តើធ្វើបែបណា​ទើបអារម្មណ៍​យើងស្រស់ស្រាយ ហើយ​គ្មាន​សម្ពាធ​?

//s5.kh1.co/23/231d42d5ed96c6500ce4971a557ab0725ff37e6c.png
យល់ដឹង

 ៣០-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មុននឹងយើងអាចចាប់ផ្តើមរៀនប្តូរអារម្មណ៍ខ្លួនឯងបាន យើងត្រូវកំចាត់មន្ទិលសង្ស័យក្នុងចិត្តសិន។

អ៎េ អ្នកទាំងអស់គ្នា! ឥលូវយ៉ាងម៉េចហើយ? សុខសប្បាយជាទេ? នៅអំឡុងពេលនេះ​ គ្នាយើងជាច្រើន​កំពុងពិបាក​ចិត្ត ខ្លាចបាត់ការងារ បាត់មិត្តភក្តិឬគ្រួសារ បាត់អនាគតដែលអ្នកចង់បានជាដើម។ ដោយហេតុនេះហើយ ទើបស្មេរ​គិតថា ដល់ពេលដែលស្មេរចែករំលែកអាថ៌កំបាំងមួយ ដែលបានជួយបង្កើតក្តីសុខសប្បាយក្នុងចិត្តខ្ញុំជាងមួយឆ្នាំនេះ!

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 វិធីនេះងាយស្រួលនោះទេ គឺយើងរៀនប្តូរអារម្មណ៍កន្តើយ (neutral feelings) ទៅជាអារម្មណ៍វិជ្ជមាន ដែលនាំ​ឲ្យចិត្តយើងមានក្តីសុខវិញ! ស្មេរបានរៀនវាពីលោកគ្រូ ធីច ញ៉ាត់ហាញ់ (Thich Nhat Hanh)! 

តែដំបូងបំផុត យើងត្រូវដោះលែងខ្លួនពីពាក្យថា«ទេ» ជាមុនសិន…

មុននឹងយើងអាចចាប់ផ្តើមរៀនប្តូរអារម្មណ៍ខ្លួនឯងបាន យើងត្រូវកំចាត់មន្ទិលសង្ស័យក្នុងចិត្តសិន។ ពេលដែលយើង​មានភាពជឿជាក់ ដាក់ចិត្តថាសាក ១០០ ភាគរយហើយ ទើបវាងាយស្រួលនឹងទទួលបានជោគជ័យ!

វត្ថុទីមួយដែលអាចរារាំងមិនឲ្យអ្នកជឿចង់សាកវិធីនេះ ក៏ព្រោះអ្នកខ្លះគិតថា ក្តីសុខបានមកពីខាងក្រៅ។ ជាច្រើនឆ្នាំមកនេះ សង្គម និងវប្បធម៌យើងបានបង្រៀនយើងថា ទាល់តែមានរឿងអីល្អកើតឡើង ទើបយើងអាច​សប្បាយចិត្តបាន! 

ឧទាហរណ៍ថាទាល់តែយើងមានលុយដើរលេងស្រុកក្រៅ ទាល់តែយើងឈ្នះបានអាហារូបករណ៍ទៅសាលាល្បីៗ ឬពេលដែលយើងមានសង្សារដែលស្រឡាញ់ហួងហែងយើងខ្លាំង ទាល់តែយើងមានសមត្ថភាពអាចជួយមនុស្សរាប់​ម៉ឺននាក់ និយាយទៅទាល់តែយើងបានដល់គោលដៅយើងហើយ ទើបយើងអាចសប្បាយចិត្តបាន។ បើមិនទាន់បានវត្ថុទាំងអស់នោះទេ គឺយើងត្រូវខំប្រឹង ខំស្ត្រេស ខំតស៊ូដើម្បីសំរេចគោលដៅយើង។

តែតាមពិតទៅ អត់មានផ្លូវទៅដល់ក្តីសុខទេ តែក្តីសុខទៅវិញទេដែលជាផ្លូវ (There’s no way to happiness, happiness is the way)។ តើហេតុអ្វីបានជាយើងត្រូវដាក់លក្ខខណ្ឌទាំងអស់នេះ ហើយដាក់សម្ពាធខ្លួនឯងថា បើមិនបានបំពេញវាទេ នោះអ្នកមិនអាចសប្បាយចិត្តនោះទេ? ហេតុអ្វីបានជាយើងមិនបើកដៃឲ្យខ្លួនឯងសប្បាយឥលូវនេះ ពេលនេះ វេលានេះ​ ម៉ោងនេះតែម្តង? នរណាថាយើងមិនអាចធ្វើអញ្ចឹងបាន?

