ខេត្តព្រះសីហនុ ៖ មនុស្សម្នាក់បានស្លាប់ ខណៈពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារជួបគ្រោះថ្នាក់ ចរាចរណ៍មួយរវាងរថយន្តនឹងម៉ូតូ កាលពីថ្ងៃទី៧ មេសា ២០១៣ វេលាម៉ោង៩យប់ តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៨០-១៨១ ស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ។

តាមរបាយការណ៍ប៉ូលិសចរាចរណ៍ស្រុកព្រៃនប់បានឱ្យ ដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្ត១គ្រឿង ម៉ាកកាមរី ពណ៌ស្លែ អ្នកបើកបរគេពុំទាន់ស្គាល់ អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា ឈ្មោះហៅក្រៅ ផេង រស់នៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ។

មុនពេលកើតហេតុ គេឃើញរថយន្តនេះបម្រុងបើកឆ្លងផ្លូវពីកើតទៅលិច ត្រូវបានប៉ះជាមួយម៉ូតូមួយគ្រឿងម៉ាក C125 ពណ៌ខ្មៅ បណ្តាលឱ្យ១-ឈ្មោះទឹម ចន្ថា ភេទប្រុស អាយុ២៣ឆ្នាំ ជានិស្សិត រស់នៅភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ជាអ្នកបើកបរម៉ូតូស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ខេត្តព្រះសីហនុ  (បែកថ្លើម) ២-ឈ្មោះទឹម ចាន់ទីន ភេទប្រុស អាយុ២៣ឆ្នាំ ជាបងប្អូនជីដូនមួយ មានទីលំនៅភូមិត្រពាំងសាយ ឃុំស្រុកជាមួយគ្នា បានរងរបួសជាទម្ងន់ ហើយត្រូវបានដឹកយកទៅសង្គ្រោះនៅភ្នំពេញ  ៕



បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]