហេតុនេះហើយប្រសិនបើអ្នកចង់ហៅនរណាម្នាក់ឲ្យមកជិតអ្នក អ្នកត្រូវផ្កាប់បាតដៃចុះក្រោម ហើយអ្នកអាចប្រើកាយវិការបែបនេះដើម្បីហៅតាក់ស៊ីជិះដូចគ្នា។

១១. មិនត្រូវប្រើប៊ិចក្រហម

អ្នកគួរចៀសវាងការប្រើប៊ិចក្រហម ជាពិសេសនៅពេលដែលអ្នកចង់សរសេរឈ្មោះនរណាម្នាក់។កាលពីអតីតកាល ប្រជាជនកូរ៉េបានប្រើប៊ិចក្រហមដើម្បីសរសេរឈ្មោះសមាជិកគ្រួសាររបស់អ្នកស្លាប់ នៅក្នុងពិធីបុណ្យសព និងសម្រាប់ចុះសៀវភៅគ្រួសារ។ យល់ល្អគួរប្រើតែប៊ិកខៀវ ឬប៊ិកពណ៌ខ្មៅបានហើយ។

១២. ដោះស្បែកជើងទុកសិន

ទម្លាប់នេះក៏ដូចជាទម្លាប់ទូទៅដែលភាគច្រើនមាននៅក្នុងតំបន់អាស៊ីផងដែរ ដោយមុននឹងអ្នកចូលភោជនីយដ្ឋាន ឬផ្ទះរបស់នរណាម្នាក់ អ្នកត្រូវសង្កេតថាមានស្បែកជើងដាក់នៅខាងក្រៅនោះទេ បើសិនជាមាន អ្នកក៏ត្រូវតែដោះស្បែកជើងទុកនៅខាងក្រៅដែរ ហើយព្យាយាមកុំឈរនៅមាត់ទ្វាយូរពេក ព្រោះគេមានជំនឿថាការនៅមាត់ទ្វានោះយូរពេក នឹងមានព្រលឹងបិសាចចូលខ្លួនរបស់អ្នក នេះបើយោងតាមជំនឿរបស់ប្រជាជនកូរ៉េ។

រូបតំណាង
រូបតំណាង

១៣. កុំដាក់ចង្កឹះដោតឡើងលើ

ប្រទេសភាគច្រើននៅក្នុងអាស៊ីគឺប្រកាន់ទម្លាប់នេះដូចគ្នា។ អ្នកមិនគួរប្រើចង្កឹះដោតទៅចានបាយនោះឡើយ ព្រោះវាប្រៀបដូចជាធូបដែលគេដោតនៅក្នុងពិធីបុណ្យសពដូច្នោះឯង ប្រសិនបើអ្នកមិនចង់ឲ្យអ្នកដទៃនឹកឃើញដល់ពិធីបុណ្យនៅពេលកំពុងញ៉ាំអាហារទេ សូមកុំធ្វើបែបនេះឲ្យសោះ។

ទោះជាពេលនេះអ្នកគ្រប់គ្នាមិនអាចចេញទៅធ្វើដំណើរកម្សាន្ត ព្រោះតែវីរុស Covid-19 ក៏ដោយ ប៉ុន្តែបន្ទាប់ពីស្ថានភាពបានស្រាកស្រាន្តហើយ ជឿថានឹងមានអ្នកចូលចិត្តការដើរកម្សាន្តខ្លះ កំពុងរៀបចំផែនការសម្រាប់ដំណើរកម្សាន្តនៅផ្ទះទុកជាមុនរួចទៅហើយ និងដើម្បីឲ្យការដើរកម្សាន្តកាន់តែសម្បូរបែប អ្នកគួរស្វែងយល់ពីសីលធម៌ខ្លះៗ របស់គោលដៅដែលអ្នកចង់ទៅជាមុនសិន នោះអ្នកនឹងអាចធ្វើដំណើរកម្សាន្តដោយការមានទំនុកចិត្តជាក់ជាមិនខាន៕

ប្រភពៈ TRIPZILLA

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T