រូបភាពបានមកពី៖ ធីច ញ៉ាត់ហាញ់ (Thich Nhat Hanh)
រូបភាពបានមកពី៖ ធីច ញ៉ាត់ហាញ់ (Thich Nhat Hanh)

សាកគិតដល់ពេលដែលអ្នកនៅជាក្មេងតូចទៅមើល… 

ពេលនោះអ្នកអត់ទាន់ត្រូវបានសង្គមកែប្រែនោះទេ ដូច្នេះអ្នកបណ្តោយឲ្យខ្លួនឯងសប្បាយជាមួយរឿង​តូចតាច​គ្រប់បែបគ្រប់យ៉ាង គ្រាន់តែលេងដីជាមួយក្មេងជិតផ្ទះក៏សប្បាយ ហក់ចូលក្នុងស្រះទឹកក្រោយផ្ទះក៏សប្បាយ ឬមើលតុក្កតាដដែលៗចាំភាគអស់ហើយហ្នឹងក៏អាចសប្បាយបានឥតឧបមា! 

កាលយើងនៅក្មេង យើងគ្មានលុយចាយច្រើនទេ ក៏គ្មានសង្សារ គ្មានជោគជ័យអីច្រើនដែរ។ តែយើងអាចសប្បាយក្នុងចិត្តបាន ក៏ដោយសារយើងចេះបណ្តោយឲ្យខ្លួនឯងសប្បាយនឹងអ្វីដែលខ្លួនមាន ទោះតិចតួចស្តួចស្តើងប៉ុណ្ណាក៏ដោយ មិនបាច់ចាំដល់មានលក្ខខណ្ឌច្រើនដូចពេលបច្ចុប្បន្ននេះទេ។

សប្បាយចិត្ត ធ្វើការបានកាន់តែច្រើន 

ឯចំណុចទីពីរដែលអាចរារាំងមិនឲ្យអ្នកដាក់ចិត្តខំសាកវិធីនេះ គឺអ្នកខ្លះខ្លាចថា បើគាត់សប្បាយ​នឹងអ្វីដែលខ្លួន​មានពេលបច្ចុប្បន្នេះហើយ នោះគាត់នឹងគ្មានទឹកចិត្តខំប្រឹងប្រែងស្រវាចាប់ក្តីស្រមៃ ចាប់ភាពជោគជ័យ ឬ កិត្តិយស កេរ្តិ៍ឈ្មោះជាដើម ដើម្បីឲ្យមាននឹងគេនៅថ្ងៃអនាគតនោះទេ!

ចុះបើអញ្ចឹងមែនវាថី?

សួរខ្លួនឯងទៅមើលថា វាថី?ក្រែងអ្នកខំរៀន ខំធ្វើការត្រឹកៗរាល់ថ្ងៃហ្នឹង ដើម្បីបានភាពជោគជ័យ និងខំអភិវឌ្ឍខ្លួនហ្នឹង ដោយសារចង់បានក្តីសុខក្នុងចិត្តហ្អី? ក្រែងខំសំរេចគោលបំណងដោយសារអ្នកគិតថា បើបានវាហើយ អ្នកនឹងសប្បាយចិត្តជាងមុនហ្អី? ចុះបើបានក្តីសុខសប្បាយក្នុងចិត្តឥលូវតែម្តង មិនស្រួល មិនបាច់ហត់ខំធ្វើការងាប់ចោលអញ្ចឹងទៀត?

មនុស្សភាគច្រើនគិតថា ទាល់តែទទួលបានជោគជ័យ ឬមាសប្រាក់ ឬកេរ្តិ៍ឈ្មោះសិនទើបយើងអាចដល់ទីសុខសាន្ត អាចសំរាក ហើយបានសប្បាយចិត្ត ចុះឥលូវ គេប្រាប់ផ្លូវថ្មី ដែលនាំឲ្យអ្នកទៅដល់ក្តីសុខសប្បាយតែម្តង មិនបាច់ដើរវាងតាមរយៈផ្លូវជោគជ័យ ផ្លូវមាស់ប្រាក់ឋានៈទៀតនោះទេ…  ហេតុអីនៅតែចង់បន្តខាតពេល ខាតកំលាំង ខំស្រវាភាពជោគជ័យដោយពលីសុខភាពផ្លូវកាយផ្លូវចិត្តខ្លួនទៀតនោះ?

រូបភាពបានមកពី៖ ធីច ញ៉ាត់ហាញ់ (Thich Nhat Hanh)
រូបភាពបានមកពី៖ ធីច ញ៉ាត់ហាញ់ (Thich Nhat Hanh)

ហើ់យម៉្យាងទៀត បើតាមបទពិសោធន៍ស្មេរ ពេលសប្បាយចិត្ត មិនមែនបានន័យថា ស្មេរឈប់មាន​ទឹកចិត្តធ្វើ​ការ​នោះទេ។ ផ្ទុយទៅវិញ ពេលដែលខ្ញុំសប្បាយចិត្ត ខ្ញុំបែរជាមានកំលាំងចិត្តធ្វើការច្រើនជាងមុនទៅវិញ! ខ្ញុំសរសេរច្រើនជាងមុន គូររូបច្រើនជាងមុន ហើយមានទឹកចិត្តទូលំទូលាយអាចស្តាប់រឿងទុក្ខអ្នកដទៃ ហើយជួយគេ​បានច្រើនជាងមុនទៀតផង! 

ហើយសំខាន់បំផុត គឺខ្ញុំធ្វើរឿងទាំងនេះ មិនមែនដោយមានចិត្តមួម៉ៅ ស្ត្រេស ដោយខ្លាចខុស ខ្លាចមិនសំរេច​ដូចបំណងឡើយ។ ផ្ទុយទៅវិញ ខ្ញុំអាចធ្វើរឿងទាំងនេះដោយសប្បាយចិត្ត ធ្វើការមួយៗ បណ្តើរៗ ពោរពេញ​ដោយភាពស្ងប់ និងមេត្តាធម៌ក្នុងចិត្ត! 

ទស្សនៈខ្ញុំគឺយល់ថា មនុស្សយើងបើចង់់សំរេចអ្វីដែលមានប្រយោជន៍ គឺត្រូវធ្វើវាសន្សឹមៗហើយឲ្យបានយូរ។ ហើយបើយើងចង់ធ្វើការអីឲ្យបានយូរនោះ ទាល់តែយើងសប្បាយចិត្តនឹងធ្វើវា។ 

សំរាប់មនុស្សភាគច្រើន គឺយើងគិតថាទាល់តែបានជោគជ័យរឿងណាមួយទើបយើងអាចសប្បាយចិត្តបាន → យើងដាក់កំហិតថាយើងត្រូវធ្វើវាឲ្យបានល្អ មានស្តង់ដារខ្ពស់ → យើងរិះគន់ ជេរស្តីខ្លួនឯង ពេលដែល​យើងមានកំហុសសូម្បីកំហុសតូចតាចប៉ុណ្ណាក៏ដោយ →  យើងមិនសប្បាយចិត្តនឹងធ្វើវាទេ ព្រោះយើង​តែងជេរ​ស្តីខ្លួនឯងជានិច្ច →  យើងគ្មានកំលាំងចិត្តនឹងធ្វើវាឲ្យទៀងទាត់ →  ពិបាកនឹងសំរេចបំណងប្រាថ្នាយើង បើយើង​មិនធ្វើវាឲ្យទៀងទាត់។ 

តែសំរាប់អ្នកដែលរៀនចេះសប្បាយចិត្ត និងពេញចិត្តនឹងអ្វីដែលខ្លួនមានវិញ →  មិនដាក់កំហិតថា ខ្លួនត្រូវធ្វើរឿង​ហ្នឹងឲ្យល្អឥតខ្ចោះ ព្រោះថាទោះមិនល្អឥតខ្ចោះ ក៏ខ្លួននៅតែអាចសប្បាយបាន →  មិនរិះគន់ ជេរស្តីខ្លួនឯងពេល​មានកំហុស →  សប្បាយនឹងធ្វើវា សប្បាយនឹងរៀន ហើយកែកំហុសខ្លួនឯង → មានកំលាំងចិត្តចង់​ធ្វើវាឲ្យ​បានទៀងទាត់ →  យូរៗទៅ ក៏ពូកែខាងហ្នឹង ដោយសារបន្តធ្វើវា ហើយរៀនពីវារហូត។ 

នេះមិនមែនជាទ្រឹស្តីបានមកពីអ្នកប្រាជ្ញណាទេ តែគឺជាមេរៀនជីវិតដែលស្មេរបានរៀនពីខ្លួនឯងផ្ទាល់ ក៏ដូចជា​មិត្តភក្តិជុំវិញខ្លួនផងដែរ។ 

ដូច្នេះសរុបមកវិញ ល្មមបណ្តោយឲ្យខ្លួនឯងសប្បាយចិត្តវិញហើយ។ បោះបង់ចោលគំនិតដែលថា ទាល់តែយើង​មានលក្ខខណ្ឌនេះ លក្ខខណ្ឌនោះ ទើបយើងអាចសប្បាយចិត្តបាន។ ប្រសិនបើអ្នកចង់បានក្តីសុខក្នុងជីវិត ហេតុអីចាំបាច់ទាល់តែមានជោគជ័យ មានលុយ មានសង្សារទើបព្រមសប្បាយ? ម៉េចមិនសាកផ្លូវថ្មីនេះ ដែលស្មេរ ក៏ដូចជាមនុស្សរាប់ពាន់នាក់មុននេះបានសាក ហើយឃើញថាមានលទ្ធផលល្អសិនទៅ?

ស្មេរអត់មានអីនិយាយទៀតទេ ក្រៅតែពីសូមអញ្ជើញអ្នកទាំងអស់គ្នា ឲ្យបើកចិត្តទូលាយ សាកវិធីខាង​ក្រោម​នេះឲ្យបានយ៉ាងហោច ៤ អាទិត្យខាងមុខ នោះអ្នកនឹងឃើញផ្ទាល់តែម្តងថា អ្នកសប្បាយជាងមុន ហើយអ្នក​ក៏មានចិត្តធ្វើអ្វីច្រើនជាងមុនផងដែរ!

វិធីបង្កើតក្តីសុខដោយខ្លួនឯង

គ្រប់អារម្មណ៍របស់មនុស្សយើងអាចចែកជាបីប្រភេទ៖ អវិជ្ជមាន ព្រងើយកន្តើយ និងវិជ្ជមាន (negative, neutral and positive feelings)។ អារម្មណ៍អវិជ្ជមានគឺប្រៀបបានដូចភ្លើងដែលឆេះរាលបេះដូងយើងអញ្ចឹង វារួមមានពេលយើងមានអារម្មណ៍លោភលន់ ស្អប់ ភ័យបារម្ភ បាក់ទឹកចិត្ត ច្រណែនឈ្នានីស ខឹងជាដើម។ 

ឯអារម្មណ៍វិជ្ជមានគឺហាក់បីដូចជាផេះដែលត្រជាក់ ជួយស្អំបេះដូងយើងអញ្ចឹង។ វារួមមានពេលយើងមានអារម្មណ៍សុខសប្បាយ ត្រេកអរ ស្រឡាញ់ មេត្តា ករុណា សន្តិភាព និងមាន​អារម្មណ៍​ស្រាលក្នុងខ្លួនជាដើម។ ហើយអារម្មណ៍ប្រភេទចុងក្រោយគឺប្រភេទព្រងើយកន្តើយ គឺយើងមើលមិនឃើញ ហើយក៏មិនចាប់អារម្មណ៍វាដែរ។ 

រូបភាពបានមកពី៖ ធីច ញ៉ាត់ហាញ់ (Thich Nhat Hanh)
រូបភាពបានមកពី៖ ធីច ញ៉ាត់ហាញ់ (Thich Nhat Hanh)

ពេលដែលឥន្ទ្រីវិញ្ញាណទាំងប្រាំ និងចិត្តរបស់យើង ប៉ះជាមួយនឹងទិដ្ឋភាពនៅខាងក្រៅ វាធ្វើឲ្យលេចចេញអារម្មណ៍។ ឧទាហរណ៍ នៅខាងក្រៅមានសំលេងគេច្រៀង សំលេងនោះប៉ះជាមួយត្រចៀកយើង បង្កើតបានជាឥន្ទ្រីយារម្មណ៍​មួយ ហើយបន្ទាប់មក ទើបយើងមានអារម្មណ៍កើតមកពីឥន្ទ្រីយារម្មណ៍មួយនេះ។ បើគេច្រៀងពិរោះ នោះយើងនឹង​មានអារម្មណ៍សប្បាយ តែបើច្រៀងដូចគោរោទិ៍ នោះយើងនឹងមានអារម្មណ៍ខឹង ឬធុញ។ បើយើងមិនខ្វល់​នឹងសំលេង​ហ្នឹងទេ យើងក៏មានអារម្មណ៍ព្រងើយកន្តើយ។ 

សំលេងតែមួយ នឹងធ្វើឲ្យមនុស្សម្នាក់ៗកើតអារម្មណ៍ខុសៗគ្នា តាមតែបទពិសោធន៍ ការចងចាំ និងការចូលចិត្ត​របស់មនុស្សម្នាក់ៗ។ នៅត្រង់ហ្នឹងឯង ដែលយើងអាចរៀនប្តូរបាន! សិល្បៈនៃការបង្កើតក្តីសុខសប្បាយក្នុងចិត្ត គឺជាសិល្បៈនៃការបំលែងអារម្មណ៍អវិជ្ជមាន និងអារម្មណ៍ព្រងើយកន្តើយ ទៅជាអារម្មណ៍វិជ្ជមានទាំងអស់!

វាដូចជាហ្គេមមួយដែលមានពីរកំរិតអញ្ចឹង កំរិតទីមួយ សំរាប់អ្នកទើបលេងដំបូង គឺយើងរៀនបំលែង​អារម្មណ៍​ព្រងើយកន្តើយទៅជាអារម្មណ៍វិជ្ជមាន ហើយទើបយើងឡើងកំរិតទីពីរ គឺរៀនបំលែង​អារម្មណ៍អវិជ្ជមាន​ទៅជាអារម្មណ៍វិជ្ជមានបន្ថែមទៀត។ 

ក្នុងអត្ថបទនេះ​ ខ្ញុំនឹងចែករំលែកតែកំរិតទីមួយតែប៉ុណ្ណោះ ដោយសារខ្ញុំមានបទពិសោធន៍ទើបមួយឆ្នាំ ចេះឆ្អិន​តែកំរិតទីមួយ ល្មមអាចបង្ហាត់អ្នកទាំងអស់គ្នាបាន។ 

ឯកំរិតទីពីរ ប្រហែលខ្ញុំនៅត្រូវបន្តរៀនប៉ុន្មានឆ្នាំទៀតសិន ទើបចេះច្បាស់អាចបង្រៀនគ្នាយើងតបាន! 

វិធីបំលែងអារម្មណ៍ព្រងើយកន្តើយឲ្យក្លាយជាអារម្មណ៍វិជ្ជមាន

វិធីនេះមានប្រសិទ្ធិភាពក៏ដោយសារការពិតមួយក្នុងជីវិតយើង នោះគឺថា មនុស្សយើងម្នាក់ៗមានលក្ខខណ្ឌ​ក្នុងជីវិតជាច្រើន ដែលល្មមគួរឲ្យយើងសប្បាយ មានក្តីសុខត្រេកអរក្នុងចិត្តហើយ។ តែដោយសារ​ធម្មជាតិ​មនុស្សតែងតែភ្លេច ធ្វើឲ្យយើងមើលរំលងវត្ថុដែលយើងមាន រវល់តែរត់តាមវត្ថុដែលយើងមិនទាន់មាន។  

សាកស្រមៃទៅពេលចុងក្រោយដែលអ្នករាគ ចុកពោះ ឬពុលអាហារទៅមើល!  ចាំបានកាលដេកមិនលក់ ដើរមិនកើតព្រោះក្រពះធ្វើទុក្ខទេ? ពេលឈឺ យើងបន់ឲ្យតែពោះយើងត្រឡប់មកសភាពធម្មតាវិញទេ ឲ្យតែ​វាឈប់ចុកឈប់ឈឺ យើងប្រាកដក្នុងចិត្តថា យើងនឹងសប្បាយចិត្តលើសលប់ជាមិនខាន។ 

ចុះក្នុងពេលនេះវេលានេះ អ្នកឈប់ចុកពោះហើយ ម៉េចអ្នកមិនសប្បាយចិត្តលើសលប់ដូចការដែលរំពឹងទុកអញ្ចឹង? មនុស្សភាគច្រើនគឺអញ្ចឹង ពេលឈឺពោះ គឺអារម្មណ៍អវិជ្ជមានខ្លាំង តែដល់ពេលពោះអត់ឈឺ បែរជាមាន​ត្រឹមអារម្មណ៍​ព្រងើយកន្តើយ មិនមែនអារម្មណ៍វិជ្ជមានខ្លាំងនោះទេ។ 

នេះហើយជាកន្លែងដែលយើងអាចប្តូរបាន គឺយើងរៀនប្តូរអារម្មណ៍ព្រងើយកន្តើយ មកជាអារម្មណ៍វិជ្ជមាន មកជា​ការអរគុណ មកជាក្តីសុខសប្បាយវិញ! សាកយកពេលពីរបីនាទី ប្រៀបធៀបអារម្មណ៍ពេលឈឺពោះកាលមុន ជាមួយនឹងអារម្មណ៍គ្មានភាពឈឺចុកចាប់ពេលនេះទៅមើល! តើអ្នកមិនសប្បាយចិត្ត មិនត្រេកអរ​ទេឬដែលក្រពះ​អ្នកមិនធ្វើទុក្ខដូចមុនទៀតនោះ?

សំខាន់ជាងនេះទៀតនោះ មិនមែនតែពោះយើងមួយទេដែលនាំឲ្យយើងសប្បាយបាន នៅមានលក្ខខណ្ឌ​ជាច្រើនទៀតដែលអ្នកមានស្រាប់ហើយ ក្នុងពេលនេះវេលានេះតែម្តង។ ធ្មេញអ្នកអត់ឈឺទេ វានៅរឹងមាំទំពារ​បានធម្មតា។ បេះដូងអ្នកនៅក្មេងខ្ចី នៅលោតត្រូវចង្វាក់ គិតមើលៗ តើនៅលើលោកនេះ ក្នុងវេលានេះ មានអ្នកជំងឺប៉ុន្មាននាក់ដែលហ៊ានចំណាយលុយមួយលានដុល្លារ ឲ្យតែបានឱកាសបានបេះដូងថ្មីដែលលោត ហើយមានសុខភាពល្អវិញ?

ជើងរបស់អ្នកនៅដំណើរការបាន នៅអាចនាំអ្នកពីកន្លែងមួយទៅកន្លែងមួយ។ អ្នកនៅអាចរត់ នៅអាចហក់ នៅអាចដើរបាន។ ប្រហែលជា ៦០ ឆ្នាំទៅមុខ ជើងអ្នកនឹងឈប់ដំណើរការហើយ។ ចុះម៉េចមិនសប្បាយអរគុណវាឥលូវ? ជាជាងចាំដល់ពេលដើរលែងរួចហើយទើបតូចចិត្តស្តាយនឹកវា? អ្នកមានដៃពីរដែលអាចជួយផ្តល់លំនឹងដល់អ្នក ដែលធ្វើឲ្យអ្នកអាចសរសេរ អាចគូររូប អាចឱបមនុស្ស​ដែលអ្នកស្រឡាញ់ តើជីវិតអ្នកនឹងទៅជាយ៉ាងណា បើអ្នកគ្មានដៃទាំងគូនេះ?

រូបភាពបានមកពី៖ ធីច ញ៉ាត់ហាញ់ (Thich Nhat Hanh)
រូបភាពបានមកពី៖ ធីច ញ៉ាត់ហាញ់ (Thich Nhat Hanh)

ងាកមើលទៅមិត្តភក្តិអ្នកវិញម្តង អ្នកសប្បាយនឹងមានមិត្តដូចពួកគេណាស់។ មានចាំកាលមិនទាន់ស្គាល់គាត់ តើអ្នកមានអារម្មណ៍ឯកោប៉ុណ្ណាទេ ? ចុះម៉េចមិនសប្បាយចិត្តខ្លាំងពេលមានមិត្តឥលូវទៅ? មើលទៅបងប្អូនគ្រួសារអ្នកវិញម្តង ថ្ងៃណាមួយ អ្នកទាំងអស់គ្នានឹងបែកគ្នា បើគាត់មិនចាកចេញទេ ក៏អ្នកជាអ្នកចាកចេញពីលោកនេះ។ ចុះម៉េចមិនសប្បាយនឹងមានពួកគាត់ឥលូវនេះ ? ហេតុអ្វីចាំដល់បុណ្យសពគាត់ហើយទើបស្តាយ ថាមិនបានសប្បាយ ហើយធ្វើល្អដល់គាត់ជាងនេះ? 

សរសេរចុះឲ្យអស់មក លក្ខខណ្ឌនៃក្តីសុខសប្បាយដែលអ្នកមានក្នុងដៃរួចទៅហើយ

ស្មេរសូមឲ្យអ្នកសាកយកក្រដាសពីរបីសន្លឹកមក ទៅអង្គុយនៅកន្លែងណារាងស្ងាត់ ហើយសរសេររ៉ាយរ៉ាប់គ្រប់លក្ខខណ្ឌនៃសេចក្តីសុខសប្បាយ ដែលនៅក្នុងជីវិតអ្នកពេលនេះ។ ខ្យល់ខាងក្រៅនៅល្អគ្រប់គ្រាន់សំរាប់ឲ្យយើងអាចដកដង្ហើមរស់រានមានជីវិតបាននៅឡើយទេ ខ្លួនប្រាណអ្នកនៅដំណើរការល្អនៅឡើយ ខួរក្បាលអ្នកនៅគិតត្រូវផ្លូវនៅឡើយ អ្នកមានលុយអាចចាយបាន អ្នកមានចរិតល្អខ្លះដែលអ្នកខិតខំបង្កើតខ្លួនឯងជាយូរមកហើយ អ្នកមានមិត្តភក្តិ មានគ្រួសារ…  គ្រាន់តែការដែលអ្នកមានកំលាំងចិត្ត កំលាំងកាយអានអត្ថបទមួយនេះ ហើយព្យាយាមសាកធ្វើតាមដើម្បីអភិវឌ្ឍន៍ខ្លួននេះ ក៏ជាលក្ខខណ្ឌមួយដែលអាចជួយឲ្យអ្នកសប្បាយបានដែរ ព្រោះថាមានអ្នកខ្លះ ខួរក្បាលគាត់ស្មុគស្មាញដោយវិបត្តិផ្លូវចិត្ត ដល់ថ្នាក់គាត់អស់សង្ឃឹម មិនមានកំលាំងនឹងមកខំអភិវឌ្ឍខ្លួនឡើយ! 

ពេលអ្នកសរសេរ សូមសរសេរគ្រប់រឿងឲ្យលំអិត មិនថាតូចមិនថាធំឡើយ ព្រោះថា បើអ្នកចេះមើល ចេះអរគុណ ចេះយកចិត្តទុកដាក់ គ្មានរឿងណាដែលជារឿងតូច មិនសំខាន់នោះទេ! ខាងក្រោមនេះជារូបថតលក្ខខណ្ឌនៃសេចក្តីសុខសប្បាយរបស់ស្មេរផ្ទាល់ ឥលូវសរសេរបាន ៤ សន្លឹកហើយ! នៅចាំអង្កាល់ សាកសរសេរខ្លួនឯងម៉ោះ! 

[បកប្រែ៖ លក្ខខណ្ឌនៃសេចក្តីសុខ ខ្ញុំនៅរស់ ដៃនៅដំណើរការនៅឡើយ ម្រាមដៃនៅអាចកាន់ប៊ិចសរសេរបាន ម្រាមដៃនៅអាចប៉ះមនុស្សដែលខ្ញុំស្រឡាញ់បាន ត្រចៀក ច្រមុះអាចហិតដឹងក្លិនធូបក្រអូប អណ្តាតនៅដឹងជាតិតែ អាចស្តាប់ធម៌តាមអុីនធឺណែត ប្រទះចំណេះក្នុងការអភិវឌ្ឍន៍ខ្លួនជាច្រើនទាំងអាយុនៅក្មេង ខ្យល់នៅក្រៅនៅអាចដកបាន ច្រមុះនៅអាចដកដង្ហើមបាន ខ្ញុំបានស្គាល់លោកគ្រូធីចញ៉ាត់ហាញ់ បន្ទប់ខ្ញុំស្អាតមានផាសុកភាព អាចធ្វើការតែ ២៤ ម៉ោងក្នុងមួយអាទិត្យ -ល-]
[បកប្រែ៖ លក្ខខណ្ឌនៃសេចក្តីសុខ ខ្ញុំនៅរស់ ដៃនៅដំណើរការនៅឡើយ ម្រាមដៃនៅអាចកាន់ប៊ិចសរសេរបាន ម្រាមដៃនៅអាចប៉ះមនុស្សដែលខ្ញុំស្រឡាញ់បាន ត្រចៀក ច្រមុះអាចហិតដឹងក្លិនធូបក្រអូប អណ្តាតនៅដឹងជាតិតែ អាចស្តាប់ធម៌តាមអុីនធឺណែត ប្រទះចំណេះក្នុងការអភិវឌ្ឍន៍ខ្លួនជាច្រើនទាំងអាយុនៅក្មេង ខ្យល់នៅក្រៅនៅអាចដកបាន ច្រមុះនៅអាចដកដង្ហើមបាន ខ្ញុំបានស្គាល់លោកគ្រូធីចញ៉ាត់ហាញ់ បន្ទប់ខ្ញុំស្អាតមានផាសុកភាព អាចធ្វើការតែ ២៤ ម៉ោងក្នុងមួយអាទិត្យ -ល-]

បើអ្នកគ្រាន់តែមើលតែពីខ្លួនប្រាណអ្នក គឺរាប់មិនអស់ទេ សរសេរពីរបីសន្លឹកមិនគ្រប់ផង! ឥលូវនេះ ដៃ ជើង ខួរក្បាល បេះដូង សួត ថ្លើម ពោះវៀន ក្រពះ ស្បែក មាត់ អណ្តាតអ្នក -ល- នៅអាចធ្វើការបានល្អ។ យកពេលគិតពីវាម្តងមួយៗ ហើយស្រមៃថា បើអ្នកគ្មានវាពេលនេះ ឬក៏អ្នកកំពុងឈឺវា តើជីវិតអ្នកនឹងទៅជាយ៉ាងណា? ចុះឥលូវវាអត់ឈឺអញ្ចឹង តើអ្នកសប្បាយ អរគុណអត់ចុះ? 

ហើយនេះមិនមែនធ្វើតែម្តងរួចនោះទេ។ អ្នកត្រូវបន្តធ្វើវាឲ្យបានទៀងទាត់ ហាក់ដូចបន្ត​ផ្តល់ចំណីដល់​អារម្មណ៍សប្បាយ ក្តីសុខ អរគុណក្នុងចិត្តអញ្ចឹង ព្រោះថានៅលើលោកនេះ គ្មានអ្វីដែលអាចបន្តរស់បាន បើវាគ្មានចំណីចូលពោះនោះ។ ដោយហេតុនេះហើយ ជារៀងរាល់ថ្ងៃ គួរយកពេលប៉ុន្មាននាទី ដើម្បីអាន​លក្ខខណ្ឌនៃក្តីសុខដែលអ្នកបានសរសេរហើយ ក៏ដូចជាសរសេរបន្ថែមលក្ខខណ្ឌថ្មីៗពីរបីទៀតរាល់ដង! ជាក់ស្តែងគឺស្មេរធ្វើអញ្ចឹងជារៀងរាល់ព្រឹក ធ្វើម្តងៗមិនលើលពី ៥ នាទីនោះទេ តែវានាំឲ្យខ្ញុំសប្បាយចិត្ត និងអរគុណដល់ជីវិតខ្លាំងមែនទែន! 

កិច្ចការផ្ទះសំរាប់អ្នក! 

មកដល់ត្រឹមនេះ ស្មេរចង់បញ្ជាក់ថា ទោះអ្នកខំអានពីក្តីសុខសប្បាយ ១០ អត្ថបទទៀត ក៏គ្មានប្រយោជន៍មិនអាចធ្វើឲ្យអ្នកសប្បាយចិត្តបានដែរ បើអ្នកមិនចាប់ផ្តើមអនុវត្តសាកខ្លួនឯងនោះទេ! ចឹងឥលូវសាកធ្វើតាមស្មេរម៉ោះ ធ្វើឲ្យបានរៀងរាល់ថ្ងៃឲ្យគ្រប់ ៤ អាទិត្យសិន អ្នកនឹងឃើញថាវាមានប្រសិទ្ធិភាពឬអត់ហើយ! 

អ្នកខ្លះរាងស្ទាក់ស្ទើរ មិនហ៊ានចាប់ផ្តើមធ្វើក្នុងកាលៈទេសៈពេលនេះទេ «ឲ្យខ្ញុំដេកសប្បាយចិត្តយ៉ាងម៉េចកើត ឲ្យមើលឃើញរឿងល្អក្នុងជីវិតយ៉ាងម៉េចខ្លះ បើការពិតគឺសុទ្ធតែរឿងអាក្រក់ នៅលើលោកពោរពេញដោយមនុស្សកំពុងស្លាប់ កំពុងអត់ការងារធ្វើដោយសារកូវីដណា!» បើអ្នកគិតអញ្ចឹងមែន ស្មេរសុំឆ្លើយថា អ្នកត្រូវការទាំងល្អទាំងអាក្រក់ដើម្បីឲ្យវាថ្លឹងថ្លែងគ្នាបាន។ 

ការពិតនៃជីវិតពេលនេះមិនមែនមានតែកូវីដ ទុក្ខ និងមរណភាពប៉ុណ្ណោះទេ។ មើលទៅក្រៅទៅ​ ផ្កានៅតែរីក ខ្យល់នៅតែអាចដកបាន មានមនុស្សជាច្រើនកំពុងព្យាយាមស្រាវជ្រាវរកថ្នាំព្យាបាលកូវីដ១៩ មានគ្រូពេទ្យជាច្រើនលាននាក់កំពុងព្យាយាមព្យាបាលអ្នកជំងឺ មានមនុស្សជាច្រើននាក់ទៀតកំពុងជួយអ្នកជុំវិញខ្លួន អ្នកខ្លះបរិច្ចាគលុយ អ្នកខ្លះបន្ថយតម្លៃផ្ទះ តម្លៃតូបដោយយោគយល់ដល់គ្នាជាដើម។ រឿងល្អទាំងនេះក៏ជាផ្នែកមួយនៃការពិតនៃជីវិតបច្ចុប្បន្នផងដែរ។ 

រូបភាពបានមកពី៖ ធីច ញ៉ាត់ហាញ់ (Thich Nhat Hanh)
រូបភាពបានមកពី៖ ធីច ញ៉ាត់ហាញ់ (Thich Nhat Hanh)

ទោះនៅទីណា នៅពេលណាក្តី ពិភពលោកយើងតែងមានរឿងល្អនិងរឿងអាក្រក់នៅច្របូកច្របល់គ្នាជានិច្ច។ គ្រាន់តែថា ឥលូវនេះ វាហាក់ដូចជារឿងអាក្រក់ច្រើនជាងរឿងល្អបន្តិចហើយ! តែដោយសារហេតុហ្នឹងហើយ បានជាយើងត្រូវចាំបាច់ខិតខំប្រឹងប្រែងរកមើលរឿងល្អជាងធម្មតា ដើម្បីឲ្យវាស្មើសមតុល្យភាពគ្នា! ទាល់តែយើងមានតុល្យភាព មើលឃើញទាំងរឿងល្អ និងរឿងអាក្រក់ ទើបសុខភាពផ្លូវកាយ និងផ្លូវចិត្ត​យើងអាចប្រសើរជាងមុនបាន។ 

ពេលដែលអ្នកអាចធ្វើឲ្យខ្លួនឯងសប្បាយ និងអារម្មណ៍ស្ងប់ហើយនោះ អ្នកអាចមានកំលាំងចិត្ត ប្រឈមមុខ​នឹងរឿងអាក្រក់តែម្តង ដោយមិនភ័យខ្លាច ដោយមិនបារម្ភ។ អ្នកអាចលូកដៃចូលជួយ តាមតែសមត្ថភាពអ្នក តែមិនមែន​ជួយដោយសារអ្នកខ្លាច ឬស្ត្រេសនោះទេ អ្នកជួយក៏ដោយសារអ្នកសប្បាយនឹងជួយ ដោយសារ​អ្នកមានមេត្តាធម៌ទៅវិញទេ!

រូបពីអត្ថបទដើម៖ Penkuro

                                                

Seang​ Sokcheng
Wapatoa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T